លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល បានច្រានចោលការចោទប្រកាន់របស់មេដឹកនាំកម្ពុជា និងមេបញ្ជាការកំពូលយោធារបស់ប្រទេសនេះ ដែលបានហៅលោកថា ជា«ជនក្បត់ជាតិ» បន្ទាប់ពីលោកបានធ្វើការអំពាវនាវ ស្នើសុំឲ្យកងទ័ពកុំស្ដាប់តាមបញ្ជាដែលតម្រូវឲ្យបាញ់សម្លាប់ជនស្លូតត្រង់។
សេចក្ដីឆ្លើយតបរបស់លោក សម រង្ស៊ី ទៅនឹងសំណួររបស់ VOA ដែលធ្វើឡើងតាមសារអេឡិចត្រូនិក ឬ Email កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ បានបញ្ជាក់ឲ្យដឹងថា ការអង្វរមិនឲ្យទាហានបាញ់និងសម្លាប់ប្រជារាស្ត្រស្លូតត្រង់ មិនមែនជាទង្វើក្បត់ជាតិ និងការដឹកនាំការបំបះបំបោរនោះទេ។
លោកបានសរសេរក្នុងន័យដើមថា៖
«ការអង្វរកុំឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងនោះមានទាំងពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ ដែលអនុវត្តន៍សិទ្ធិរដ្ឋធម្មនុញ្ញដើម្បីតវ៉ាដោយសន្តិវិធី មិនមែនជាទង្វើក្បត់ជាតិ ឬក៏ជាទង្វើបំបះបំបោរនោះដែរ។ ការណ៍ពិតវាជាទង្វើលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងជាទង្វើមនុស្សធម៌»។
ប្រតិកម្មរបស់លោក សម រង្ស៊ី កើតមានឡើងក្នុងថ្ងៃតែមួយដែលអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គឺនាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី ដែលសូមឲ្យកងទ័ពកុំស្ដាប់បញ្ជាមេ។ មេទ័ពកំពូលរូបនេះ បានហៅលោក សម រង្ស៊ី ថាជាជនក្បត់ជាតិ ហើយទាហានត្រូវតែធ្វើតាមបញ្ជាមេ ទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មាន ធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកាលពីថ្ងៃ ៦ ខែធ្នូ ថា គ្មានពន្លឺណា ដែលទាហាននឹងងើបបះបោរប្រឆាំងនឹងបញ្ជាមេរបស់ផងខ្លួនទេ ព្រោះពួកគេមានវិន័យ និងការដាក់ទណ្ឌកម្មចំពោះទង្វើខុសឆ្គង។
«ខ្ញុំឃើញថា ដោយសារតែកងទ័ពមានអង្គការចាត់តាំងរឹងមាំ មានវិន័យ មិនចេះនរណានិយាយ ចេះតែជឿតាមគេទេ ត្រូវមានមេបញ្ជាការ មានបទបញ្ជា។ អ្នកធ្វើខុសវិន័យក្នុងកងទ័ព ត្រូវតែទទួលទណ្ឌកម្មតាមលក្ខន្តិកនៃកងយោធពលខេមរភូមិន្ទ»។
ក្នុងឃ្លីបវីដេអូមួយដែលមានរយៈពេលជាងបួននាទី ហើយដែលត្រូវបានលោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧ អតីតមេដឹកនាំគណបក្សជំទាស់រូបនេះ ក៏បានរំឭកដល់បដិវត្តន៍នៅប្រទេសអេហ្ស៊ីប ដែលកងទ័ពនៃប្រទេសនោះ នៅនាទីចុងក្រោយ មិនស្ដាប់បញ្ជាលោកប្រធានាធិបតី Hosni Mubarak ឲ្យសម្លាប់អ្នកតវ៉ា ដើម្បីរក្សាអំណាចដែលលោកបានកាន់បីទសវត្សរ៍មកហើយនោះ។
បន្ទាប់ពីបានដឹងអំពីការថ្លែងបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានកើតក្ដីខឹងសម្បារនឹងលោក សម រង្ស៊ី ហើយបានអញ្ជើញឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ វិលចូលមកក្នុងប្រទេសដើម្បីប្រឈមនឹងការណ៍ពិត។
ក្នុងពិធីជួបជុំកម្មករដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា សេចក្ដីអធិប្បាយរបស់លោក សម រង្ស៊ី ទាំងនេះហើយ ជាដើមចមនៃសង្គ្រាមក្នុងស្រុកដែលអាចនឹងកើតឡើងជាថ្មី។
លោកបានប្រាប់ក្រុមកម្មករបន្តថា វត្តមានលោក គឺជាឆ្អឹងទទឹងកររបស់អ្នកស្រែកឃ្លានអំណាច ហើយថា បើមិនមានលោកដឹកនាំប្រទេសទេ សន្តិភាពនឹងរលាយសាបសូន្យទៅមិនខាន។
លោក ហ៊ុន សែន ថ្លែងថា៖
«ម្នាក់នេះ គឺជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្ដើមអំណាចរបស់ពួកគេ តាមផ្លូវងងឹត ដូច្នេះ មានវត្តមានហ៊ុន សែន គឺមានវត្តមានសន្តិភាព។ នេះគឺជារឿងពិត មិនមែនជារឿងក្លែងក្លាយ ហើយលើកខ្លួនឯងនោះទេ»។
លោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធដោយបណ្ដឹងព្រហ្មទណ្ឌជាច្រើន ដែលប្ដឹងដោយមេដឹកនាំកម្ពុជា បានបើកការវាយប្រហារមកលើគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាប្រចាំ បន្ទាប់ពីលោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥។
ការបញ្ជាក់របស់មេធាវីតំណាងឲ្យកងទ័ពកម្ពុជា បានឲ្យដឹងថា បណ្ដឹងព្រហ្មទណ្ឌរបស់កងទ័ពកម្ពុជា ត្រូវបានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។ តែ លោក សម រង្ស៊ី ហាក់មិនអើពើនឹងបណ្ដឹងនេះ ដោយលោកថែមទាំងជំរុញឲ្យលោក ហ៊ុន សែន ប្ដឹងលោកបន្តទៀត។
លោក សម រង្ស៊ី ថ្លែងសង្កត់ធ្ងន់លើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៦ ខែធ្នូថា៖
«រាល់ពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ឈរលើការចោទប្រកាន់បែបនេះ ធ្វើឲ្យសាធារណមតិ មើលឃើញកាន់តែច្បាស់ថែមទៀតថា លោក ហ៊ុន សែន ជាជនផ្ដាច់ការ ហើយជាមនុស្សល្ងង់ខ្លៅ»។
ក្រៅពីប្ដឹងលោក សម រង្ស៊ី កងទ័ពកម្ពុជា ក៏ធ្លាប់បានព្រមានវាយកម្ទេចចោលអង្គការចាត់តាំង ក្រុមឬបុគ្គលណាក៏ដោយ ដែលធ្វើសកម្មភាពបំផុសបំផុល ឲ្យមានចលនាបដិវត្តន៍ពណ៌ផងដែរ ដែលបានបង្កការខូចខាត និងសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសជាច្រើន។
ប៉ុន្តែ អ្នកវិភាគធ្លាប់បានលើកឡើងថា ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ មិនតម្រូវឲ្យប្រជាពលរដ្ឋខ្មែរក្រោកឈរធ្វើបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ហើយអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាននោះគឺ ការដឹកនាំប្រកបដោយការទទួលខុសត្រូវ មានតម្លាភាព និងគ្មានការប្រព្រឹត្តអំពើពុករលួយជាដើម៕