តុលាការប្រឆាំងអំពើពុករលួយនៃប្រទេសឥណ្ឌូណេស៊ី បានកាត់ទោសអតីតរដ្ឋមន្ត្រីកសិកម្មម្នាក់ ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ពីបទជម្រិតប្រាក់ រំលោភអំណាច និងសូកប៉ាន់ទាក់ទងនឹងកិច្ចសន្យារបស់ក្រសួងជាមួយក្រុមហ៊ុនឯកជន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP ។
ករណីនេះបានធ្វើឱ្យខូចជំនឿទុកចិត្តលើលោកប្រធានាធិបតី Joko Widodo ក្នុងការប្រឆាំងនឹងអំពើពុករលួយ។
សមាជិកគណៈរដ្ឋមន្ត្រីរបស់លោក៥នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទពុករលួយ។
អតីតរដ្ឋមន្ត្រីកសិកម្ម លោក Syahrul Yasin Limpo ត្រូវបានរកឃើញថាមានទោស កាលពីថ្ងៃព្រហស្បតិ៍ ក្នុងបទរំលោភអំណាចរបស់លោក ដើម្បីធ្វើឱ្យលោក និង មន្ត្រីឯទៀតកាន់តែមានទ្រព្យធនថែមទៀត។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា លោក Limpo បានទទួលសំណូកចំនួន២លាន៧សែនដុល្លារ។ លោកបានចាយវាយប្រាក់សំណូកនេះ ទៅលើការធ្វើដំណើរឯកជន និងទិញរបស់ប្រើប្រាស់ថ្លៃៗ និងចែកចាយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយ។ លោកបានបដិសេធថាលោកមិនបានធ្វើអ្វីខុសទេ៕