លោក Stephen Hadley ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីអាមេរិកលោក George W. Bush ក្នុងអាណត្តិទីពីររបស់លោកបាននិយាយថា ប្រទេសចិនបានផ្លាស់ប្តូរពីចង់ចូលជាផ្នែកមួយនៃប្រព័ន្ធអន្តរជាតិនៅចុងបញ្ចប់នៃរដ្ឋបាលលោក Bush ទៅជាព្យាយាមកែប្រែប្រព័ន្ធអន្តរជាតិនេះ ក្នុងពេលបច្ចុប្បន្ន។
កាលពីខែកុម្ភៈ លោក Hadley បានបោះពុម្ពសៀវភៅរបស់លោកដែលមានចំណងជើងថា «Hand-Off» ស្តីពីគោលនយោបាយការបរទេសដែលលោក George W. Bush បានប្រគល់ជូនលោក Barack Obama។ ហើយនៅថ្ងៃអង្គារ ទី២៣ ខែឧសភាកន្លងទៅនេះ លោក Hadley ចូលផ្តល់ការអត្ថាធិប្បាយស្តីអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ឬ Center for Strategic and International Studies (CSIS) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Hadley បាននិយាយថា រដ្ឋបាលលោក Bush បានប្រឈមមុខនឹងប្រទេសចិនដែលមានលក្ខណៈទន់ភ្លន់ច្រើនជាងពេលបច្ចុប្បន្ន។
លោក Hadley ដែលជាអ្នកឯកទេសជាន់ខ្ពស់បំផុតម្នាក់នៃគោលនយោបាយការបរទេសអាមេរិកក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ បាននិយាយថា៖
«ប្រទេសចិនដែលយើងប្រឈមមុខជាមួយពេលនោះគឺជាប្រទេសចិនដែលចង់បានបរិយាកាសអន្តរជាតិដ៏ទន់ភ្លន់មួយ ដែលអនុញ្ញាតិឱ្យខ្លួនអាចផ្តោតលើការអភិវឌ្ឍក្នុងស្រុករបស់ខ្លួន»។
លោក Hadley បន្តថា៖ «ពេលនោះចិនមិនចង់ផ្តួលរំលំប្រព័ន្ធអន្តរជាតិនោះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធអន្តរជាតិនោះ។ ពេលនោះ ចិនចង់បានទំនាក់ទំនងបែបស្ថាបនាជាមួយសហរដ្ឋអាមេរិក។ ហើយយើងបានព្យាយាមបង្កើតទំនាក់ទំនងនោះជាមួយប្រទេសចិន»។
នៅក្នុងទសវត្សរ៍១៩៧០ លោក Deng Xiaoping (តេង ស៊ាវពីង) ដែលត្រូវបានចាត់ទុកថាជាស្ថាប និកនៃប្រទេសចិនសម័យទំនើប បានចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចប្រទេសចិនដោយទទួលយកគំរូសេដ្ឋកិច្ចទីផ្សារសេរី ខណៈដែលនៅរក្សាគំរូនយោបាយរបបផ្តាច់ការឯកបក្ស។ កំណែទម្រង់នេះ បាននាំឱ្យប្រទេសចិនបើកទូលាយទៅកាន់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយសម្រេចបាននូវអត្រាកំណើន GDP ពីរខ្ទង់ក្នុងរយៈពេលជាង៣០ឆ្នាំ ដោយក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតរបស់ពិភពលោក។ សព្វថ្ងៃនេះ ចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោក។
លោក Hadley បាននិយាយថា យុទ្ធសាស្ត្រ «ពួននិងរង់ចាំ» ឬ «Hide and Bide» របស់លោក Deng Xiaoping ដែលដឹកនាំប្រទេសចិនឱ្យកសាងអំណាចរបស់ខ្លួន ខណៈពេលដែលលាក់ខ្លួនពីការទទួលខុសត្រូវដឹកនាំអន្តរជាតិ ត្រូវបានបន្តអនុវត្តក្នុងជួរថ្នាក់ដឹកនាំចិនរហូតដល់លោក Xi Jinping ឡើងកាន់អំណាចក្នុងឆ្នាំ ២០១២។
លោក Hadley និយាយថា លោក Xi មានទស្សនៈថា «លោកខាងលិចកំពុងធ្លាក់ចុះ» ហើយ«សហ រដ្ឋអាមេរិកក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ»។
លោក Hadley បានបន្ថែមទៀតថា៖ «លោក Xi បានត្រៀមខ្លួនដាក់បង្ហាញអំណាចរបស់លោកជាអន្តរជាតិ ហើយបន្ទាប់មកប្រើអំណាចនោះដើម្បីបំភិតបំភ័យប្រទេសជិតខាង និងប្រទេសផ្សេងទៀត ដោយវិស័យការទូតស៊ីជម្រៅ កម្លាំងសេដ្ឋកិច្ច និងសមត្ថភាពយោធា»។
ស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបដិសេធលើការលើកឡើងរបស់លោក Hadley។ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនបានប្រាប់ VOA តាមសារអ៊ីមែលកាលពីថ្ងៃសៅរ៍ថា៖ «ចិនជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ យើងតែងតែការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលគាំទ្រដោយគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោក Dennis Wilder ដែលជាសហការីជាន់ខ្ពស់នៃគម្រោងកិច្ចសន្ទនាអាមេរិក-ចិនលើបញ្ហាសកលនៅសាកលវិទ្យាល័យ Georgetown ធ្លាប់បានបម្រើការជាជំនួយការពិសេសសន្តិសុខជាតិរបស់លោកប្រធានាធិបតី George W. Bush។ លោក Wilder បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយបន្ទាប់ពីការអត្ថាធិប្បាយរបស់ Stephen Hadley ថា រដ្ឋបាលលោក Bush «បានព្យាយាមស្វែងយល់ពីលោក Xi Jinping» ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ខ្លួនជាមួយ លោក Xi Jinping។
លោក Wilder និយាយថា៖ «នៅពេលដែលយើងទៅចូលរូមកម្មវិធីអូឡាំពិកឆ្នាំ ២០០៨ លោក Xi Jinping ពេលនោះជាអ្នកទទួលបន្ទុកដឹកនាំកីឡាអូឡាំពិក... វាគឺជាកិច្ចប្រជុំដ៏គួរឱ្យធុញបំផុតមួយដែលខ្ញុំបានចូលរួម។ លោក Xi Jinping មិនបានបង្ហាញអ្វីទាំងអស់។ គាត់មិនបញ្ចេញចរិតពិតទេ។គាត់មិនប្រាប់យើងអ្វីទាំងអស់អំពីខ្លួនគាត់។ គាត់មិនបង្ហាញគោលបំណងរបស់គាត់ទេ។ ហើយនេះជារបៀបដែលគាត់បានឈានឡើងដល់កំពូលនៃប្រព័ន្ធនយោបាយចិន។ គឺគាត់លាក់សន្លឹកបៀរបស់គាត់»។
លោក Wilder បានបន្ថែមថា មនុស្សជាច្រើនបានគិតថា លោក Xi Jinping គឺ គ្រាន់តែជា «មេដឹកនាំចិនដែលចង់បន្តឲ្យមានកំណែទម្រង់» ម្នាក់ទៀតប៉ុណ្នោះ ប៉ុន្តែគ្រប់គ្នាបានភ្ញាក់ផ្អើលដោយសារ លោក Xi។
ចិនក្រោមការដឹកនាំរបស់លោក Xi Jinping ត្រូវបានសហរដ្ឋអាមេរិកមើលឃើញថា ជាបញ្ហាប្រឈមយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ខ្លួន។ យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ដែលបានបោះពុម្ពផ្សាយនៅខែតុលា ឆ្នាំ ២០២២ ចែងថា៖ «សាធារណរដ្ឋប្រជាមានិតចិនរក្សានូវចេតនា និងសមត្ថភាពកាន់តែខ្លាំងឡើងក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ដើម្បីជាប្រយោជន៍ដល់ខ្លួន»។
អ្នកស្រី Bonny Lin នាយកគម្រោងអំណាចចិននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ បាននិយាយនៅកិច្ចពិភាក្សាដដែលថា សហរដ្ឋអាមេរិកឥឡូវនេះមិនអាចទាក់ទងជាមួយប្រទេសចិន ដូចក្នុងអំឡុងពេលរដ្ឋបាល លោក Bush បាននោះទេ។ ប៉ុន្តែអ្នកស្រីបានបន្ថែមថា មាន «ការបន្តសង្កត់ធ្ងន់ឲ្យលោកប្រធានាធិបតី Biden អាចនិយាយដោយផ្ទាល់ជាមួយលោក Xi»។
អ្នកស្រី Lin ថ្លែងថា៖
«ដោយមើលឃើញថា ចិនមានអំណាចក្តាប់ខ្លាំងប៉ុនណានៅក្រោមលោក Xi ខុសពីពេលក្រោមការដឹកនាំរបស់លោក Hu Jintao ដែលដើរក្នុងទិសដៅផ្ទុយដោយស្វាគមការដឹកនាំសមូហភាពក្នុងប្រព័ន្ធអន្តរជាតិ ការរក្សាចំណងទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក Biden និង លោក Xi គឺមានសារៈសំខាន់យ៉ាងខ្លាំង។
លោក Hadley បាននិយាយថា គោលនយោបាយការបរទេសរបស់រដ្ឋបាល លោក Bush ដែលបន្ទាប់មកត្រូវបានប្រគល់ទៅឲ្យរដ្ឋបាល លោក Obama គឺព្យាយាមសហការ និងធ្វើការជាមួយប្រទេសចិន និង«នាំប្រទេសចិនចូលទៅក្នុងប្រព័ន្ធអន្តរជាតិ» ប៉ុន្តែការផ្លាស់ប្តូររបស់ចិនទៅកែប្រែប្រព័ន្ធនេះ មិនមែនជាអ្វីដែលសហរដ្ឋអាមេរិកអាចគ្រប់គ្រងបាននោះទេ។
លោក Hadley និយាយថា៖ «អ្នកណាដឹកនាំប្រទេសពិតជាសំខាន់។ ហើយខ្ញុំគិតថា ប្រសិនបើប្រទេសចិនបានសម្រេចចិត្តក្នុងឆ្នាំ ២០១២ ជ្រើសរើសមេដឹកនាំប្រភេទ លោក Jiang Zemin ឬ លោក Hu Jintao ហើយយើងមានមេដឹកនាំចិននោះសម្រាប់ឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ខ្ញុំគិតថា ប្រទេសចិននឹងស្ថិតនៅក្នុងជំហរខុសគ្នាខ្លាំងពីពេលបច្ចុប្បន្ននេះ។ ហើយទំនាក់ទំនងរបស់អាមេរិកជាមួយចិននឹងមានភាពខុសគ្នាខ្លាំងពីពេលបច្ចុប្បន្ននេះ»៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានបន្ថែមត្រង់កថាខណ្ឌទី១០ ក្រោយពីវីអូអេខេមរភាសាបានទទួលការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក។