អតីត​ទាហាន​ខ្មែរ​ក្រហម​ផ្តល់​សក្ខី​កម្ម​អំពី​ទារុណកម្ម​នៅ​ព្រលាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង

រូបឯកសារ៖ សាលសវនាការនៃសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម។

សាក្សី​ពីរ​រូប ដែលធ្វើ​ការ​នៅ​ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​សម័យ​ខ្មែរក្រហម បានប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មេដឹក​នាំ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​បាន​លាក់​ទុក​ជា​សម្ងាត់​នូវការសាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ជាទី​កន្លែង​ដែល​មាន​ការធ្វើ​ទារុណ​កម្ម ​និង​ការបាត់​បង់​ជីវិតនៅ​ពេល​កំពុង​ធ្វើការ។​

លោក​សែម ហឿន​ ដែល​បាន​ផ្តល់​សក្ខី​កម្ម​តាំង​ពីថ្ងៃ​ច័ន្ទ​ទាក់​ទង​នឹង​ផែន​ការ​សម្ងាត់​ដើម្បី​វាយ​ផ្តួល​រលំ​របប​ខ្មែរក្រហម​ដោយ​កម្លាំង​នៅ​ភូមិ​ភាគ​បូព៌ា​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៧៧ ​បាន​ប្រាប់​អង្គ​សវនាការ​ថា ​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ឯ​ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​បន្ទាប់ពី​រូប​លោក​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ក្នុង​ផែន​ការ​ក្បត់​នេះ។

លោក​សែម ហឿន​ អតីត​យុទ្ធជន​នៅ​កងពល​លេខ​៣១០​ក្នុង​ភូមិ​ភាគ​បូព៌ា​គ្រប់​គ្រង​ដោយ​លោក​សោ ភឹម​ បាន​ឲ្យ​ដឹង​ថា​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​ដើម្បី​ធ្វើការ​លុតដំ​ ហើយ​ថា​ ការ​លុត​ដំនេះ​គឺ​ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​ ដោយ​លោក​ត្រូវបាន​គេ​បង្គាប់​ឲ្យធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ទីនោះ។

«ខ្ញុំ​សូម​រាយ​ការណ៍​បញ្ជាក់​ដែល​បញ្ជូន​រូប​ខ្ញុំ។ ​គ្រប់​បុគ្គល​គឺ​ជា​បុគ្គល​គេ​យក​ទៅ​ដើម្បី​លុត​ដំនៅ​កន្លែង​ព្រលាន​យន្ត​ហោះ​ហ្នឹង​ឯង​ ព្រោះ​កន្លែងព្រលាន​យន្តហោះ​កំពង់​ឆ្នាំង​ធ្វើ​ទាំង​យប់​ធ្វើ​ទាំង​ថ្ងៃ។ ​អញ្ចឹងជា​កន្លែង​មួយ​ខ្ញុំ​ថា​ ដូច​ជា​កន្លែង​គេ​ដាក់​ទារុណ​កម្ម​ក៏​បាន​ កន្លែង​លុត​ដំ​ក៏​បាន»។​

អតីត​យុទ្ធជន​រូប​នេះ​បាន​បន្ត​ទៀត​ថា​ មាន​អ្នក​ជំនាញ​ការ​ វិស្វករចិន​ប្រមាណ​ជា​៥០០​ទៅ​៦០០​នាក់បាន​មើល​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​បច្ចេកទេស​ក្នុង​ការដ្ឋាន​សាងសង់​ព្រលាន​យន្ត​មួយ​នេះ​ ដែល​សង់​ក្នុង​ស្ថានភាព​អាថ៌​កំបាំង។​ ​ លោក​បញ្ជាក់​ថា ព្រលាន​យន្តហោះ​នេះ​គឺ​សង់​ឡើង​ដើម្បី​ការពារ​ប្រទេស។​

«ព្រលាន​យន្តហោះ​នេះ​គឺ​មាន​តែកម្លាំង​ទ័ពដែល​មាន​សមាសភាព​មិន​ល្អ​នោះ​ទេ។ ​ប៉ុន្តែ​ចំណែក​ប្រជាជន​គឺ​អត់​មាន​មក​ជំពាក់​ជំពិន​កន្លែង​ហ្នឹង​ទេ។​ អញ្ចឹង ខ្ញុំ​ចាំច្បាស់»។​

លោក​ហ៊ីម ហន​ អតីត​យុទ្ធជន​ម្នាក់​ទៀត​មកពី​កងពល​លេខ​៣១០​ដូច​គ្នា​ បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ដែរ​ថា ​ពលករ​ដែល​ធ្វើ​ការ​នៅ​ការ​ដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​នេះ​បាន​ស្លាប់ដោយ​ឧបករណ៍​បំបែក​ថ្ម​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ។​

«មនុស្ស​ដែល​ស្លាប់​នឹង​អម្បែង​ខ្ទាត​ត្រូវ​នោះ​គឺ​មាន​ស្ទើរ​រាល់​ថ្ងៃ។​ ការណ៍​អម្បែង​ថ្ម​ផ្ទុះ​ខា្ចយ​ខ្ទាត​មក​ត្រូវ​នោះ​មិនមែន​គេ​វាយ​នឹង​ញញួរ​តូច​តាច​ទេ​ គឺ​គេ​ដាក់​ឈ្នាន់​ផ្ទុះ​ថ្ម​ហ្នឹង​តែម្តង​ ហើយ​អ្នក​ដែល​យក​ឈ្នាន់​ទៅ​ដាក់​ ហើយអុជ​រត់​មក​វិញ​ទាន់ ​មិន​ទាន់ ​អម្បែង​ថ្ម​ធ្លាក់​មក​ចំ​ងាប់​បណ្តោយ។​ អាហ្នឹង​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ខ្ញុំ​ ហើយ​ក្រៅ​ពីនោះ​ គេ​និយាយ​ប្រាប់​តៗ​សឹង​រាល់​ថ្ងៃ។​ មិន​ថា​ ព្រឹក​ មិន​ថា​ ល្ងាច​ទេ​ ឲ្យ​តែ​ចុចឈ្នាន់​ផ្ទុះ​គឺ​មាន​គ្រោះ​ថ្នាក់​ហើយ​ បើ​មិន​ស្លាប់​ក៏​របួស​ធ្ងន់​ ហើយ​របួស​នោះ​គេ​យក​ទៅ​ដេក​នៅកំពង់​ឆ្នាំង។​ ប៉ុន្តែ​ទៅ​ជា​យ៉ាងណាៗ​ ​ខ្ញុំ​ក្តាប់​មិន​បាន​ទេ»។​

លោក​បាន​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ដឹង​ទៀត​ថា​ ពលករ​ជា​ច្រើន​បាន​បាត់​ខ្លួន​ផង​ដែរ​ នៅ​ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់នៅ​ការ​ដ្ឋាន​ ដោយ​លោក​ពន្យល់​ថា​ ពលករ​ដែល​ទៅ​មើល​អ្នក​ទទួល​គ្រោះ​ថ្នាក់​នោះ​ ត្រូវ​បាន​គេ​យក​ចេញ​ពី​ការដ្ឋាន។

«ការណ៍​គ្រោះ​ថ្នាក់​នេះ​ បើ​ឡាន​ពេទ្យមក​ទាន់​ គេ​ក៏​លើក​ដាក់ឡាន​ពេទ្យ ​ហើយក៏​ទៅៗ។​ បើ​ឡាន​ពេទ្យ​មិន​នៅ​ទេ​ នៅ​រង់​ចាំ​តែ​ម្នាក់​ឯង​ដូចសត្វ​ធាតុ​អញ្ចឹង​ ​គ្មាន​នរណា​ទៅ​ឈរ​មើល​ឬ​ក៏​ដោយ​ប្រការ​ណាមួយ​ទេ​ ព្រោះ​ពេល​ដែល​មុនៗ​មក​ ខ្ញុំ​ឃើញ​អ្នកណា​ដែល​ទៅឈរ​មើល​អ្នក​រងគ្រោះ​របួស​ អ្នក​នោះ​ឯង​ត្រូវ​បាន​បាត់ខ្លួន។​ តែត្រូវ​គេយក​ទៅ​ណា​មិនដឹង​ទេ ​តែបាត់​បាត់។ ​បើ​ក្នុង​កង​ហ្នឹង​ធ្លាប់​មាន​១២​នាក់​ មាន​ពីរ​នាក់​ទៅ​ឈរ​មើល​ ពីរ​នាក់ហ្នឹង​បាត់​ខ្លួន​ ​នៅ​សល់​១០​នាក់»។​

លោក​ហ៊ីម ហន​បញ្ជាក់​ដែរ​ថា ​ក្រុម​ខ្មែរក្រហម​ដែល​មើល​ការ​ខុសត្រូវ​នៅ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​នេះ​គឺ​ជាក្រុម​មក​ពី​ភូមិភាគ​នីរតី ​ហើយ​ថា ​ពលករ​ធ្វើការ​នៅ​ទីនោះ​ទទួល​បាន​អាហារ​ហូប​ចុក​មិន​គ្រប់​គ្រាន់​ សូម្បី​តែ​ពេល​ឈឺ​ក៏មិន​ត្រូវ​ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទី​នោះ​ដឹង​ដែរ ដើម្បី​បញ្ចៀស​ពី​សេចក្តី​ស្លាប់។​ លោក​បន្ថែម​ថា​ ពលករ​ជា​ស្រ្តី​ជា​ច្រើន​មក​ពី​ភូមិ​ភាគ​បូព៌ា​ ដែល​ធ្វើ​ការនៅ​ទីនោះ ​បាន​បាត់​ខ្លួន​នៅ​ចុង​ឆ្នាំ​១៩៧៦។​

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរក្រហម​ត្រូវ​ផ្ដួល​រំលំ​ដោយ​កងទ័ព​តស៊ូ​ប្រឆាំង​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​វៀតណាម​នៅ​ថ្ងៃ​ទី​៧​មករា ​ឆ្នាំ​១៩៧៩។​

របប​កុម្មុយនិស្ត​ខោ​អាវ​ខ្មៅ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់ ​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​ការ​គ្រប់​គ្រង​អំណាច​ជាង​បី​ឆ្នាំ។​

មេ​ដឹកនាំ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​គឺ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ។​ ជនជាប់​ចោទ​ទាំង​ពីរ​ត្រូវ​ផ្តន្ទា​ទោស​ម្តង​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ការ​កាត់​ទោស​លើក​ទី១​ ប៉ុន្តែ​បាន​ប្តឹង​សារទុក្ខទៅ​អង្គ​ជំនុំ​ជម្រះ​កំពូល៕​