ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រាយ​ការណ៍​ពី​អំពើ​ហិង្សា​ក្នុង​ខេត្ត​ព្រះសីហនុ​ទៅ​ក្រុម​មេ​ដឹកនាំ​សហភាព​អឺរ៉ុប

រូបឯកសារ៖ លោក ពៅ សារ័ត្ន អាយុ២៨ឆ្នាំ រងរបួសដោយសារគ្រាប់កាំភ្លើងនៅកន្លែងប្រជាពលរដ្ឋតវ៉ា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រូបភាពពីអង្គការលីកាដូ)

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ បាន​ដាក់​លិខិត​ទៅ​កាន់​មេ​ដឹក​នាំ​គោល​នយោបាយ​ និង​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​ រៀប​រាប់​ពី​ហេតុ​ការណ៍​វាយ​បង្ក្រាប​មួយ​​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់។

ក្រុម​តំណាង​រាស្ត្រ​ចំនួន​១៧​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​តុលាការ​ខ្មែរ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ​ បាន​ដាក់​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នាបញ្ជាក់​ប្រាប់​ក្រុម​មេ​ដឹកនាំ​គោល​នយោបាយ​ និង​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប ​អំពី​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ បង្ក​ដោយ​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​បញ្ជាក់​ការ​គាំទ្រ​ដល់​ជំហរ​នយោបាយ​របស់​ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ក្នុងការ​បន្ត​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ជន​ណា​ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លិខិត​របស់​ក្រុម​តំណាង​រាស្ត្រ​ទាំង​១៧​នាក់ ក្នុង​នោះ​មាន​លោក​សម​ រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកស្រី​មូរ​ សុខហួរ​ អនុប្រធាន​គណបក្ស​នេះ​ បាន​ពណ៌នា​ការ​វាយប្រហារ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​មក​លើ​ជន​ស៊ីវិល​ដែល​បាន​កើតឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ទី​ដែល​មាន​ជម្លោះ​ដីធ្លី​រវាង​ក្រុម​ពលរដ្ឋ​ និង​ឧកញ្ញ៉ា​ដ៏មាន​ឥទ្ធិពល​មួយ​រូប​គឺ​លោក​ស៊ី គង់ទ្រីវ​ ​ដែល​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លិខិត​ដែល​បាន​ផ្ញើ​ជូន​ប្រធាន​កិច្ចការ​នយោបាយ​បរទេស​សហភាព​អឺរ៉ុប ​គឺ​អ្នក​ស្រី ​Federica Mogherini ​និង​អ្នកស្រី​ Cecilia Malmstrom​ ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នោះ​ បានរ៉ាយរ៉ាប់​ថា​ ឧបទ្ទវេហេតុ​នៃ​ជម្លោះ​ដីធ្លី​ដ៏​ហិង្សា​ថ្មីៗ​មួយ​បាន​កើត​ឡើង​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។​ មនុស្ស​ប្រាំនាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ​តែ​ក្រោយ​មក​ត្រូវបាន​ដោះ​លែង​វិញ​ បន្ទាប់​ពីពួក​គេ​ត្រូវ​បាន​អូស​ និងរុញ​ច្រាន​យ៉ាង​ឃោរឃៅ​ដោយ​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ហើយ​មនុស្ស​ម្នាក់​ទៀតបាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រាប់​កាំភ្លើង។

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​មូរ​ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បានប្រាប់ ​VOA ​តាម​សារ​ឆ្លើយ​ឆ្លង​អេឡិចត្រូនិក​មួយ​ថា​ ការ​ប្រព្រឹត្ត​ដ៏​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ចនឹង​ធ្វើ​ឲ្យ​កម្ពុជា​រឹតតែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តាម​កម្ម​វិធី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ហៅថា​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ឬ EBA។​

«អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​ករណី​យក​ដី​ប្រជា​ពលរដ្ឋ​នេះ​ហើយ​គឺ​ជា​ករណី ​ដែល​សហគមន៍​អឺរ៉ុប​ គេ​ដាក់​ជា​លក្ខខណ្ឌ​ ដោះ​ដើម្បី​ក្នុង​ករណី​ ដែល​អាច​គេ​ព្យួរ​ EBA»។​

អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​អះអាង​ថា​ ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​បាន​បាត់​ឱកាស​ក្នុង​ការរក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​មាន​សារៈសំខាន់​នេះ​ ដោយ​សារ​តែ​អាជ្ញាធរ​កម្ពុជា​បាន​បន្ត​ប្រើ​ហិង្សា​យ៉ាង​កាច​សាហាវ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​របស់​ខ្លួន​ម្តង​ហើយ​ម្តងទៀត។​

លិខិត​របស់​ក្រុម​តំណាង​រាស្ត្រ​ទាំង​១៧​នាក់ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​វិធានការ​របស់​ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​លោក​ Ted Yoho​ ​ដែល​បាន​ព្យាយាម​រំឭក​ឡើង​វិញ​នូវ​ច្បាប់​មួយ​ដើម្បី​ជួសជុល​ការ​ខូច​ខាត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

កាល​ពីដើម​ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅនោះ​ ​លោក​ Ted Yoho​ ​ អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ​ផ្លរីដា​នៃ​គណបក្ស​សាធារណ​រដ្ឋ​ បាន​ដាក់​សេចក្តី​ស្នើ​«ច្បាប់ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​‍​នៅ​កម្ពុជា‍​»នេះ​ចូល​សភា​តំណាងរាស្រ្ត​ឡើងវិញ។​

សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ការ​ចូលរួម​គាំទ្រ​ដោយ​លោក ​Alan Lowenthal ​អ្នក​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​លោក​ Eliot Engel​ ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការបរទេស​នៃ​សភា​តំណាងរាស្ត្រ​ និង​លោក​ Michael T. McCaul ​អ្នក​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​តិចសាស​ និង​ជា​ប្រធាន​ក្រុម​សាធារណរដ្ឋ​នៃ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស។​

សេចក្តី​ស្នើ​«ច្បាប់ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»​នេះ​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ និង​សេដ្ឋកិច្ច​លើ​ជនណា​ដែល​បាន​ចូលរួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​ចង​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​នឹង​សិទ្ធិ​មនុស្ស។​

លោក​ Ted Yoho​ ​ដែល​មកពី​គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ប្រាប់​ VOA​ កាល​ពី​ពេល​កន្លមក​ថា៖​

«គោល​នយោបាយ​របស់​យើង ​គឺ​យើង​ចង់​ធ្វើ​ពាណិជ្ជ​កម្ម​ដោយ​ឈរ​លើ​មូលដ្ឋាន​យុត្តិធម៌។ ​ប្រសិន​បើ​ពួក​គេ​ចង់​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ ​ពួកគេ​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ ​ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ពួកគេ។​ ប្រសិន​បើ​ពួកគេ​មាន​សិទ្ធិ​មនុស្ស​មិន​ល្អ ​ហើយ​គាប​សង្កត់​ការ​បោះឆ្នោត​ គឺ​ពួក​គេ​មិន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ​ ហើយ​ដូច្នេះ​សម្ពាធ​នឹង​ដាក់​លើ​ពួក​គេ។ ​លោក​ហ៊ុន សែន ​ត្រូវ​តែ​សម្រេច​ថា ​គាត់​ចង់​ធ្វើ​អ្វី‍»។​

អ្នក​ស្រី​មូរ​ សុខហួរ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នកស្រី​បាន​ស្នើ​សុំ​ក្រុម​តំណាងរាស្ត្រ​សភា​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ឈ្មោះ​សេដ្ឋី​កម្ពុជា​ពីរនាក់គឺ​លោក​ស៊ី គង់ទ្រីវ​ និង​លោក​ឡៅ​ ម៉េងឃីន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រវត្តិ​មិនល្អ​របស់​ជនមាន​អំណាច​ និង​ទ្រព្យ​ទាំង​ពីរ​នាក់​នេះ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ព្រះសីហនុ​ ខេត្ត​រតនគីរី​ និង​ខេត្ត​មណ្ឌល​គិរី។​

បន្ថែម​លើ​ការ​បង្ហាញ​ក្តីបារម្ភ​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា​នោះ​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៧នាក់​ក៏​បាន​ស្នើសុំ​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​ផ្តល់​សក្ខីកម្ម​អំពី​បញ្ហា​រំលោភ​សិទ្ធិនេះ​នៅ​ចំពោះ​មុខ​ក្រុម​មេ​ដឹកនាំ​នៃ​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ម្តង​ទៀត​ផង​ដែរ។

VOA ​មិន​ទាន់អាច​ទាក់​ទងសុំ​ការ​អធិប្បាយ​ពី​សេដ្ឋីខ្មែរ​ទាំងពីរ​នាក់នេះ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ VOA ​ក៏មិន​ទាន់​អាច​ទាក់​ទងលោក​យន្ត​ មីន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ហេតុ​ការណ៍​ដ៏​ហិង្សា​ ដែល​បាន​កើត​ឡើង​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នោះ បាន​កើត​ឡើង​ គ្រា​ដែល​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​បានហក់​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​១២ខែ​ចុង​ក្រោយ​នេះ​ ​ដោយសារ​តែ​ការ​វិនិយោគ​របស់​ចិន​យ៉ាងក្រាស់​ក្រែលនៅ​ក្នុង​ខេត្តជាប់​មាត់​សមុទ្រ​ដែល​ស្ថិត​នៅភាគ​និរតី​របស់​ប្រទេស​កម្ពុជា។​

នេះ​បើ​យោង​តាម​លិខិត​ដដែល​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ក្រោម​បទ​ចោទ​ថា ​គណបក្ស​នេះ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ៕