ទេសចរ​បរទេស​ទំនង​ជា​ស្ទាក់សើ្ទរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយសារ​ព័ត៌មាន​ជុំវិញ​អំពើ​បោក​បញ្ឆោត​តាមអនឡាញ

រូបឯកសារ៖ លួសហ៊ុមព័ទ្ធរបងនៃបរិវេណនៃអគារឈ្មោះ Great Wall Park ដែលអាជ្ញាធរបានរកឃើញថាជាកន្លែងជួញដូរមនុស្ស ចាប់ជម្រិត និងធ្វើទារុណកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

នៅពេល​មាន​ការ​ចេញផ្សាយ​ព័ត៌មាន​ជា​ញឹក​ញាប់​អំពីអំពើឆបោក​តាមប្រព័ន្ធ​អនឡាញ​បង្ក​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​កំពុងរស់​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ទេស​ចរ​បរទេស​ទំនង​ជាស្ទាក់​ស្ទើរចិត្ត​ ​ធ្វើដំណើរ​មក​ទស្សនា​តំបន់​នេះ​។ ការណ៍នេះអាច​ប៉ះ​ពាល់​ដល់​វិស័យ​ទេស​ចរណ៍​របស់​ប្រទេស​មួយចំនួន​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ នេះបើតាម​សារព័ត៌​មាន​ជប៉ុន​ The Japan Times​

សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌​មាន​ជប៉ុន​ The Japan Times កើត​មាន​ឡើង​ ​ក្រោយ​អង្គការ​សហ​ប្រជាជាតិបាន​ចេញ​របាយការណ៍មួយ​កាល​ពីចុង​ខែសីហា​ ឆ្នាំ​២០២៣ ដោយបានបង្ហាញករណី​ឆបោក​តាម​អនឡាញ​នេះ​ក្នុង​ប្រទេស​ចំនួន​ ៥​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​ក្នុង​នោះ ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ច្រើន​ជាង​គេ ​ប្រមាណ​ជា​ ១២​ ម៉ឺន​នាក់។​ ចំណែក​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់។​

សេចក្តីរាយការណ៍របស់​សារព័ត៌មាន​ The Japan Times ​ដែលចេញ​ផ្សាយ​កាល​ពីពេល​ថ្មីៗនេះ​ បាន​លើក​ឡើង​ថា​ ប្រទេសមីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា បាន​បង្កើតចំណង​ជើង​ព័ត៌មាន​ជាញឹក​ញាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ អំពី​គ្រោង​ការណ៍​ជួញ​ដូរ​មនុស្ស​ពាក់​ព័ន្ធ​នឹងអំពើឆបោក​អនឡាញ​ដ៏រាលដាល​។

សារព័ត៌មាន​នេះ បានបរិយាយ​ពី​ខ្សែភាពយន្តដ៏មាន​ប្រជាប្រិយភាព​មួយ​ មាន​ចំណង​ជើង​ថា​ “No More Bets” ដែល​ផ្អែក​លើ​ករណី​ពិតៗនៃ​អ្នកដែល​រង​អំពើ​ឆបោក​កន្លង​មក​។ ខ្សែភាព​យន្ត​នោះ​ ប្រាប់​ពី​រឿង​របស់គូស្នេហ៍ជនជាតិ​ចិនមួយគូ ដែលត្រូវ​បាន​គេ​ល្បួង​ដោយ​ការ​ផ្តល់​ជូន​ការងារ​នៅ​ក្រៅ​ប្រទេស​ជាមួយ​ប្រាក់​ខែ​ច្រើន​គួរ​សម​ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​ខ្លួន​ចំពោះ​គម្រោង​ការបោក​បញ្ឆោត ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នកទាំងពីរ​ត្រូវបង្ខំចិត្តធ្វើការទាំង​វេទនា​នៅ​ក្នុងរោង​ម៉ាស៊ីន​បោក​ប្រាស់​តាម​អ៊ីនធឺណិត ខណៈ​ពេល​ដែល​ស្ថិតនៅក្រោមការ​ឃ្លាំមើល​យ៉ាងដិតដល់​។

​សេចក្តី​រាយការណ៍​ដដែល​បាន​បន្ថែមថា​៖ «ខ្សែភាព​យន្តដ៏កក្រើក​មួយ​នេះ បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរទៅ​លើ​ឧស្សហកម្មទេសចរណ៍​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន​ ដោយ​អ្នកដំណើរ​មិន​សូវ​ចង់​ទៅ​លេង​ប្រទេស​ទាំងឡាយ​ណា [ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​នេះ​]»។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ អ្នក​ស្រី ជូ ប៊ុនអេង ប្រតិកម្ម​ទៅនឹង​សេចក្តី​រាយការណ៍​ខាង​លើ​ថា ​របាយការណ៍​នានា​ទាក់​ទិន​សកម្មភាព​ឆបោកតាម​អនឡាញ​គឺជា​ការ​ចោទ​ប្រកាន់​មកលើ​រដ្ឋាភិបាល ហើយ​អ្នកស្រី​ស្នើ​ឱ្យ​មានការ​ចុះមក​ស៊ើប​អង្កេត​រកភស្តុតាងជាក់​លាក់​ក្នុងករណី​ឆបោក​ដែល​ត្រូវ​បានរាយ​ការណ៍​កន្លង​មក​នៅប្រទេស​កម្ពុជា​។

អ្នកស្រី​ថ្លែង​ថា​៖ «យើង​បានកំពុងតែ​ខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ដើម្បី​បោស​សម្អាត ហើយ​ក៏ដូច​ខ្ញុំតែង​និយាយ​ដែរ​ថា ដូចមិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​តែម្នាក់​ឯងទេ​។លុះ​ត្រា​តែយើង​នៅក្នុង​តំបន់​ជាមួយគ្នា ​ឬមួយ​ក៏ប្រទេស​ដែល​មាន​ការពាក់ព័ន្ធ​ជា​មួយគ្នា​រួម​ស​ហ​ការ​គ្នា​ដើម្បី​ឆ្លើយ​តប​បទ​ល្មើស​នេះ​ឱ្យ​បាន​»។

អ្នក​ស្រី​បន្ថែម​ថា​៖​ «ហើយយើងបាន​អំពាវនាវថា​ សុំ​ឱ្យ​ចុះ​មក​ធ្វើការត្រួតពិនិត្យទៅ​ថា​តើវា​នៅកន្លែង​ណាខ្លះ​? បើសិន​ជាក្នុងករណី​ដែល​អ្នក​ទៅ​វិញ​ គាត់​បាន​ផ្តល់​ព័ត៌មាន ក៏​វា​ជា​ចំណុច​ល្អ​មួយ​ដែល​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​នៅ​ប្រទេស​ពាក់ព័ន្ធ​ គាត់​អាច​ចាប់​ដៃ​សហការ​គ្នា​»។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​លោក​ តុប សុភ័ក​ ប្រាប់វីអូអេ​នៅថ្ងៃច័ន្ទ​នេះ​ថា ​បញ្ហា​តែង​តែ​កើតមាន​ និង​ថា ​រដ្ឋាភិបាលជាទូទៅ​បាន​ដោះ​ស្រាយ​រាល់​បញ្ហា​ដែលកើតមាន​ មិន​ទុក​ចោល​ឡើយ​។

ក៏ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ​រឿងឆបោក​តាម​អនឡាញ ជាផ្នែកមួយដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចិន​មក​កម្ពុជាបាន​ធ្លាក់​ចុះដល់​លេខ​៣ ហើយ​ថៃ​ឡើង​មក​ឈរ​ចំណាត់​ថ្នាក់​លេខ​១ ចំណែក​ឯ​វៀតណាម​លេខ​២​។

លោក​ថ្លែង​ថា៖​ «ការទាក់​ទង​ទៅនឹង​រឿងចាប់ជំរិត រឿងអី​នៅក្នុងបញ្ហា​ទេសចរណ៍​ហ្នឹង​ដែល​កើត​ឡើង​ចំពោះ​ទេសចរណ៍​ហ្នឹង​គឺរាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី មាន​សមត្ថកិច្ច​ បាន​ចាត់ចែង​ អនុវត្ត​ទៅ​តាម ហើយដាក់​ទោសទណ្ឌ​ទៅលើជន​ដែល​បាន​ប្រព្រឹត្ត​»។

សេចក្តី​រាយការណ៍​របស់សារព័ត៌មាន​ The Japan Times​ បាន​ឱ្យដឹង​ទៀតថា ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ រួមមាន​ឡាវ ហ្វ៊ីលីពីន និងថៃ​ ត្រូវបាន​ចាត់​ទុក​ថា​ ជាប្រទេសគន្លឹះសម្រាប់ការ​ឆ្លង​កាត់​នៃ​ការ​ជួញដូរមនុស្ស​ ឬជាប្រទេស​គោលដៅ​តែ​ម្តង​សម្រាប់​មនុស្ស​យ៉ា​ង​ហោច​ណាស់​រាប់​ម៉ឺននាក់។​

ការ​ស្ទង់មតិ​ថ្មីៗនេះ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Weibo របស់​ប្រទេសចិន​ ដែល​ជា​វេទិកា​ស្រដៀង​នឹង​ X ដែល​ពីមុនហៅថា Twitter បាន​បង្ហាញថា​ អ្នកឆ្លើយ​សំណួរ​ចំនួន​ ៤៨.០០០នាក់​ ក្នុង​ចំណោម ៥៤.០០០​ នឹងចៀស​វាងការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ដែល​ប្រហែល ៣.០០០នាក់​ បាន​និយាយ​ថា ​ពួក​គេ​ស្ទាក់​ស្ទើរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំ​ទុក​មុន​ដោយសារ​តែ​ការ​ព្រួយ​បារម្ភអំពី​សុវត្ថិភាព។​ នេះ​បើតាម​សារ​ព័ត៌មាន​ The Japan Times។​

សារព័ត៌មាន​ដដែល​លើក​ឡើង​ទៀត​ថា​ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ផ្សេង​ទៀត​ដែល​សួរ​ជនជាតិ​ចិនដែល​ជា​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺណិតថា​តើពួកគេ​នឹង​ធ្វើដំណើរ​ទៅ​កាន់​អាស៊ី​អាគ្នេយ៍​ឬ​អត់​នោះ​ គឺ​ជាង៨៥ភាគរយ​ នៃ​អ្នក​ឆ្លើយ​តប​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​គិត​ពី​ការ​ធ្វើដំណើរ​ទៅទីនោះ ក្រោម​ហេតុផល​សុវត្ថិភាព​ដូចគ្នា៕