អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George W. Bush អបអរសាទរ​លោក Joe Biden

រូបឯកសារ៖ អតីតប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក George W. Bush និងភរិយាលោកគឺលោកស្រី Laura Bush នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Kennebunkport រដ្ឋ Maine កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក George W. Bush កាលពី​ថ្ងៃ​អាទិត្យ​ បាន​អបអរសាទរ​លោក Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន ដោយ​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ «ទទួល​បាន​ឱកាស​ដើម្បី​ដឹកនាំ​និង​បង្រួប​បង្រួម​ប្រទេស​របស់​យើង»។

លោក Bush ដែល​បាន​ធ្វើ​ជា​ប្រធានាធិបតី​ពី​ឆ្នាំ ២០០១ ដល់​ដើម​ឆ្នាំ ២០០៩ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​លោក​មាន «ទស្សនៈ​នយោបាយ​ខុស​ពី» លោក Biden ក៏ដោយ ក៏​លោក​ជូនពរ​លោក Biden ឲ្យ​ទទួល​បាន «ជោគជ័យ» ហើយ​បាន​សន្យា «ជួយ​ជ្រោមជ្រែង​តាម​ដែល​អាច​ធ្វើ​បាន»។

លោក Bush ក៏​បាន​ទូរស័ព្ទ​ទៅ​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris ដើម្បី​អបអរសាទរ​អ្នកស្រី​ផងដែរ។

លោក Bush បាន​បញ្ជាក់​ថា លោក​អរគុណ​លោក Biden ចំពោះ «សារ​ស្នេហា​ជាតិ» ដែល​លោក Biden បាន​ថ្លែង​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ក្នុង​សុន្ទរកថា​ដែល​លោក Biden បាន​ប្រកាស​អំពី​ជ័យជម្នះ​លើ​ប្រធានាធិបតី​កំពុង​កាន់​តំណែង​លោក Donald Trump។

លោក Bush បាន​ពណ៌នា​ថា ចំនួន​សន្លឹក​ឆ្នោត​ជាង ៧០ លាន​សន្លឹក​ដែល​លោក Trump បាន​ទទួល​ដែល​មាន​ចំនួន​ប្រហែល​ជាង ៤ លាន​សន្លឹក​តិច​ជាង​លោក Biden គឺជា «ជោគជ័យ​ខាង​នយោបាយ​ដ៏​អស្ចារ្យ​មួយ»។

លោក Trump មិន​បាន​សុខចិត្ត​ចុះ​ចាញ់​លោក Biden ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ចំនួន ​ដែល​អះអាង​ពី​ភាព​មិន​ប្រក្រតី​នានា ដែល​បាន​ធ្វើ​ឲ្យ​លោក​ចាញ់​ឆ្នោត។

លោក Bush បាន​និយាយ​ថា លោក Trump «មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ដាក់​ពាក្យ​បណ្ដឹង ហើយ​បញ្ហា​មិន​ទាន់​ដោះស្រាយ​ណា​មួយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ»។

លោក​បាន​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​អាមេរិកាំង​អាច​មាន​ទំនុកចិត្ត​ថា ការ​បោះឆ្នោត​នេះ​មាន​យុត្តិធម៌ សុចរិតភាព​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​បាន​គេ​គោរព ហើយ​លទ្ធផល​បោះឆ្នោត​គឺ​មាន​ភាព​ច្បាស់លាស់»៕