ក្នុងបន្ទប់ដែលមានបិទស្លាកសម្គាល់«នាយកប្រចាំប្រទេស» លោក ទុយ សេរីវឌ្ឍនា កំពុងតែអង្គុយនៅមុខកុំព្យូទ័រផ្ទាល់ខ្លួន ឆ្លើយឆ្លងការងារតាមសារអេឡិចត្រូនិច ឬ Email ជាមួយនឹងមិត្តរួមការងាររបស់លោកនៅផ្នែកឯទៀតនៃផែនដី។
កាលពី៦ឆ្នាំមុនគឺឆ្នាំ២០១០ លោក សេរីវឌ្ឍនា បានក្លាយជាជនជាតិខ្មែរទីមួយដែលបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកគឺ Goldman Environmental Prize ដោយសារតែការប្រឹងប្រែងការពារ អភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា ដោយប្រើវិធីដ៏សាមញ្ញមួយ ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។ លោកត្រូវបានសហគមន៍នានាស្គាល់ ហើយប្រសិទ្ធនាមថាជា «ពូដំរី»។ មួយឆ្នាំក្រោយពីទទួលបានពានរង្វាន់ Goldman លោក ទុយ សេរីវឌ្ឍនា ក៏បានក្លាយជាសមាជិកនៃ National Geographic ក្នុងនាមជា Emerging Explorer (ឬអ្នករុករកជំនាន់ថ្មី) ប្រចាំឆ្នាំ២០១១។
បច្ចុប្បន្នលោកគឺជានាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។ លោកបានធ្វើការនៅអង្គការនេះចាប់តាំងពីលោកមានតួនាទីជាប្រធានកម្មវិធីអភិរក្សដំរី ជាកិច្ចការដែលធ្វើឲ្យលោកទទួលកិត្តិស័ព្ទនៅទូទាំងពិភពលោក។
ក្នុងបន្ទប់របស់អ្នកអភិរក្សបរិស្ថានរូបនេះ មានព្យួររូបថតនៃពូជសត្វ និងរុក្ខជាតិដ៏កម្រ ដែលអង្គការរបស់លោករកឃើញនៅជួរភ្នំក្រវាញ។ លោក ទុយ សេរីវឌ្ឍនាបានប្រាប់ VOA កាលពីសប្តាហ៍កន្លងទៅថា ការងារថ្មីរបស់លោកបានជួយឲ្យលោកធ្វើការ និងមានការទទួលខុសត្រូវធំជាងមុន ក៏ប៉ុន្តែលោកមានពេលតិចជាងមុនក្នុងការចុះតាមសហគមន៍។ លោកនិយាយថា ការងារគម្រោងផ្សេងៗជាច្រើនទៀតរបស់អង្គការលោក ដែលកំពុងដំណើរការនៅកម្ពុជា បានពង្រឹងការគិតរបស់លោកសម្រាប់ការងារអភិរក្សបរិស្ថាន។
«អញ្ចឹងវាធ្វើឲ្យខ្ញុំត្រូវតែបើកចំហការគិតធំជាងមុន ត្រូវតែស្រូបយកចំណេះដឹងថ្មីក្នុងការគិតឲ្យច្រើនជាងមុនទូលំទូលាយជាងមុន។ ការងារទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំរីកចម្រើនរហូតមកដល់សព្វថ្ងៃ គឺខ្ញុំស្វែងយល់បានច្រើនពីបញ្ហាបរិស្ថាន ប្រធានបទថ្មីៗផ្សេងៗទៀត ស្វែងយល់បានច្រើន រៀនបានច្រើន ជាពិសេសក្នុងតួនាទីនេះ យើងរៀនបានច្រើនពាក់ព័ន្ធនឹងផ្នែកភាពជាអ្នកដឹកនាំ» ។
លោក ទុយ សេរីវឌ្ឍនា និយាយថា ការទទួលបានពានរង្វាន់នេះធ្វើឲ្យលោកដើរតួនាទីសំខាន់ក្នុងការជំរុញការងាររបស់លោករហូតមកសព្វថ្ងៃ។ ក៏ប៉ុន្តែ ពានរង្វាន់ពិតប្រាកដសម្រាប់រូបលោកគឺ ការស្រឡាញ់ និងការអភិរក្សបរិស្ថាន។
«ពានរង្វាន់ធ្វើឲ្យយើងល្បី ធ្វើឲ្យយើងជាមនុស្សអស្ចារ្យ។ ប៉ុន្តែរឿងដែលសំខាន់ ដែលអស្ចារ្យបំផុតហ្នឹងគឺឃើញបរិស្ថានរបស់ប្រទេសយើង បរិស្ថាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឬបរិស្ថានពិភពលោកយើងត្រូវបានកែលម្អ ហើយមានភាពសុខដុមរមនាទាំងអស់គ្នា។ អានោះជារឿងជោគជ័យ ជាពានរង្វាន់ដ៏ធំសម្រាប់យើងទាំងអស់គ្នា»។
កាលពីខែមេសាកន្លងទៅ ជនជាតិខ្មែរម្នាក់ទៀតបានទទួលពានរង្វាន់ Goldman នេះជាលើកទីពីរ។ លោក អ៊ុច ឡេង គឺជាមេធាវី និងជាសកម្មជនព្រៃឈើដ៏សកម្មម្នាក់ ដែលបានចំណាយពេលច្រើនឆ្នាំ ស៊ើបអង្កេត ចងក្រងឯកសារអំពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ផលប្រយោជន៍មួយចំណែកធំដែលបានពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា បានធ្លាក់ទៅក្នុងដៃអ្នកមានអំណាច និងជនដែលជិតស្និតនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចាប់តាំងពីឆ្នាំ២០១២មក ក្រៅពីការងារខ្លួនផ្ទាល់ លោក ទុយ សេរីវឌ្ឍនា ក៏ជាសមាជិកសកម្មមួយនៅក្នុងវេទិកាអាស៊ីបៃតង និងជាប្រធានក្រុមប្រឹក្សាក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា។ លោកសង្ឃឹមថា លោកនឹងអាចចែករំលែកចំណេះដឹង បទពិសោធន័កិច្ចការបន្ថែមទាំងនេះ ព្រមទាំងទស្សនវិស្ស័យរបស់ខ្លួនអំពីបរិស្ថានទៅកាន់យុវជនជំនាន់ក្រោយផងដែរ។
ក្នុងអំឡុងពេល២៧ឆ្នាំនេះ ពានរង្វាន់ Goldman បានផ្តល់កិត្តិយសដល់សកម្មជនបរិស្ថានចំនួន១៦៩នាក់មកពីប្រទេសចំនួន៨៣។
ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាកន្លែងដ៏គ្រោះថ្នាក់មួយសម្រាប់សកម្មជនបរិស្ថាន ហើយតែងតែស្ថិតក្នុងលេខរៀងទាប ចំពោះការការពារសុវត្ថិភាពរបស់អ្នកការពារបរិស្ថាន។ នៅក្នុងឆ្នាំ២០១២ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើម្នាក់ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនៃកងរាជអាវុធហត្ថកម្ពុជា ខណៈពេលដែលលោកនាំអ្នកសារព័ត៌មានទៅស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅខេត្តកោះកុង។
ស្រដៀងគ្នានោះដែរ ម្ចាស់ពានរង្វាន់ Goldman ថ្មីសម្រាប់ឆ្នាំ២០១៦នេះ គឺលោកអ៊ុច ឡេងក៏ធ្លាប់បានលាក់ខ្លួន ដោយសារតែលោកបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ក្រោយពីបានទម្លាយការកាប់ព្រៃឈើទំហំធំមួយដោយក្រុមហ៊ុនទ្រីភាព ដែលមានម្ចាស់ក្រុមហ៊ុនជាមនុស្សជំនិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ទុយ សេរីវឌ្ឍនា បានប្រាប់ VOA ថា បើទោះជាការងាររបស់លោកក្នុងការការពារបរិស្ថាន និងសត្វព្រៃទាំងនោះ ប្រកបដោយគ្រោះថ្នាក់ក៏ដោយតែការស្រឡាញ់បរិស្ថាន និងធម្មជាតិដ៏ជ្រាលជ្រៅបានជំរុញចិត្តលោកឲ្យបន្តកិច្ចការងារទាំងនេះតទៅទៀត។
«ពេលដែលយើងធ្វើការកាន់តែខ្លាំង កាន់តែសកម្មនៅផ្នែកនេះ យើងនឹងប្រឈមបញ្ហាជាច្រើន»។
លោកបន្តថា ការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនួញ និងអ្នកការពារបរិស្ថាននឹងធ្វើឲ្យពួកគេមានការយល់គ្នាទៅវិញទៅមក ហើយបរិស្ថាននឹងមានការប្រសើរឡើង។
«ខ្ញុំចង់ឲ្យតួនាទីរបស់ខ្ញុំនេះក្លាយទៅជា ដូចថាទូតមួយឲ្យមនុស្សទាំងពីរក្រុមនេះនិយាយគ្នាហើយមានក្តីស្រឡាញ់ ឈប់ប្រឈមមុខគ្នា ឬការមិនជឿជាក់គ្នាទៅវិញទៅមក។ សូមឲ្យមានការជឿជាក់គ្នាទៅវិញទៅមកច្រើនឡើង ហើយក៏ចង់ឲ្យភាគីទាំងពីរហ្នឹងយល់ដឹងឲ្យបានច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយ»។
យ៉ាងណាក៏ដោយ លោក ទុយ សេរីវឌ្ឍនា ដែលជាវីរជនបរិស្ថាន Goldman ឆ្នាំ២០១០ នៅតែចិញ្ចឹមចិត្ត ចង់ក្លាយជាអ្នកដឹកនាំបរិស្ថានម្នាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយអភិរក្សនិងការពារ ធ្វើឲ្យបរិស្ថានក្នុងតំបន់នេះនិរន្តរភាព៕