សមត្ថកិច្ចអះអាងថា ករណីជនបរទេស ៥៧ នាក់ដែលបានសម្រុកចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ គឺជាវិវាទការងារ ខណៈអ្នកការពារសិទ្ធិជំរុញឲ្យមានការស៊ើបអង្កេតករណីបោកបញ្ឆោត និងជួញដូរមនុស្ស។
ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ បញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសតចំនួន ៥៧ នាក់ ដែលមានជនជាតិប៉ាគីស្ថានចំនួន ៥៣ នាក់ និងជនជាតិនេប៉ាល់ចំនួន ៤ នាក់ បានតវ៉ាហើយបាននាំគ្នាដើរចេញពីក្រុមហ៊ុន កាលពីរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។ បើតាមការសាកសួររបស់សមត្ថកិច្ច ជនបរទេសទាំងនោះបានធ្វើការក្នុងក្រុមហ៊ុនមួយនៅក្រុងព្រះសីហនុ អស់រយៈពេល ២ ទៅ ៣ ខែ ដោយមិនទទួលបានប្រាក់ខែ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យវិញ។
សេចក្តីបំភ្លឺដដែលបន្ថែមថា ក្រោយពួកគេធ្វើការនៅកាស៊ីណូអូរស្មាច់រីសតបានរយៈពេល ១០ ថ្ងៃ ពួកគេត្រូវបានអ្នកគ្រប់គ្រងជនជាតិចិនឲ្យធ្វើការដោយគ្មានថ្ងៃសម្រាក។ ដោយបារម្ភថាមិនទទួលបានប្រាក់ខែ ពួកគេបាននាំគ្នាតវ៉ានិងដើរចេញពីក្រុមហ៊ុនដោយមានកាន់ដំបងឈើ ដោយខ្លះតវ៉ាឲ្យមានការឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការងារនៅក្រុងព្រះសីហនុ និងខ្លះចង់ត្រឡប់ទៅប្រទេសកំណើតវិញ។
សេចក្តីបំភ្លឺដដែលបន្ថែមតាមន័យដើមថា៖ «ក្រោយធ្វើការសាកសួរទៅលើជនបរទេសទាំង ៥៧ នាក់នោះរួច ស្នងការនគរបាលខេត្តបានបញ្ជូនជនជាតិប៉ាគីស្ថានទាំង ៥៣ នាក់ (ស្រី ២ នាក់) និងនេប៉ាល់ ៤ នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីបន្តនីតិវិធី»។
ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មិនមានបញ្ជាក់អំពីវិធានការណាមួយលើក្រុមហ៊ុនកាស៊ីណូនោះទេ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននៅឡើយទេ។
ក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសត គឺជារបស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា។ ក្រុមហ៊ុននេះស្ថិតក្នុងបញ្ជីដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដោយសារលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយបណ្ណគ្រីបតូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ហៅកាត់ថា OFAC។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃពុធថា ករណីជនបរទេសទាំង ៥៧ នាក់ នៅកាស៊ីណូអូរស្មាច់រីសតនេះ គឺជាវិវាទការងារ ដូច្នេះជាសមត្ថកិច្ចរបស់ក្រសួងការងារ។ លោកបន្ថែមថា នាយកដ្ឋានអន្តោប្រវេសន៍ខេត្តសៀមរាបនឹងសម្រេចថានឹងត្រូវបញ្ជូនជនបរទេសទាំង ៥៧ នាក់នោះទៅប្រទេសកំណើតរបស់ពួកគេវិញឬយ៉ាងណា ក្រោយការត្រួតពិនិត្យចប់។
លោក ទូច សុខៈ ថ្លែងថា៖ «ខាងជំនាញអន្តោប្រវេសន៍លោកនឹងពិនិត្យបន្តទៅទៀតថាតើពួកគាត់ចូលមកប្រទេសកម្ពុជាត្រឹមត្រូវតាមច្បាប់ដែរឬអត់? ហើយពួកគាត់ធ្វើការនៅក្រុមហ៊ុនលើទឹកដីកម្ពុជាហ្នឹងស្របច្បាប់អត់? បានន័យថា គាត់មានសៀវភៅការងារសម្រាប់ជនបរទេសដែរឬអត់? ហើយគាត់មានវីសាសម្រាប់ចូលមកធ្វើការងារដែរឬអត់? បើសិនជំនាញពិនិត្យឃើញថាមិនដូចអ្វីដែលបងលើកឡើងនេះទេ ជំនាញអាចនឹងស្នើសុំមកកាន់ក្រសួងមហាផ្ទៃដើម្បីបញ្ជូនពួកគាត់ចេញទៅកាន់ប្រទេសកំណើតរៀងៗខ្លួន»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ប្រាប់វីអូអេជាសារអក្សរលើបណ្តាញសង្គមតេឡេក្រាមថា មន្ទីរការងារកំពុងពិនិត្យលើករណីនេះ។
លោកបន្ថែមតាមន័យដើមថា៖ «មន្ទីរការងារបានទាក់ទងផ្នែករដ្ឋបាលកាស៊ីណូ និងក្រុមហ៊ុននោះ ដើម្បីពិនិត្យ និងសួរនាំលើករណីវិវាទការងារ។ ការដោះស្រាយវិវាទការងារ ក្រសួងអនុវត្តតាមយន្តការ និងនីតិវីធីដោះស្រាយវិវាទការងារ ដូចមានចែងក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក លី យ៉ុងផាត់ បានទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។
កន្លងមក គេឃើញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនដូចជា The New York Times និង The Diplomat ជាដើម បានរាយការណ៍ពីការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងការលោតពីលើអគារក្នុងតំបន់កាស៊ីណូអូរស្មាច់រីសត។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់លើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធគួរតែមានការស៊ើបអង្កេតមួយជាក់លាក់ថា តើជនបរទេសទាំងនោះមកកម្ពុជាក្នុងទម្រង់នៃការឆបោក ឬជួញដូរមនុស្ស ឬគ្រាន់តែរងគ្រោះពីវិវាទការងារ។
លោកបន្ថែមថា៖ «អ៊ីចឹងករណីនេះត្រូវញែកឲ្យដាច់ជាពីរឲ្យមានភាពច្បាស់លាស់។ ដំណើរការនៃការជ្រើសរើសរបស់ពួកគាត់ ហើយចុងបញ្ចប់ពួកគាត់ត្រូវបានបញ្ជូនមកធ្វើការងារនៅកាស៊ីណូអូរស្មាច់នេះ វាពាក់ព័ន្ធទំនាក់ទំនងគ្នានៅទីតាំងកន្លែងធ្វើការនៅខេត្តព្រះសីហនុ និងការបញ្ជូនពួកគាត់មកធ្វើការនៅកាស៊ីណូនៅអូរស្មាច់។ ពីរនេះ វាអាចមានទំនាក់ទំនងគ្នាហើយត្រូវមានការស៊ើបអង្កេតឲ្យមានភាពច្បាស់លាស់»។
ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ ២០២៣ បង្ហាញថា មនុស្សប្រមាណជា ១០ ម៉ឺននាក់ដែលជាជនបរទេសត្រូវបានបង្ខំឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះបានកើតឡើងក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន៕