ស្ត្រី​ខ្លះ​បម្រើការងារ​ទទួល​ភ្ញៀវ​តាម​ក្លិប​កម្សាន្ត​សុំ​ឲ្យ​មាន​ការ​គោរព​ពី​សង្គម

រូបឯកសារ៖ ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​មួយ​ក្រុម​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ពី​ការ​រួម​ភេទ​ដោយ​សុវត្ថិភាពនៅ​ក្លិប​ការ៉ាអូខេ​មួយ​កន្លែងនៅទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ (AP/David Guttenfelder)

សម្រាប់​ស្ត្រី​ខ្លះដែល​ប្រឈម​នឹង​ស្ថានភាព​ក្រីក្រ ​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​តាម​ក្លិប​កម្សាន្ត​បាន​ក្លាយ​ជា​ឱកាស​ការងារ​ផ្លូវការ ​និង​មធ្យោបាយ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។

សម្រាប់​ស្ត្រី​ខ្លះ ​ដែល​ប្រឈម​នឹង​ស្ថានភាព​ក្រីក្រ ​ការងារ​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​តាម​ក្លិប​កម្សាន្ត​បាន​ក្លាយ​ជា​ឱកាស​ការងារ​ផ្លូវការ ​និង​មធ្យោបាយ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។ ​ហើយ​អ្វី​ដែល​ស្ត្រី​ទាំង​នេះ​ស្នើសុំ​គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​គោរព​ពី​សង្គម​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ពួក​គេ។ ​

ការព្រួយ​បារម្ភ​នេះ​កើត​មានឡើង​នៅ​ពេល​ដែល​ក្រុម​បញ្ចុះ​បញ្ចូល​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​កម្ពុជា​ចង់​លុប​បំបាត់​រាល់​ការងារ​រក​ស៊ី​ផ្លូវ​ភេទ​ និង​ការងារ​បម្រើ​ភ្ញៀវ​នៅ​តាម​ក្លិប​កម្សាន្ត​ទាំង​អស់ ​ដោយ​យល់​ថា ​ការងារ​ទាំង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួយដូរ​មនុស្ស។

នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ​ប្រជាជន​ដែល​ជា​ស្ត្រី​មាន​ចំនួន​លើស​ពី​៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។​ យ៉ាង​ណា​មិញ ​វិសមភាព​ខាង​យេនឌ័រ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ និង​ការងារ​ក្នុង​សង្គម​បាន​កំហិត​ជម្រើស​ការងារ​ដល់​ស្រ្តី​ខ្មែរ​ជា​ច្រើន​នាក់។

លោក​ស្រី ​Heidi Hoefinger ​ជា​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នៃ​មហា​វិទ្យាល័យ ​Berkeley​ នៅ​ទីក្រុង​ញូយ៉ក ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«‍ការ​រួម​ភេទ ​ក្តី​ស្រឡាញ់ ​និង​ទឹក​ប្រាក់​នៅ​កម្ពុជា៖​ មិត្តស្រី​អាជីព ​និង​ទំនាក់​ទំនង​បែប​ដោះដូរ» ​បាន​ប្រាប់ ​VOA ​ថា ​នៅ​កម្ពុជា​មាន​ទស្សនៈ​ដ៏​មាន​ឥទ្ធិពល​មួយ ​ដែល​ថា​ ការងារ​របស់​ស្ត្រី​នៅ​តាម​ក្លិប​កម្សាន្ត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស។ ​លោកស្រី ​Hoefinger ​បាន​ចំណាយ​ពេល​ជាង​មួយ​ទសវត្សរ៍​ធ្វើ​ការ​ស្រាវជ្រាវ ​និង​និយាយ​ជាមួយ​នឹង​ស្ត្រី​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​របស់​ជន​បរទេស​នៅ​ទីក្រុង​ភ្នំពេញ។​

«‍ការងារ​ដែល​ស្ត្រី​ទាំង​នេះ​ធ្វើ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​តែងតែ​ត្រូវគេ​យក​ទៅ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជួញ​ដូរ​មនុស្ស។ ​ហើយ​មាន​ការ​យល់​ឃើញ​ថា ​ស្ត្រី​ទាំង​នេះ​គឺជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ ហើយ​ថា​ ស្ត្រី​ទាំង​នេះ​មិន​បាន​សម្រេច​ចិត្ត​ធ្វើ​ការងារ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទេ»។​

លោក​ស្រី​ក៏​បាន​បន្ថែម​ថា ​តាម​ពិត​ទៅ ​ស្រ្តី​ខ្លះ​បាន​ធ្វើ​«‍ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង» ​ដើម្បី​ចូល​ធ្វើ​ការងារ​នេះ ​ដោយសារ​តែ​ស្ថានភាព​ជីវភាព​ជាក់​ស្តែង​របស់​ពួក​គេ។​

«‍ការងារ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​គឺជា​ឱកាស​ការងារ​សម្រាប់​ស្ត្រី​មួយ​ចំនួន​ ដែល​ពួក​គេ​បាន​ជ្រើស​យក ​ហើយ​អ្វី​ដែល​ពួក​គេ​ស្នើសុំ​នោះ​គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​គោរព​ពី​សង្គម​សម្រាប់​សេចក្តី​សម្រេច​ចិត្ត​របស់​ពួក​គេ»។​

ក៏​ប៉ុន្តែ ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​ជា​អ្នកអភិរក្ស​និយម​ខ្លះ ​យល់​ថា ​ការ​ងារ​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​និង​ស្ត្រី​ដែល​បម្រើ​ភ្ញៀវ​តាម​ក្លិប​កម្សាន្ត​កំពុង​តែ​បន្ទាប​តម្លៃ​សីលធម៌ ​និង​ប្រពៃណី​របស់​កម្ពុជា។ ​យ៉ាង​ណាមិញ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ ​លោកស្រី​ Hoefinger ​បាន​រក​ឃើញ​ថា ​ស្ត្រី​ទាំង​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ នៅ​ពេល​ដែល​ពួក​គេ​អាច​រក​ចំណូល​មក​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ពួក​គេ។​

«‍ស្ត្រី​ទាំង​នេះ​ត្រូវ​ប្រឈម​នឹង​សង្គម​ដែល​ផ្តល់​តម្លៃ​ពីរ​ប្រទាំង​ប្រទើស​គ្នា។​ ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ស្រី​ខូច ​និង​ជា​ឧក្រិដ្ឋជន។ ​តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ពួក​គេ​បែរ​ជា​ទទួល​បាន​ការ​កោត​សរសើរ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ​នៅ​ពេល​ដែល​ពួក​គេ​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គេ»។​

ធា ​បាន​ប្រាប់ VOA ​ថា ​ បា្រកដ​ណាស់​ ​បើ​សិន​ជា​មាន​ជម្រើស​ផ្សេង​ពី​នេះ ​ នាង​នឹង​មិន​ជ្រើស​យក​ការងារ​ជា​ស្ត្រី​បម្រើ​ភ្ញៀវ​នៅ​តាម​ក្លិប​ការ៉ាអូខេ​ទេ។ ​សព្វថ្ងៃ​នេះ ​ធា ​គឺ​ជា​មេការ​គ្រប់គ្រង​ស្ត្រី​បម្រើ​ភ្ញៀវ​នៅ​ក្លិប​ការ៉ាអូខេ​មួយ​នៅ​ខេត្ត​សៀមរាប។ ​មុន​នោះ ​ធា​ធ្លាប់​ធ្វើ​ការ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ។​

«‍និយាយ​រួម​ទៅ ​កាល​ពេល​ខ្ញុំ​រត់​ចេញ​ពី​ផ្ទះ​មក ​ខ្ញុំ​មិន​ដឹង​ទៅ​ណា។​ ហើយ​យើង​មិន​សូវ​ចេះ​អក្សរ មិនចេះ​អង់គ្លេស​អី ​ហើយ​យើង​មិន​ដឹង​ទៅ​ណា។ ​ហើយ​គេ​ហៅ​ខ្ញុំ​មក​ធ្វើ​ការងារ​អញ្ចឹង​ជាមួយ​គេ។ ​ហើយ​មក​ធ្វើ​ទៅ​ ខ្ញុំបាន​ tips ​(លុយ​ទឹក​តែ)​ រក​បាន​ប្រាក់​ខែ​បាន​អី​ហ្នឹង​គេ​ទៅ»។​

សព្វ​ថ្ងៃ​នេះ ​ធា ​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ចិញ្ចឹម​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​ ហើយ​ការងារ​នេះ​បាន​ក្លាយ​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​សម្រាប់​ស្ត្រី​មួយ​ចំនួន​ដែល​មិន​ចេញ​អក្សរ និង​មិន​មាន​ជម្រើស​ការងារ​ដែល​ផ្តល់​ប្រាក់​ចំណូល​សមរម្យ។​

‍«‍ធម្មតា​គាត់​ចូល​ទៅ​បម្រើ​ភ្ញៀវ​ក្នុង​បន្ទប់​ [ការ៉ាអូខេ]​ អញ្ចឹង​ទៅ ​គាត់​រក​បាន​ប្រាក់​២០​ទៅ​៣០​ដុល្លារ​អញ្ចឹង​ទៅ​ ហើយ​នេះ​អាច​ជួយ​ជីវភាព​របស់​គាត់​បាន​មួយ​ថ្ងៃ​ទៅ ​ឬ​ក៏​គាត់​ផ្ញើ​ទៅ​ឲ្យ​ម៉ែ​ឪ​គាត់​ និង​ឲ្យ​ប្អូន​គាត់​រៀន​អញ្ចឹង​ទៅ»។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ VOA​ ធា ​បាន​និយាយ​ថា ​ការ​បៀតបៀន​ផ្លូវ​ភេទ ​ការ​ផឹក​គ្រឿង​ស្រវឹង​កំដរ​ភ្ញៀវ ​និង​ការ​ចរចា​រក​សេវា​បម្រើ​ផ្លូវ​ភេទ​គឺជា​រឿង​កើត​ឡើង​ជា​ប្រចាំ​ទៅ​ហើយ​នៅ​តាម​ក្លិប​កម្សាន្ត។​

នាង​ ធា ​យល់​ថា​ ការ​ចរចា​នេះ​មិនមែន​ជា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ខុស​ច្បាប់​នោះ​ទេ ​ពី​ព្រោះ​នាង​មាន​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​តើ​គួរ​តែ​ទៅ​ជាមួយ​ភ្ញៀវ ​ឬ​ក៏​យ៉ាង​ណា។​

«‍និយាយ​រួម​ទៅ ​នារី​ធ្វើការ​សម្រេច​ចិត្ត​ខ្លួន​ឯង។​ គេ​ចង់​ទៅ ​គេ​ទៅ។​ មិន​ចង់​ទៅ ​គេមិន​ទៅ។​ តាម​ចិត្ត​គេ។ ​ដូច​ខ្ញុំ​អញ្ចឹង ​ថ្ងៃ​ណា​ខ្ញុំ​ចង់​ទៅ ​គេ​ហៅ​ខ្ញុំ​ទៅ ​ខ្ញុំ​ក៏​ទៅ។ ​បើ​ស្អែក​ខ្ញុំ​មិន​ចង់​ទៅ ​គេ​ហៅ​ខ្ញុំ​ធ្វើ​ម៉េច​ក៏​ខ្ញុំ​មិន​ទៅ​ដែរ។​ មិន​មាន​នរណា​មក​បង្ខំ​ខ្ញុំ​បាន​ទេ»។​

នៅ​ពេល​សួរ​ថា​ បើ​មាន​ជម្រើស​ផ្សេង​ទៀត ​តើ​នាង​នឹង​បោះបង់​ចោល​ការងារ​នេះ​ដែរ​ឬ​ទេ ​នាង ​ធា ​បាន​បញ្ជាក់​ថា ​នាង​នឹង​រើស​យក​ជម្រើស​ផ្សេង។​

«‍មិន​ចង់​ធ្វើ​ការ​អញ្ចឹង​ទេ ​រាល់​ថ្ងៃ​នេះ។​ តែ​ធ្វើ​យ៉ាង​ម៉េច​ យើង​មិន​ដឹង​ធ្វើ​អី​ ហើយ​យើង​នៅ​ផ្ទះ​មិន​មាន​នរណា​ចិញ្ចឹម។​ យើង​មិន​មាន​មុខ​របរ​រក​ស៊ី ​និង​មិន​មាន​ដើម​ទុន​អី»។​

យ៉ាង​ណា​មិញ ​លោកស្រី​សាស្ត្រាចារ្យ ​Hoefinger ​រំលឹក​ថា ចលនា​លុប​បំបាត់​ការងាររក​ស៊ីផ្លូវភេទ​ សេវា​ទទួល​ភ្ញៀវ​នៅ​តាម​ក្លិប​កម្សាន្ត​នៅ​កម្ពុជា​អាច​បង្ក​បញ្ហា​ដល់​ស្ត្រី​មួយចំនួន។ ចលនា​នេះគួរជួយ​រក​ដំណោះស្រាយ​ និងរកជម្រើសឲ្យ​ពួកគេ​ ទើប​អាចជួយ​ដោះស្រាយ​បញ្ហា​សង្គម​បាន៕​