មន្រ្តី​ក្រសួង​ការបរទេស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

  • នៅ វណ្ណារិន

រូប​ឯកសារ៖ មន្រ្តី​ប៉ូលិស​នៅមុខក្រសួងការបរទេស នា​ពេល​កន្លង​មក​ កាល​ពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA) ។

​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​ បាន​ឃាត់​ខ្លួន​​មន្ត្រី​មួយ​រូប​ពី​ក្រសួង​ការ​បរទេស​ ​អំពី​ការ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯក​ជន​មួយ​ ​មុន​ពេល​អនុញ្ញត​ឲ្យ​ក្រុម​ហ៊ុន​នោះ​ធ្វើ​ប្រតិ​បត្តិការ​ក្នុង​ប្រ​ទេស​កម្ពុជា​។

អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​ ​បន្ត​ការសាក​សួរ​និង​កសាង​សំណុំ​រឿង​ពុក​រលួយ​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​មួយ​រូប ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ​ពេល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ពុក​រលួយ។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​ប្រឆំាង​អំពើពុក​រលួយ។

លោក​ ​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ VOA ​នា​ថ្ងៃ​សុក្រ​នេះ​ថា​ពេល​នេះអង្គ​ភាព​របស់​លោក​ កំពុង​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា​ និង​សួរ​ចម្លើយ​ពី​មន្ត្រី​ដែល​ជាប់​សង្ស័យ​រូប​នោះ​ មុន​នឹង​អាច​បញ្ជូន​ខ្លួន​មន្ត្រី​របស់​ក្រសួង​ការ​បរទេស​នេះ​ទៅ​តុលាការ។​

«នៅ​ពេល​ដែល​យើង​ចាប់​ហ្នឹង​ ​គឺ​គាត់​កំពុង​តែ​ប្រព្រឹត្ត​បទ​ល្មើស​ ​ដែល​ទារ​លុយ​ហើយ​និងទទួល​យក​ប្រាក់​អំពី​ខាង​រោងចក្រ​ ​ក្នុង​ការ​មក​ធ្វើ​បែប​បទេ​ ​ហើ​យ​ខ្ញុំនៅ​សល់​ពេល​តិចតួច​ដើម្បី​បញ្ចប់»។​

​លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា៖​ «បាទ​យើង​ឃើញ​ថា​ មានភស្តុតាង​រឹង​មាំ​ច្រើន​។ ហើយ​យើង​កំពុង​ធ្វើ​បែប​បទ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​។​ ​ហើយ​យើង​មាន​ពេល​៤៨​ម៉ោង​ យើង​នៅ​សល់​ពេល​មួយ​ថ្ងៃ​ទៀត»។​

​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​បាន​ចុះ​ឃាត់​ខ្លួន​មន្ត្រី​មួយ​រូប​ពី​ទីស្តី​ការ​ក្រសួង​ការ​បរទេស​ ​ដែល​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ក្នុង​ក្រសួង​នោះ​។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ ឱម យ៉ិនទៀង​ នៅ​មិន​ទាន់អាច​បញ្ចេញ​ឈ្មោះ​និង​តួនាទី​របស់​មន្ត្រី​ក្រសួង​ការ​បរទេសរូប​នេះ​នៅ​ឡើយ​នោះ​ទេ​ ​ដោយ​សារ​ករណី​ពុក​រលួយ​នេះកំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។​

​រី​ឯ​លោក​ ​ជុំ សុន្ទរី​ ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ ​ក៏​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​ក​រណី​នេះ​ផង​ដែរ​។​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដែល​ VOA​ ​បាន​ទទួល​ឲ្យ​ដឹងថា​ លោក​ ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់ ​កុំ​ឲ្យ​មន្ត្រី​របស់​លោក​មាន​«ការ​ភ្ញាក់​ផ្អើល​ ចំពោះ​ករណី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​មន្ត្រី​ក្រសួងការ​បរទេស​មួយរូប​»​ ​នេះដោយ​សារ​តែ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ អំពី​ការ​ទទួល​លុយ​ពីក្រុមហ៊ុន​ឯក​ជន​មួយ។​ ​យ៉ាង​ណា​ក៏​ដោយ​ លោក​រដ្ឋមន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​និង​តំណែង​មន្ត្រី​រូប​នោះ​ទេ។

លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ បាន​ថ្លែង​ប្រាប់ ​VOA​ នា​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បង្ក្រាប​អំពើ​ពុក​រលួយនេះ​គឺ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ផ្សេង​ទៀត​ ​ដែល​មន្ត្រី​កម្ពុជាបាន​សំណូក​ឬ​ទាមទារ​ប្រាក់​កាស​ពី​អ្នកវិនិ​យោគ​មុន​ពេល​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​វិនិ​យោគ​ក្នុង​ប្រទេស។​

​«បាទ! ​នៅ​ពេល​ដែល​ ACU ​គេ​មាន​ភស្តុតាង​រឹង​មាំ​ ​ហើយ​វា​អាច​ជា​ការ​អនុវត្ត​ការ​ងារ​ហ្នឹង។​ វា​គឺ​ជា​ដំ​ណើរ​ការ​ទៅ​មុខ​ផង​ដែរ​របស់​ ACU​ ក្នុង​ការ​ចាត់វិធាន​ការ​ហ្នឹង​ដែរ​ ​ជា​ពិសេស​គឺ​ការ​ចាត់​វិធាន​ការ​ទៅ​លើ​មន្ត្រី​រដ្ឋា​ភិបាល​តែ​ម្តង​»។

​លោក​ សន ជ័យ​ ​ក៏​បាន​សាទរចំពោះ​ការ​បង្ក្រាប​លើ​បញ្ហា​ពុក​រលួយ​នេះ ​ដែល​កំពុង​ធ្វើ​ឲ្យក​ម្ពុជា​បាត់​បង់​ថវិកា​ឬ​ផល​ចំណេញ​ជា​ច្រើ់ន​ពី​ការវិនិយោគ​ ​ព្រោះ​ជា​រឿយ​ៗ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដក​ការ​ទុក​ចិត្ត​ ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារតែ​មន្ត្រី​ពុករលួយ​ទាំង​នោះ។

គេ​ដឹង​ផង​ដែរ​ថា ​នេះ​គឺជា​មន្ត្រី​កម្ពុជា​ទី១ក្នុង​ឆ្នាំ​២០១៦​នេះ ​ដែល​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន៕