កញ្ញា លី ម៉ាលីស អាយុ២៥ឆ្នាំ ទើបតែបានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជាលើកដំបូង នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ។ ម៉ាលីសដែលបោះឆ្នោតនៅមណ្ឌលបឋមសិក្សានរោត្តម ដើម្បីជ្រើសរើសក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល២ បានថ្លែងប្រាប់ VOA ក្រោយការបោះឆ្នោតថា កញ្ញាមិនដឹងថាបេក្ខជនណាឈរឈ្មោះសម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងនោះទេ។
កញ្ញាឲ្យដឹងទៀតថាកញ្ញាមិនទទួលបានព័ត៌មានអំពីបេក្ខជនក្រុមប្រឹក្សាតំណាងគណបក្សនយោបាយនោះទេ ខណៈកញ្ញាផ្តោតសំខាន់ទៅលើគណបក្ស ជាជាងបុគ្គលឈរឈ្មោះ។
កញ្ញា ម៉ាលីស និយាយថា៖
«ខ្ញុំមកគ្រាន់តែដឹងថាត្រូវគូសយកខាងគណបក្សណា គឺខ្ញុំគាំទ្រខាងគណបក្សណាហ្នឹងហ្មង»។
ម៉ាលីស ក៏រិះគន់ចៅសង្កាត់បច្ចុប្បន្នដែលបានឈរឈ្មោះសម្រាប់គណបក្សប្រជាជនកម្ពុជាផងដែរថា មិនបានបំពេញការងារល្អនៅឡើយ។
កញ្ញាបានថ្លែងប្រាប់ VOA ថា៖
«និយាយតាមត្រង់ ចៅសង្កាត់ពីមុនមក ខ្ញុំអត់ពេញចិត្តទេ។ គាត់រត់ឯកសារយឺតហើយ ទាល់តែថាខ្សែគាត់បានលឿន។ បើថាយើងអ្នកមិនដែលសួរសុខទុក្ខគាត់អញ្ចឹង ធ្វើប៉ើយៗមួយខ្ញុំ។ ពេលខ្លះខ្ញុំឲ្យរត់ឯកសារអីមួយអញ្ចឹង គឺពិបាកម្មង ដូចទៅសុំទានគាត់អញ្ចឹង»។
សម្រាប់សង្កាត់ផ្សារកណ្តាល២គណបក្សនយោបាយចំនួនពីរប៉ុណ្ណោះដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។
កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ សម្រាប់សង្កាត់ផ្សារកណ្តាល២ គណបក្សប្រជាជនកម្ពុជាទទួលបាន៥អាសនៈ និងគណបក្សប្រឆាំងទទួលបាន២អាសនៈ ក្នុងចំណោម៧អាសនៈ។
ទោះជាយ៉ាងណា ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រលើសគណបក្សប្រជាជនកម្ពុជាជាង៣០០សំឡេងសម្រាប់សង្កាត់មួយនេះ។
កាលពីការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ គណបក្សសង្រ្គោះជាតិមិនទទួលបានតំណែងចៅសង្កាត់ក្នុងចំណោមសង្កាត់សរុបទាំង៩៦ ក្នុងរាជធានីភ្នំពេញ កាលពីអាណត្តិនោះទេ។
សម្រាប់អាណត្តិទី៤នេះ គណបក្សសង្រ្គោះជាតិ មានជំនឿថានឹងទទួលបានតំណែងចៅសង្កាត់ច្រើនក្នុងចំណោម១០៥សង្កាត់ ខណៈសំឡេងគាំទ្រនៅរាជធានីភ្នំពេញ គណបក្សសង្រ្គោះជាតិឈ្នះគណបក្សកាន់អំណាច កាលពីការបោះឆ្នោតសាកលឆ្នាំ២០១៣។
អ្នកបោះឆ្នោតម្នាក់ទៀតនៅមណ្ឌលសាលាបឋមសិក្សានរោត្តម លោក ខោល សុផាន់ណា អាយុ២៩ឆ្នាំ បាននិយាយថាការបោះឆ្នោតនេះ មានការរៀបចំល្អ ប្រជាជនទៅបោះឆ្នោតច្រើន ការបោះឆ្នោតរហ័ស និងគ្មានការគំរាមកំហែងនោះទេ។
លោកបានថ្លែងប្រាប់ VOA ថា លោកចង់បានចៅសង្កាត់ដែលបានបម្រើប្រជាពលរដ្ឋដោយមិនរើសអើង។
លោកមានប្រសាសន៍ថា៖
«ពេលដែលគាត់ឈ្នះឆ្នោតហើយ គឺគាត់ព្យាយាមបម្រើសេវាយ៉ាងម៉េចឲ្យប្រជាពលរដ្ឋបានទទួលសេវានោះស្មើៗគ្នា កុំរើសអើង»។
ចៅសង្កាត់ផ្សារកណ្តាល២ លោកស្រី ប៉ែន អ៊ិន បានថ្លែងប្រាប់ VOA ថា លោកស្រីបានបំពេញការងារបានល្អក្នុងការផ្តល់សេវាឯកសារជូនប្រជាពលរដ្ឋ ដោយមិនពាក់ព័ន្ធនឹងអំពើពុករលួយ និងរើសអើងនោះទេ។ លោកស្រីបន្តថា លោកស្រីនឹងបន្តសាងសង់ផ្លូវ និងរៀបចំសន្តិសុខនៅក្នុងសង្កាត់ឲ្យបានល្អ។
ចំណែកលោក ប៊ុត សុវណ្ណមុន្នី បេក្ខជនចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងថាលោកសង្ឃឹមថានឹងឈ្នះសម្រាប់ការបោះឆ្នោតនេះ ដោយសារប្រជាពលរដ្ឋចង់បានការផ្លាស់ប្តូរ និងស្របពេលមានកំណើនគាំទ្រគណបក្សសង្រ្គោះជាតិ។
លោកបានថ្លែងថា៖
«គេមកគាំទ្រគណបក្សសង្រ្គោះជាតិ គេធុញនឹងប្រព័ន្ធចាស់ ដើម្បីផ្លាស់ប្តូរ រើសថ្នាក់ដឹកនាំថ្មី»។
សម្រាប់សង្កាត់ឫស្សីកែវវិញ អ្នកនាង កប ឡ្លូរីដា អាយុ៣៥ឆ្នាំ ដែលបានបោះឆ្នោតក្នុងសង្កាត់នេះ មានប្រសាសន៍ថា អ្នកនាងបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដោយមិនបានមើលលើសមាជិកក្រុមប្រឹក្សាសង្កាត់នោះទេ។
អ្នកនាងបានថ្លែងប្រាប់VOAថា៖
«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមើលទៅលើគណបក្ស»។
អ្នកនាងបន្តថា អ្នកនាងចង់បានចៅសង្កាត់មួយរូបដែលផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ និងបម្រើសេវាមូលដ្ឋាន ដោយមិនរើសអើង។
អ្នកនាង ប៉ឹង ចាន់ស្រីរ័ត្ន អាយុ៣៤ឆ្នាំ ជាអ្នកបោះឆ្នោតនៅសង្កាត់ឫស្សីកែវដែរ មានប្រសាសន៍ថា អ្នកនាងមិនបានដឹងពីបុគ្គលឈរឈ្មោះនោះទេ គឺសំខាន់បោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
អ្នកនាងនិយាយថា៖
«ខ្ញុំសំដៅលើបក្ស មិនមែនលើបុគ្គលទេ។ សំខាន់បក្សនិមួយៗចង់ឲ្យមានតំណាងណាមួយល្អ។ សំខាន់ខ្ញុំជ្រើសរើសអ្វីដែលខ្ញុំពេញ ហើយនិងមានការផ្លាស់ប្តូរពីបច្ចុប្បន្នដែលខ្ញុំមាន»។
អ្នកនាងក៏បានរិះគន់រដ្ឋាភិបាលពីការដឹកនាំជាង៣០ឆ្នាំមកហើយថាមិនអភិវឌ្ឍ ដូចបណ្តាប្រទេសផ្សេងទៀត។
អ្នកនាងបានបន្ថែមថា៖
«បើខ្ញុំក្រឡេកមើលទៅប្រទេសគេ ខ្ញុំអត់បានទៅមែន ប៉ុន្តែខ្ញុំមានបងប្អូននៅហ្នឹង គឺគាត់ថារដ្ឋាភិបាលគេ គឺខុសពីរដ្ឋាភិបាលស្រុកខ្មែរឆ្ងាយណាស់ ប៉ុន្តែខ្ញុំមិនមែនទាមទារការប្រៀបធៀបទេ តែខ្ញុំឃើញស្ថានភាពបច្ចុប្បន្នអញ្ចឹងមែន គឺគាត់អត់សូវមានឲ្យតម្លៃប្រជាពលរដ្ឋទេ គឺគាត់យកតែបុគ្គលច្រើនជាង»។
ចំណែកយុវជន អឿន គឹមហេង អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ ដែលបានបោះឆ្នោតនៅសង្កាត់ឫស្សីកែវ បានថ្លែងប្រាប់ VOA ថា នេះជាលើកដំបូងហើយដែលលោកបានបោះឆ្នោត និងបានបំពេញតួនាទីជាប្រជាពលរដ្ឋមួយរូប។
ទោះជាយ៉ាងណា លោកបានថ្លែងថា លោកបានស្គាល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិមួយចំនួន។ តែលោកថា លោកបានបោះឆ្នោតមើលតែគណបក្សជារួម ដែលលោកពេញចិត្ត។
លោកបាននិយាយថា៖
«តំណាងនៃសង្កាត់ក្រុមប្រឹក្សាមួយៗ យើងដឹងអស់ហើយ អញ្ចឹងយើងសម្រេចចិត្តថាក្រុមប្រឹក្សាណាដែលមានប្រជាប្រិយភាព ទីពីរគាត់មានសមត្ថភាពបំពេញ កាតព្វកិច្ចឲ្យប្រជាពលរដ្ឋរបស់យើងនៅតាមភូមិសង្កាត់ហ្នឹង»។
នៅក្នុងសង្កាត់ឫស្សីកែវ កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិទទួលបានសំឡេងលើសគណបក្សប្រជាជនកម្ពុជាជាង៣ពាន់សំឡេង។ នេះនាំឲ្យគណបក្សសង្រ្គោះជាតិសង្ឃឹមថានឹងទទួលបានតំណែងចៅសង្កាត់សម្រាប់អាណត្តិនេះ។
បេក្ខជនប្រកួតប្រជែងយកតំណែងចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ លោកស្រី ច័ន្ទ សំណាង បានថ្លែងថា លោកស្រីនឹងឈ្នះការបោះឆ្នោតនេះ ដោយសារសំឡេងគាំទ្រកាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។ លោកស្រីបន្តថាលោកស្រីបានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាកាលពីឆ្នាំ២០០៧ តែចាញ់វិញកាលពីឆ្នាំ២០១២ ដោយលោកស្រីថាមកពីការលួចបន្លំសន្លឹកឆ្នោត។
ចៅសង្កាត់ឫស្សីកែវ លោក មូល វីរៈ ដែលបានឈរឈ្មោះសម្រាប់គណបក្សប្រជាជនកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយជាមួយVOAដោយថាមិនមានពេលវេលា។
កាលពីថ្ងៃទី២ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខជាលើកដំបូង ដើម្បីដឹកនាំក្បួនឃោសនារកការគាំទ្រនៅថ្ងៃចុងក្រោយ ។ លោកក៏បានផ្ញើសារទៅប្រជាពលរដ្ឋថាសូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បើទោះមិនពេញចិត្តមនុស្សម្នាក់ ឬពីរនាក់មកពីគណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះបោះឆ្នោត។
លោកបានថ្លែងថា៖
«បក្សយើងបានទទួលស្គាល់ថា យើងមិនទាន់ធ្វើបានល្អឥតខ្ចោះនោះទេ។ យើងនូវមានការខ្វះខាតដែលបាននឹងកំពុងកែលម្អ។ យើងក៏នៅមានមន្រ្តីមួយចំនួននៅមានឥរិយាបថមិនត្រឹមត្រូវ ប៉ុន្តែយើងត្រូវយល់ឲ្យច្បាស់ និងថ្លឹងច្បាស់ រវាងម្ខាងគុណសម្បត្តិរបស់គណបក្ស និងម្ខាងរវាងគុណវិបត្តិរបស់គណបក្សដែលមិនទាន់បានបំពេញបំណងប្រាថ្នារបស់បងប្អូនបាន»។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់៨២៩២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៥៩២ ក្នុងចំណោមឃុំសង្កាត់ទាំង១៦៣៣ទូទាំងប្រទេសនៅក្នុងអាណត្តិនោះ។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមួយឆ្នាំក្រោយមក បានច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិនោះ ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ៕