អតីត​តំណាងរាស្ត្រ​​គណបក្ស​សាធារណរដ្ឋ​លោក Justin Amash ​ពិចារណា​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក

រូបឯកសារ៖ លោក Justin Amash ចូលរួមក្នុងសវនាការមួយនៅរដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

សមាជិក​សភា​សហរដ្ឋ​អាមេរិក លោក Justin Amash ថ្លែង​ថា លោក​កំពុង​ពិចារណា​អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រកួត​យក​តំណែងប្រធានាធិបតី​ ពី​គណបក្ស​សេរីនិយម ឬ Libertarian Party។

លោក​បាន​ប្រកាស​អំពី​គម្រោង​របស់​លោក​នេះ​ កាល​ពី​ថ្ងៃ​អង្គារ ដោយ​លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ចំពោះប្រធានាធិបតី​មួយ​រូប​ ដែល​នាំ​ពលរដ្ឋ​ទាំង​អស់​ឲ្យ​រួបរួម​គ្នា ​និង​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​ចំពោះ​រដ្ឋធម្មនុញ្ញអាមេរិក។

លោក​ Amash បាន​ទទួល​ចំណាប់​អារម្មណ៍​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៩ នៅ​ពេល​លោក​បានសម្រេច​ចាក​ចេញ​ពីគណបក្ស​សាធារណរដ្ឋ​ ហើយ​ក្លាយ​ជា​តំណាងរាស្ត្រ​ឯករាជ្យ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បក្ស ដោយ​លោក​បាន​យោង​មូលហេតុ​ថា​ លោក​មិន​ពេញ​ចិត្ត​នឹង​ស្ថានភាព​នៃ​នយោបាយ​អាមេរិក​ដែល​បែកបាក់​ជា​បក្ស​ពួក។

លោក Justin Amash ក៏ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ហើយ​បាន​ចូល​រួម​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បោះឆ្នោតចោទ​ប្រកាន់​ដកលោក ដូណាល់ ត្រាំ ពី​តំណែង​ប្រធានាធិបតី។

គណបក្ស​សេរីនិយម​ បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​លោក​តំណារាស្ត្រ Amash ដោយ​រំពឹង​ថា​នឹង​មាន​ការ​ជជែក​ដេញដោល​ខាង​នយោបាយ​ដ៏​ខ្លាំង​ក្លា៕