អតីត​មន្រ្តី​ FIFA បញ្ជាក់​លម្អិត​ពី​ការ​ទទួល​សំណូក

លោក Sepp Blatter (កណ្តាល) ប្រធានរបស់អង្គការFIFA លោក Franz Beckenbauer (ខាងស្តាំ) ប្រធានគណៈកម្មការរៀបចំក្នុងស្រុក (LOC) និងលោក Chuck Blazer (ខាងឆ្វេង) ប្រធានផ្នែក Confederation Cups របស់ FIFA។

កាល​ពី​ថ្ងៃ​ពុធ តុលាការ​ស.រ.អា​បាន​បញ្ចេញ​ឯកសារ​របស់​អតីត​សមា​ជិកប្រតិបត្តិ​នៃ​អង្គការ​គ្រប់​គ្រង​កីឡា​បាល់​ទាត់ FIFA ដែល​បាន​សារភាព​ពី​ការ​ទទួល​សំណូក​ទាក់​ទិន​នឹង​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​នៅ​ ​ឆ្នាំ​១៩៩៨​និងឆ្នាំ​២០១០ ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣ ។

លោក Charles Blazerជា​ពលរដ្ឋ​ស.រ.អា ​ដែល​បាន​ចំណាយ​ពេល​ពីរទសវត្សរ៍​បម្រើ​ការ​ជា​ មន្រ្តីកីឡា​ដ៏​មាន​អំណាច​បំផុត​របស់​ពិភពលោក ​បាន​សារភាព​ទទួល​ទោស​សម្ងាត់​ខាង​ព្រហ្មទណ្ឌ​ចំនួន​១០​ករណី​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋ​អាជ្ញា​ស.រ.អា ​នេះ​យោង​តាម​ឯកសារមួយ​ផ្នែក​នៃ​ការ​ធ្វើ​សវនាការ។

លោក Blazer បាន​ប្រាប់​ចៅក្រម​សហរដ្ឋ​អាមេរិក​ម្នាក់​ថា ​លោក​ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ផ្សេង​ទៀត​របស់​អង្គការ FIFA បាន​ទទួល​សំ​ណូក​ដោយ​ការ​ជ្រើស​រើស​ប្រទេស​បារាំង​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ​១៩៩៨។

ចៅ​ក្រម​អាមេរិក ​បាន​និយាយ​ទៀត​ថា ​លោក Blazerក៏​បាន​ទទួល​សំណូកនៅ​ក្នុង​ពិធី​ឆ្នាំ​២០១០​ដោយផ្តល់​ការរៀប​ចំ​ការ​ប្រកួត​នោះ​ទៅ​ឲ្យ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

អតីត​មន្រ្តី​អង្គការ FIFA ម្នាក់​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿង​អាស្រូវ​នោះគឺលោក Jack Warnerនៃ​ប្រទេសទ្រីនីដា​ និងតូបាហ្គោ ​បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សុន្ទរកថា​តាម​ទូរទស្សន៍​ថា ​លោក​មាន​ភស្តុតាង​ពី​ការ​ព្រម​ព្រៀង​ខាងហិរញ្ញវត្ថុ​ដែល​ទាក់​ទិននឹង​អង្គការ​គ្រប់​គ្រង​កីឡា​បាល់ទាត់​ FIFA ​និង​ការ​បោះឆ្នោត​ទូទៅ​របស់​តំបន់​ការ៉ាអ៊ីប​ក្នុង​ឆ្នាំ​២០១០។ អតីត​អនុ​ប្រធាន​នៃ​អង្គការ FIFA ​ជា​មនុស្ស​ម្នាក់​នៃ​មនុស្ស​៦​នាក់ ​រួមមាន​មន្រ្តីលំដាប់​ថ្នាក់​ទី​២​ និង​សមាជិក​ប្រតិបត្តិ៤​នាក់​របស់​អង្គការ FIFA ដែល​បាន​ស្ថិត​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ដោយ​ទី​ភ្នាក់​ងារ​ប្រតិបត្តិច្បាប់​អន្តរជាតិ ( Interpol) ​លើ​បទ​ចោទ​ប្រកាន់​រួមមាន​អំពើ​ពុករលួយ​ និង​ការ​ប្រ​ព្រឹត្ត​អំពើ​ទុច្ចរឹត ​ដែល​មាន​ន័យ​ថា ​ពួកគេ ​ប្រឈម​ការ​ចាប់​ខ្លួន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ​ដែល​ពួកគេ​ទៅ៕