ក្រៅតែពីការរកឃើញពីការកាប់បំផ្លាញព្រៃឈើដែលចេះតែបន្តកើតមានក្នុងតំបន់ព្រៃឡង់នោះ ក្រុមអ្នកការពារព្រៃឈើក្នុងតំបន់ព្រៃឡង់ បានទទូចសុំឲ្យរដ្ឋាភិបាលខ្មែរបន្ធូរបន្ថយខាងច្បាប់ដើម្បីឲ្យពួកគេមានលទ្ធភាពអាចបានចូលដើរល្បាតព្រៃឡង់ ដែលពួកគេយល់ថា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។
ការស្នើរបស់ក្រុមអ្នកការពារព្រៃឡង់បានធ្វើឡើងក្នុងរបាយការណ៍ខ្លីមួយមានកម្រាស់១២ទំព័រ ដែលបានឲ្យដឹងពីការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅតំបន់ព្រៃឡង់ ហើយសកម្មភាពកាប់បំផ្លាញព្រៃនេះបានរួមចំណែកដល់ការធ្វើឲ្យបាត់បង់ទីជម្រកសត្វក្នុងតំបន់ព្រៃឡង់ ដែលត្រូវបានរដ្ឋាភិបាលប្រែក្លាយជាដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីឆ្នាំ២០១៦។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ដែលបានចេញផ្សាយជាលើកទីប្រាំពីរ បានបញ្ជាក់ឲ្យដឹងអំពីសំណើរបស់អ្នកការពារព្រៃឡង់ថា៖
«យើងជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ សូមសំណូមពររាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការតម្រូវឲ្យសហគមន៍ទទួលបានការអនុញ្ញាតដើម្បីដើរល្បាតព្រៃ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់»។
បន្ថែមលើនោះ ក្រុមការពារព្រៃឈើក្នុងតំបន់ព្រៃឡង់បានស្នើដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវមានវិធានការទប់សា្កត់បន្ថែមទៀតទៅលើការកាប់បំផ្លាញព្រៃឈើ។
ក្រុមអ្នកការពារព្រៃបានលើកឡើងក្នុងរបាយការណ៍នោះថា៖
«យើងជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ចាត់វិធានការបន្ថែមទៀតទៅលើការកាប់ឈើដោយខុសច្បាប់ ដែលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់»។
ក្រុមអ្នកការពារព្រៃក៏បានសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធធានាថា សម្ភារៈដែលត្រូវបានរឹបអូសមិនត្រូវប្រគល់ទៅឲ្យអ្នកកាប់ឈើវិញទេ ត្រូវស៊ើបអង្កេត និងបិទចោលកន្លែងអារឈើនៅជុំវិញព្រៃឡង់ បញ្ឈប់ការទិញ និងលក់ឈើគ្រប់ប្រភេទ ទាំងស្របច្បាប់ និងខុសច្បាប់ នៅជុំវិញព្រៃឡង់ ហើយអាជ្ញាធររដ្ឋបាលទាំងអស់ត្រូវបញ្ឈប់ការចេញលិខិតអនុញ្ញាតឲ្យសមាជិកសហគមន៍ទៅកាប់ព្រៃក្នុងតំបន់ការពារ។
ក្រុមអ្នកការពារព្រៃក៏បានស្នើសុំឲ្យអាជ្ញាធរបំពេញនូវចំណុចផ្សេងៗទៀត រួមមាន ការពង្រឹងនូវការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ព្រៃឡង់ និងការពិនិត្យ ហើយរឹបអូសកាំភ្លើងធ្វើដោយដៃ នៅតាមភូមិជុំវិញតំបន់ព្រៃឡង់។
VOA បានព្យាយាមសុំការអធិប្បាយពីសមាជិកបណ្តាញសហគមន៍ព្រៃឡង់ តាមទូរសព្ទរបស់ពួកគេជាច្រើនខ្សែ តែនៅមិនអាចទាក់ទងបាននៅឡើយនៅថ្ងៃពុធនេះ។
VOA ក៏នៅមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកកែវ អូម៉ាលីស្ស នាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទេ នៅថ្ងៃពុធនេះ។
ចំណែកលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន សុំមិនផ្តល់ការអធិប្បាយដោយលោកជាប់រវល់ក្នុងកិច្ចប្រជុំ។
របាយការណ៍បណ្តាញសហគមន៍ព្រៃឡង់ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ បានរកឃើញថា ក្នុងចន្លោះខែកញ្ញាឆ្នាំ២០១៧ដល់ខែឧសភាឆ្នាំ២០១៨ មានការចូលកាប់ឈើចំនួន៩០២លើកក្នុងខេត្តកំពង់ធំ ៥៦៩លើកក្នុងខេត្តស្ទឹងត្រែង៤៣៣លើកក្នុងខេត្តក្រចេះនិង១២៩លើកក្នុងខេត្តព្រះវិហារ។
ជារួម ការចូលកាប់ព្រៃឈើមាន២៧៤៥លើក ក្នុងនោះមាន២០៣៣ លើកត្រូវបានចាត់ទុកថា មានសុពលភាព។ បើគិតជាភាគរយគឺការចូលកាប់ព្រៃឈើមានកំណើន៧៤ភាគរយ គិតចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨ ហើយការចូលកាប់ឈើដោយខុសច្បាប់នេះគឺកើតឡើង៦០លើកក្នុងមួយខែ។
រូបភាពដែលប្រមូលបានតាមប្រព័ន្ធផ្កាយរណបបានឲ្យដឹងថា មានការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»និងតំបន់ជុំវិញចំនួន៥៦០០ហិកតាក្នុងឆ្នាំ២០១៧។ ចំនួននេះគឺស្មើនឹងការបាត់បង់ព្រៃឈើមានទំហ៊ំប៉ុនតារាងបាល់ទាត់ចំនួន២១តារាង ជារៀងរាល់ថ្ងៃក្នុងឆ្នាំ២០១៧។ នេះគឺជាកម្រិតមួយគួរឲ្យព្រួយបារម្ភនៅដែនជម្រកសត្វព្រៃព្រៃឡង់ និងទេសភាពជុំវិញដែនជម្រកសត្វព្រៃនេះ។
បណ្តាញសហគមន៍ព្រៃឡង់បានឲ្យដឹងថា «សកម្មភាព»កាប់ឈើខុសច្បាប់មានចំនួន៩៩ភាគរយនៃសកម្មភាពទាំងអស់។
ទិន្នន័យភាគច្រើនបានរាយការណ៍ថា គល់ឈើកាត់រួចមួយៗមានចំនួន៤១ភាគរយ ដែលដើមឈើភាគច្រើនជាប្រភេទឈើប្រណីត។ គំនរឈើត្រូវបានជនល្មើសប្រមូលយកចេញ និងការដឹកជញ្ជូនមានចំនួន២៤ភាគរយនៃទិន្នន័យសរុប។ តំបន់ដែលមានការកាប់ឆ្កាមានចំនួន១១ភាគរយនៃទិន្នន័យសរុប។ ផ្ទៃដីដែលត្រូវបានកាប់ឆ្កាអាចគ្របដណ្តប់លើផ្ទៃដី១០០ហិកតា និងរាប់បញ្ចូលទាំងខ្ទមរាប់រយដែលធ្វើសម្រាប់ស្នាក់នៅ។
លោក ស្រី ថី សមាជិកគណៈកម្មការសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ចេញផ្សាយជាសាធារណៈកាលពីអង្គារថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកម្សោយក្នុងការអនុវត្តច្បាប់នៅក្នុងតំបន់ព្រៃឡង់។
លោក ត្រូវបានស្រង់សម្តីតាមន័យដើមថា៖
«យើងឃើញស្ទើរតែរៀងរាល់ថ្ងៃដែលអ្នកកាប់ឈើខុសច្បាប់បានកាប់ដើមឈើ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ប៉ុន្តែពួកគេមិនដែលត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្មទេ»។
លោកបានបន្ថែមថា៖
«យើងចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងធានាថា អ្នកកាប់ឈើខុសច្បាប់នាពេលអនាគតត្រូវបានគេដាក់ទោសទណ្ឌចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះ»៕