ក្រោយពីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Lowell រដ្ឋ Massachusetts លោក ចៅ សុខារី អតីតជនភៀសខ្លួនខ្មែរដែលរួចជីវិតពីសង្គ្រាម និងកំព្រាឪពុក ដោយសាររបបប្រល័យពូជសាសន៍ខ្មែរក្រហម បានក្លាយជាចៅហ្វាយក្រុងខ្មែរអាមេរិកាំងដំបូងគេនៅសហរដ្ឋអាមេរិកដែលជាប្រទេសចម្រុះជាតិសាសន៍បំផុតនេះក្នុងពិភពលោក។
លោក ចៅ សុខារី ត្រូវបានសមាជិកក្រុមប្រឹក្សាក្រុងទាំង១១នាក់ ជ្រើសរើសជាឯកច្ឆន្ទកាលពីថ្ងៃចន្ទ ធ្វើជាចៅហ្វាយក្រុងដែលមានជនជាតិខ្មែរច្រើនបំផុតទីពីរស់នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង Long Beach រដ្ឋ California។
អតីតជនភៀសខ្លួនខ្មែរអាយុ៤៩ឆ្នាំនេះ ធ្វើការនៅរដ្ឋបាលសន្តិសុខសង្គមសហរដ្ឋអាមេរិកមុនក្លាយជាចៅហ្វាយក្រុងដែលមានអាណត្តិពីរឆ្នាំ ក្រោយពីលោកបានជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងនៅអាណត្តិទីពីរជាប់ៗគ្នានៅមណ្ឌលសង្កាត់លេខ៦នៃក្រុងនេះ។
ចៅក្រមតុលាការក្រុងឡូវែល លោក Stephen Geary (ឆ្វេង) នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចៅ សុខារី (ទី៥ រាប់ពីស្តាំ) ជាអភិបាលទីក្រុងឡូវែល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឡូវែល រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដោយមានក្រុមគ្រួសាររបស់លោក ចៅ សុខារី ឈរអមជាមួយលោក។
Your browser doesn’t support HTML5
អតីតកុមារភៀសខ្លួនរួចជីវិតពីរបបខ្មែរក្រហម ក្លាយជាខ្មែរទី១ជាប់ជាចៅហ្វាយក្រុង Lowell
ក្រោយពីស្បថចូលកាន់តំណែង លោកបានប្រាប់អ្នកចូលរួមនៅសាលប្រជុំក្រុង Lowell ថា លោកជាជនភៀសខ្លួន ហើយឥឡូវក្លាយជាចៅហ្វាយក្រុងសំខាន់មួយនៅរដ្ឋ Massachusetts ដែលជាទឹកដីផ្តល់ឱកាស ហើយលោកមិនប្រាកដថា ឱកាសបែបនេះ អាចកើតមាននៅកន្លែងផ្សេងទៀតក្នុងពិភពលោកឬទេ។
លោក ចៅ សុខារី បានប្រាប់វីអូអេថា៖ «តាំងពីមក[ដល់អាមេរិក] ខ្ញុំមិនដែលស្មានថា ខ្ញុំ ឬខ្មែរផ្សេងទៀត អាចបានឡើងធ្វើចៅហ្វាយក្រុងនៅសហរដ្ឋអាមេរិកទេ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តមែនទែន។ ខ្ញុំអរគុណ ប្រជាជន អរគុណឪពុកម្តាយខ្ញុំ អរគុណព្រះដែលឱ្យជួយឱ្យខែ្មរមានសំឡេងធំមួយនៅទីក្រុង Lowell យើង ហើយនឹងក្នុងសហរដ្ឋអាមេរិកយើងបាទ»។
ទីក្រុង Lowell មានប្រជាជនរស់នៅជិត១២ម៉ឺននាក់ ហើយមានប្រមាណ២៥% មានដើមកំណើតអាស៊ី ដែលក្នុងនោះមានអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺននាក់។
Your browser doesn’t support HTML5
អ្នកបោះឆ្នោតទាមទារភាពត្រឹមត្រូវក្នុងការជ្រើសតាំងចៅហ្វាយក្រុង Lowell ជាខ្មែរអាមេរិកាំងដំបូង
ទោះបីជាទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ប៉ុន្តែវាកើតមានឡើងក្រោយពី លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងជនជាតិខ្មែរម្នាក់ទៀត ប្រកាសដកខ្លួនមិនឈរឈ្មោះជាចៅហ្វាយក្រុង និងក្រោយពីមានបាតុកម្មពីរលើកប្រឆាំងនឹងលោក ចៅ សុខារី ដោយក្រុមអ្នកតវ៉ាថ្លែងថា លោក នួន វាសនា គួរតែធ្វើជាចៅហ្វាយក្រុងក្នុងអាណត្តិនេះ ព្រោះលោកទទួលបានសំឡេងឆ្នោតប្រជាជនបោះឱ្យច្រើនជាងគេនៅមណ្ឌលទូទាំងក្រុងនេះ និងបានជាប់ជាក្រុមប្រឹក្សាក្រុង៤អាណត្តិមកហើយ។
លទ្ធផលឆ្នោតផ្លូវការបង្ហាញថា លោក នួន វាសនា ទទួលបានការគាំទ្រពីពលរដ្ឋចំនួន ៦១៧៩ សំឡេង និងលោក ចៅ សុខារី ទទួលបាន ៧៦០ សំឡេង ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅនេះ។
លោក អ៊ុង រិទ្ធី អ្នកសម្របសម្រួលការតវ៉ាទាំងពីរលើកនៅមុខសាលាក្រុងបានប្រាប់វីអូអេថា៖
«នេះ ជាការទាមទារឲ្យធ្វើត្រឹមត្រូវ មិនថា ខ្មែរ ឬនរណាទេ។ វាជាការទាមទារថា អ្នកណាធ្វើជាអភិបាលក្រុងល្អជាងគេ។ យើងមកនេះ មិនមែនដើម្បីលោក នួន វាសនា ឬ ខ្មែរទេ។ យើងនិយាយអំពីអ្នកបានសំឡេងឆ្នោតកំពូល ដែលគួរផ្តល់កិត្តិយសជាអភិបាលក្រុង តែក្នុងករណីនេះ ចំលើលោក នួន វាសនា»។
អ្នកស្រី Marissa Dupong ដែលចូលរួមការតវ៉ាគាំទ្រលោក នួន វាសនា បានសរសើរលោក ដែលបានដកខ្លួនពីបេក្ខភាពចៅហ្វាយក្រុង ព្រោះអ្នកតវ៉ា មិនងាយនឹងឈ្នះប្រព័ន្ធជ្រើសរើសចៅហ្វាយក្រុងនេះទេ។ ទោះជាយ៉ាងណា អ្នកស្រីបង្ហាញក្តីសង្ឃឹមថា៖
«ប៉ុន្តែបរិយាកាស បានប្រែប្រួលហើយ ជាពិសេសប្រព័ន្ធបោះឆ្នោតថ្មីដែលអនុញ្ញាតឱ្យមានអ្នកតំណាងច្រើននៅក្នុងក្រុមប្រឹក្សាក្រុង និងទូទាំងរដ្ឋ Massachusetts។ ពេលមានការផ្លាស់ប្តូរអ្វីៗនឹងបានប្រសើរឡើង ហើយជាយថាហេតុគាត់ (លោក នួន វាសនា) នឹងក្លាយជាអភិបាលក្រុង»។
នៅពេលការតវ៉ាជិតដល់ទីបញ្ចប់ លោក នួន វាសនា បានប្រកាសប្រាប់អ្នកគាំទ្រអំពីការសម្រេចដកខ្លួនពីបេក្ខភាពចៅហ្វាយក្រុង។
រូបឯកសារ៖ លោក នួន វាសនា ជាសមាជិកក្រុមប្រឹក្សាប្រចាំទីក្រុង Lowell រដ្ឋ Massachusetts។ (រូបថតផ្ដល់ឲ្យដោយលោក នួន វាសនា)
«រូបភាពមិនល្អសម្រាប់សហគមន៍ នៅពេលដែលយើងខ្វែងគំនិតគ្នាឈ្លោះគ្នា។ ដូច្នេះហើយខ្ញុំសូមអង្វរដល់បងប្អូនទាំងអស់គ្នាថា ខ្ញុំធ្វើនេះ មិនមែនជាអាត្មានិយមទេ។ ខ្ញុំធ្វើនេះដើម្បីសង្គមរបស់យើង ដើម្បីទីក្រុង Lowell ទៅថ្ងៃមុខ។ សូមអរគុណ!»
ទោះជាយ៉ាងណា តាមច្បាប់នៅក្នុងទីក្រុង Lowell គឺសមាជិកក្រុមប្រឹក្សាក្រុងជាអ្នកជ្រើសរើសសមាជិកក្រុមប្រឹក្សាណាម្នាក់ ជាអ្នកដឹកនាំក្នុងតំណែងជាចៅហ្វាយក្រុង គឺមិនមែនជាការបោះឆ្នោតដោយផ្ទាល់ពីពលរដ្ឋទេ។
ការតវ៉ាអំពីការតែងតាំងចៅហ្វាយក្រុងនេះ ធ្វើឡើងចំនួនពីរលើក។ ការតវ៉ាលើកទីមួយកាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ទាមទារជាពិសេសឱ្យក្រុមប្រឹក្សាជ្រើសរើសអ្នកបានសំឡេងច្រើនជាងគេធ្វើចៅហ្វាយក្រុង។ ប៉ុន្តែការតវ៉ាលើកទី២ នៅថ្ងៃទី២ ខែមករា គឺមួយថ្ងៃមុនការជ្រើសរើសចៅហ្វាយក្រុងជាផ្លូវការ អ្នកក្រុង Lowell បានទាមទារជាពិសេសឱ្យពលរដ្ឋជាជាងក្រុមប្រឹក្សាក្រុងជ្រើសរើសអភិបាលក្រុង ក្នុងពេលអនាគត។ ការស្ទង់មតិដែលធ្វើឡើងក្នុងពេលជាមួយគ្នានឹងការបោះឆ្នោតកាលពីខែវិច្ឆិកាបង្ហាញថា ពលរដ្ឋជាង៧៥% ដែលចង់បានដូច្នេះ។ ទោះជាយ៉ាងណា ការកែប្រែនេះ ត្រូវសម្រេចដោយក្រុមប្រឹក្សាក្រុង។
លោកចៅហ្វាយក្រុងជាប់ថ្មីបញ្ជាក់ជំហរថា៖
«ច្បាប់នៅទីក្រុង Lowell នេះ ប្រហែលដូចថ្ងៃមុខថ្ងៃក្រោយ ហើយខ្ញុំក៏គាំទ្រច្បាប់ហ្នឹងដែរថា ឱ្យប្រជាជនបោះឆ្នោតឱ្យចៅហ្វាយស្រុក (ចៅហ្វាយក្រុង) ប៉ុន្តែច្បាប់យើងអនុវត្តថ្ងៃនេះ ចំណាស់ប្រហែលជិត១០០ឆ្នាំហើយដែលក្រុមប្រឹក្សាបោះឆ្នោតជ្រើសរើសអភិបាលក្រុង»។
ការបោះឆ្នោតឆ្នាំ២០២១នេះ បាននាំឲ្យខ្មែរអាមេរិកាំងចំនួនកាន់តែច្រើនបានជាប់ជាសមាជិកក្រុមប្រឹក្សាក្រុង។ ក្នុងនេះ មានលោក យ៉ែម ផលរដ្ឋា ដែលជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងលើកទីមួយក្នុងប្រព័ន្ធបោះឆ្នោតថ្មី បន្ទាប់ពីមិនបានជាប់ឆ្នោតក្នុងការព្យាយាម២អាណត្តិកន្លងមក។
តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានយល់ព្រមតាមសំណើសហគមន៍ឱ្យទាមទារឱ្យមានបេក្ខជនក្រុមប្រឹក្សាឈរឈ្មោះតាមសង្កាត់បន្ថែមលើប្រព័ន្ធចាស់ដែលមានតែបេក្ខជនក្រុមប្រឹក្សាឈរឈ្មោះទូទាំងក្រុង។
លោក យ៉ែម ផលរដ្ឋា បានថ្លែងថា៖
«ហើយខ្ញុំមិននឹងថា នឹងឈរទៀត ប៉ុន្តែដោយសារទីក្រុង Lowell បានរៀបចំប្រព័ន្ធបោះឆ្នោតថ្មីដើម្បីឲ្យមានទីប្រឹក្សាក្រុងតំណាងសង្កាត់នីមួយៗ ហើយនឹងក្រុមប្រឹក្សាបីនាក់ទៀតដែលតំណាងទីក្រុងទាំងមូលបាទ»។
ក្នុងសហរដ្ឋអាមេរិកទីក្រុង Lowell មានអ្នកតំណាងខ្មែរជាប់ច្រើនជាងគេ គឺមានតំណាងរាស្ត្រថ្នាក់រដ្ឋពីររូប សមាជិកក្រុមប្រឹក្សាក្រុងបីរូប ដែលម្នាក់ក្លាយជាអភិបាលក្រុង និងសមាជិកគណៈកម្មការសាលារៀនមួយរូប។
លោក ចៅ សុខារី មានអាយុប្រហែល ៩ ឆ្នាំនៅពេលដែលគ្រួសាររបស់គាត់បានមកតាំងទីលំនៅស្ថាននៅសហរដ្ឋអាមេរិកជាលើកដំបូងនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ដោយមានជំនួយពីវិហារកាតូលិក ហើយគ្រួសាររបស់លោក ក៏មានជំនឿលើសាសនាគ្រិស្ត។ គ្រួសាររបស់លោក បានមករស់នៅក្នុងសហគមន៍ខ្មែរដែលកំពុងរីកចម្រើននៅទីក្រុង Lowell នៅពាក់កណ្តាលទសវត្សរ៍១៩៨០។
លោកបានខិតខំសិក្សា ហើយទទួលបានអាហារូបករណ៍ទៅសាលា Phillips Academy និងទទួលបានអាហារូបករណ៍បន្តទៅមហាវិទ្យាល័យ Macalester ក្នុងទីក្រុង St. Paul រដ្ឋ Minnesota សិក្សាផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ៕