បន្ទាប់ពីរដូវរងារបានចាប់ផ្តើមជាមួយនឹងអាកាសធាតុមិនសូវត្រជាក់ខ្លាំង ឥឡូវនេះមានការព្យាករណ៍ថា នឹងមានសីតុណ្ហភាពត្រជាក់ខ្លាំងនៅប៉ែកខាងកើតនៃស.រ.អានៅចុងសប្តាហ៍នេះ។
អ្នកឧតុនិយមបានព្យាករណ៍ថា នឹងមានព្យុះទឹកកកធំមួយដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលរស់នៅពីរដ្ឋ Kentucky ដល់រដ្ឋ New England នៅយប់ថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ។
អ្នកឧតុនិយមភាគច្រើនមិនបានហៅព្យុះទឹកកកនេះថា ជាព្យុះមួយដែលមិនធ្លាប់មានពីមុនមកនោះទេ។ ប៉ុន្តែពួកគេបាននិយាយថា គំរូនៃការព្យាករណ៍ជាច្រើនដែលជារឿយៗមិនបានបង្ហាញដូចគ្នាទៅលើសក្តានុពលនៃព្យុះធំៗកាលពីលើកមុនៗនោះ បានបង្ហាញដូចគ្នាលើកនេះថា នឹងមានព្យុះទឹកកកដ៏ខ្លាំងមួយ ដែលមកពីមហាសមុទ្រអាត្លង់ទិច និងបង្កឲ្យមានសំណើមយ៉ាងច្រើន។
តំបន់ខ្លះអាចនឹងមានព្រិលទឹកកករហូតដល់កម្រាស់៦១សង់ទីម៉ែត្រឬច្រើនជាងនេះ។ ដោយសារព្យុះនេះទំនងជានឹងកើតមាននៅចុងសប្តាហ៍ នោះគេរំពឹងថា ផលប៉ះពាល់ទៅលើសាលារៀននិងក្រុមហ៊ុននានានឹងមានតិចតួចបំផុត ប៉ុន្តែការធ្វើដំណើរនឹងជួបការលំបាកខ្លាំង។
ថ្វីដ្បិតតែវាឆាប់ពេកក្នុងការសន្និដ្ឋានក៏ដោយ ក៏គំរូព្យាករណ៍តាមកុំព្យូទ័របង្ហាញថា នឹងមានព្យុះមួយដែលបោកបក់ក្នុងល្បឿនយឺតជាមួយនឹងកម្លាំងខ្យល់ខ្លាំង។ ប៉ុន្តែសំណួរគឺនៅត្រង់ថា តើព្យុះនេះនឹងកើតមាននៅកន្លែងណាខ្លះនិងក្នុងកម្រិតប៉ុណ្ណា៕