ជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរទូទៅបានផលិត និងកត់ត្រាពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួនជារូបភាព និងវីដេអូឯកសារនានាសម្រាប់ទុកជាអនុស្សាវរីយ៍ ក៏ប៉ុន្តែសម្រាប់កូនចៅជំនាន់ក្រោយរបស់គណបក្សកាន់អំណាច ទម្លាប់នេះបានក្លាយជាការពេញនិយមក្នុងការបង្អួតពីភាពមានបាន និងអំណាចរបស់ពួកគេទៅវិញ។
អ្នកវិភាគយល់ថា ការព្យាយាមសម្ញែងភាពមានបាន និងអំណាចរបស់អ្នកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាអាចជះផលអាក្រក់ដល់ខ្លួនពួកគេវិញ។
រាប់រយឆ្នាំមកនេះ ពលរដ្ឋកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ដោយមានការហែជំនូនពីក្រុមគ្រួសារកូនកម្លោះ ដើរជាក្បួនទៅកាន់ផ្ទះកូនក្រមុំជាមួយនឹងបណ្ណាការ និងវត្ថុមានតម្លៃជាច្រើនដែលពួកគេអាចរកបាន។
សព្វថ្ងៃនេះពិធីហែជំនូននៅតែត្រូវបានធ្វើឡើងជាធម្មតា និងផលិតឡើងជាវីដេអូហើយវាបានក្លាយជាសញ្ញាតំណាងឱ្យភាពស្តុកស្តម្ភរបស់សង្គមអ្នកមានអំណាចក្នុងប្រទេសកម្ពុជា ដោយហេតុថា មានគ្រួសារអភិជននៃគណបក្សកាន់អំណាចកាន់តែច្រើនឡើង បានបង្កើតវាជាវីដេអូ ដើម្បីតាំងបង្ហាញជាសាធារណៈ បញ្ជាក់ពីភាពមានបាន ទ្រព្យសម្បត្តិ និងជោគសំណាងរបស់ពួកគេ ដែលគ្រួសាររបស់ពួកគេភ្ជាប់សាច់ឈាមនឹងគ្នា។
នៅពេលដែលកូនចៅជំនាន់ក្រោយនៃគ្រួសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារៀបអាពាហ៍ពិពាហ៍នាខែមិថុនាកន្លងទៅ ពួកគេបានផលិតខ្សែវីដេអូជាច្រើនបង្ហោះទៅបណ្តាញសង្គម យូធូប (Youtube) និង ហ្វេសប៊ុក (Facebook) ដែលធ្វើឲ្យមានការចាប់អារម្មណ៍។ ភ្លាមៗនោះក៏មានការចាប់អារម្មណ៍ និងការជជែកគ្នាយ៉ាងច្រើនអំពី របៀបរស់នៅរបស់អភិជនក្នុងប្រទេសកម្ពុជា និងការភ្ជាប់សាច់ឈាមរបស់ពួកគេ។
ក្នុងវីដេអូខ្លីឈ្មោះ «ក្តីស្រឡាញ់និងកត្តិយសរបស់ សូកាន និងលក្ខិណា» សុខ សូកាន ដែលជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន បានបង្ហាញការពាក់នាឡិកាដៃម៉ាក Pakek Phillipe ដែលមានតម្លៃថ្លៃមុននឹងឡើងជិះរថយន្តទំនើប Range Rover ចូលទៅកាន់វិមានដ៏ធំស្កឹមស្កៃធ្វើពីថ្មក្រានីតរបស់ សំអាង លក្ខិណា ដែលជាកូនស្រីបង្កើតរបស់ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ។ បន្ទាប់មក កាំម៉េរ៉ាបង្វែរទៅរកសញ្ញាប័ត្រ និងរូបភាពនានាដែលអ្នកទំាងពីរថតជាមួយក្រុមគ្រួសារ រួមទាំងតារាងប្រាក់របស់ក្រុមហ៊ុនវឌ្ឍនៈ។
វីដេអូរបស់លោក សូកាន និងលក្ខិណា ត្រូវបានគេចាប់អារម្មណ៍ ដោយសារតែគុណភាពខ្ពស់នៃវីដេអូនោះ។ ពួកគេទាំងពីរគឺជាគូស្វាមីដ៏លេចធ្លោចុងក្រោយបង្អស់ ក្នុងការបង្ហាញពីភាពមានបានរបស់ខ្លួនតាមរយៈវីដេអូខ្លី ដែលរៀបរាប់នូវអ្វីៗទាំងអស់ ចាប់ពីការភ្ជាប់ពាក្យ ដល់ការទទួលពរជ័យពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វីដេអូមួយទៀតរបស់កូនលោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បង្ហាញកូនលោកនិងគូដណ្តឹង សម្តែងក្នុងសម្លៀកបំពាក់បុរាណនៅក្នុងអង្គរវត្ត និងជិះទូកបុរាណខ្មែរដែលមានពណ៌មាស បន្ទាប់មកពួកគេក៏បង្ហាញពីការជិះឡាន Mercedes ពណ៌សក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ហើយផ្លូវធំមួយចំនួនក្នុងក្រុងភ្នំពេញត្រូវបានបិទ សម្រាប់ពិធីរបស់ពួកគេ។
យឹម បូណ៌មី ចៅស្រីរបស់ឧបនាយករដ្ឋមន្ត្រីពីររូប និង មាស សុភារិទ្ធ កូនរបស់ឧត្តមសេនីយ៍ មាស សុភា បានធ្វើវីដេអូខ្លីល្អដាច់គេ ដោយពណ៌នាស្នេហារបស់ពួកគេនៅយុគសម័យចំនួន៤ គឺសម័យអង្គរ សម័យលង្វែក សម័យសង្គមរាស្ត្រនិយមរបស់ព្រះបាទសម្តេចនរោត្តម សីហនុ ហើយនិងសម័យ «តេជោ» ដែលសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពួកគេក៏បានបង្ហោះវីដេអូនៃពិធីភ្ជាប់ពាក្យរបស់ខ្លួននៅក្នុងភោជនីយដ្ឋានដ៏ថ្លៃមួយនៅក្រុងភ្នំពេញផងដែរ ដោយលោកផ្កាយមួយ សុភារិទ្ធ ស្លៀកពាក់ទាហាន លត់ជង្គង់ស្នើសុំកញ្ញា បូណ៌មី រៀបអាពាហ៍ពិពាហ៍ ដោយមានការហែហមដោយពលទាហាននៅឈរអមសងខាង ប្រដាប់ដោយដាវ។
ហើយនៅពេលដែលកូនៗរបស់លោកសេដ្ឋី លី យ៉ុងផាត់ និងលោក កុក អាន ភ្ជាប់ចំណងអាពាហ៍ពិពាហ៍ លោក យ៉ុងផាត់ បានផ្សព្វផ្សាយការប្រារព្ធពិធីដ៏អស្ចារ្យនេះនៅតាមប៉ុស្តិ៍ទូរទស្សន៍ដែលដាក់ឈ្មោះខ្លួនលោកផ្ទាល់គឺ Phat News Network ឬ PNN។
វីដេអូជាច្រើនត្រូវគេចែករំលែកតៗគ្នានៅតាមបណ្តាញសង្គម ដោយមានអ្នកខ្លះឌឺដង អ្នកខ្លះស្ញប់ស្ញែង ដោយនិយាយថា ពួកគេសរសើរអំពីទ្រព្យសម្បត្តិដែលត្រូវបានបង្ហាញ ហើយគេប្រាថ្នាថា អាចមានលទ្ធភាពដូចគ្នា។
«ខ្ញុំដឹងថា វា [ពិធីរៀបអាពាហ៍ពិពាហ៍] គឺជាថ្ងៃមង្គលដ៏ធំរបស់ខ្ញុំ និងអ្នកទាំងអស់គ្នា ក៏ប៉ុន្តែខ្ញុំគិតថា អ្នកគួរតែមើលមុខជំនួញ គេហដ្ឋាន និងគណបក្សនយោបាយរបស់ខ្ញុំសិន»។
នេះបើតាមយោបល់អ្នកនាង Catherine Harry អ្នកសរសេរប៊្លុកម្នាក់ ដែលបានសរសេរនៅខាងក្រោមវីដេអូរបស់លោកសូកាន និងអ្នកនាងលក្ខិណា។
អ្នកលេងហ្វេសប៊ុកម្នាក់ទៀត គឺអ្នកនាង លីន ណា អាយុ៣២ឆ្នាំ បាននិយាយថា អ្នកនាងពិតជាកោតសរសើរពិធីដែលគេបានធ្វើឡើង ហើយប្រាថ្នាថា នាងអាចរៀបចំអាពាហ៍ពិពាហ៍របស់នាងបែបនោះដែរកាលពីរឆ្នាំមុន។
«និយាយរួមរឿងរៀបការ នរណាម្នាក់ក៏ចង់បានដែរ ចង់បានល្អ ចង់បានអឹកអធឹក។ បើឃើញគេវិញចង់ណាស់ តែលទ្ធភាពយើងមិនដល់គេ។ អីចឹងហើយយើងធ្វើតាម លទ្ធភាពអ្វីដែលយើងមាន បានប៉ុន្មានគឺប៉ុណ្ណឹងឯង»។
អ្នកនាង លីន ណា សន្និដ្ឋានថា វាគឺជាផលបុណ្យល្អដែលគូស្នេហ៍នោះបានសាងពីជាតិមុនដែលធ្វើឲ្យពួកគេអាចរៀបចំបាននូវពិធីដ៏ទាក់ទាញមួយនេះ។ វាក៏អាចជាមូលហេតុមួយដែរ។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ Hun Sen’s Cambodia បាននិយាយថា ផ្នត់គំនិតនៃផលបុណ្យគឺជាផ្នែកមួយសំខាន់ក្នុងវប្បធម៌នយោបាយកម្ពុជា។ ដូច្នេះវីដេអូនោះមានគោលបំណងពីរ គឺការបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារឥស្សរជន និងផលបុណ្យដែលគេបានសាង។
«ការបង្ហាញទ្រព្យសម្បត្តិដើម្បីទាក់ទាញការចាប់អារម្មណ៍ គឺជាវិធីសាស្រ្តធម្មតាមួយដែលមនុស្សប្រើសម្រាប់បង្ហាញពីផលបុណ្យដែលពួកគេបានសាងឡើងកាលពីជាតិមុន» នេះ បើយោងតាមការលើកឡើងរបស់លោកStrangio។
«ខ្ញុំគិតថា វីដេអូប្រភេទនេះបង្ហាញសារថា ជនទាំងនោះមានបុណ្យ ហើយពួកគេសមនឹងទទួលទ្រព្យដែលពួកគេមាន ហើយដោយសារពួកគេមានទ្រព្យសម្បត្តិ ពួកគេធ្វើអ្វីក៏សម»។
ដូចគ្នានេះផងដែរ នៅពេលដែលអាពាហ៍ពិពាហ៍របស់កូនប្រុសលោក ស ខេង ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានគេរិះគន់ដោយសារបានបិទផ្លូវនៅកណ្តាលរាជធានីភ្នំពេញកាលពីឆ្នាំមុន ដែលជាការបំពានច្បាប់ដែរនោះ ខុទ្ទការល័យរបស់លោកបានសរសេរសំបុត្រមួយទៅកាន់កាសែត The Cambodia Daily ដោយលើកហេតុផលថា ការប្រារព្ធអាពាហ៍ពិពាហ៍ធំគឺជារឿងធម្មតាក្នុងសង្គមកម្ពុជា។ លិខិតនោះបន្តថា អ្នកណាដែលមិនយល់ស្របគឺ«ចង់ឲ្យប្រទេសកម្ពុជាក្លាយជាស៊ីរីថ្មី»។
ប៉ុន្តែយុទ្ធសាស្រ្តក្នុងការបង្ហាញសក្តានុពលរបស់ឥស្សរជន និងភាពសម្បូរបែប ការរីកដុះដាលសណ្តាប់ធ្នាប់សង្គមដ៏ខ្លាំងមួយនេះអាចនឹងមិនទទួលបានអ្វីច្រើនមកវិញនោះទេ។ ការមិនសប្បាយចិត្តចំពោះទ្រព្យសម្បត្តិមិនស្មើគ្នា និងការទទួលបានការអប់រំ និងការងារសម្រាប់ប្រជាជនក្រីក្រនៅមានកម្រិត បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ អ្នកវិភាគជាច្រើនបានលើកឡើងថា វាជាគន្លឹះសំខាន់ដែលធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សសង្រ្គោះជាតិបានរីកឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
«វានឹងក្លាយជាបញ្ហា ប្រសិនបើផ្នត់គំនិតនេះចាប់ផ្តើមបង្កើតឱ្យមានប្រតិកម្មប្រឆាំងនឹងការបង្ហាញទ្រព្យសម្បត្តិនេះ»។
នេះបើតាមការលើកឡើងរបស់ លោក Strangio។
ស្របគ្នានោះដែរ លោក អៀ សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក យល់ស្របថា វីដេអូដែលបង្ហាញពីទ្រព្យសម្បត្តិហួសប្រមាណរបស់ឥស្សរជននយោបាយនេះ អាចនឹងមានលទ្ធផលមិនល្អបកមកពួកគេវិញ។ លោកបានបន្តថា កាលពីឆ្នាំ២០០៦ សាធារណជនបានមានការខឹងសម្បារអំពីវីដេអូបែកធ្លាយមួយរបស់អាពាហ៍ពិពាហ៍កូនស្រីរបស់ឧត្តមសេនីយ៍មីយ៉ាន់ម៉ា លោក Than Shwe ដែលបង្ហាញពីពិធីពិសារអាហារពេលល្ងាចដ៏ហូរហៀរ ស្រាសំប៉ាញ គុជខ្យង និងពេជ្រ។ សារព័ត៌មាន Irrawaddy បានរាយការណ៍ពិធីនេះដោយនិយាយថា ជា«ទង្វើហ៊ឺហាមិនបានគិត» ចំពោះមុខភាពក្រីក្ររបស់ប្រទេសនេះ។
លោកសាស្ត្រាចារ្យ អៀ សុផល បានបញ្ជាក់ក្នុង Email មកកាន់ VOA យ៉ាងដូច្នេះថា៖
«យើងសង្ឃឹមថា កំហឹងបន្ទាប់ពីអាពាហ៍ពិពាហ៍របស់កូនស្រីលោក Than Shwe ក្នុងប្រទេសភូមានឹងមិនកើតឡើងនៅក្នុងកម្ពុជាទៅចុះ! ពិតណាស់ បើសិនជាអ្នកមានលុយសម្រាប់ដុតចោល ហើយចង់បង្កើតវីដេអូដ៏អស្ចារ្យមួយដែលរំឭកប្រជាជនពីភាពលំបាកក្រីក្រ អ្នកពិតជាអាច។ ប៉ុន្តែវានឹងត្រឡប់មករកអ្នកវិញ នៅពេលដែលមានការយល់ឃើញថា វាមានភាពអយុត្តិធម៌ចំពោះការបង្អួតពីទ្រព្យដែលបានពីអំពើទុច្ចរិត អាចធ្វើឲ្យមនុស្សគិតខុស»។
ហានិភ័យគឺពិតជាខ្ពស់ណាស់ដោយសារតែស្លាកគណបក្សប្រជាជនត្រូវបានបង្ហាញជាច្រើនឈុតឆាកនៅក្នុងវីដេអូអាពាហ៍ពិពាហ៍ ហើយជារ៉ើយៗ គូស្នេហ៍ក្នុងអាពាហ៍ពិពាហ៍នោះត្រូវបានឲ្យពរជ័យពីនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ផ្សេងៗរបស់គណបក្សកាន់អំណាចទៀតផង។
វីដេអូ «The Love and Honor of Sokan and Leakhena» បង្ហាញពីលោក សុខ សូកាន កំពុងធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់យ៉ាងសកម្ម ខណៈដែលអ្នកនាង លក្ខិណា ធ្វើការនៅក្នុងការិយាល័យនៃអគារ Vattanac Tower មុនពេលដែលអ្នកទាំងពីរជួបគ្នា។ ស្លាកសញ្ញាគណបក្សលេចចេញជារឿយៗ។ វីដេអូហាក់ដូចជាចង់បង្ហាញថា មិនមែនត្រឹមតែកូនក្រមុំ និងកូនកម្លោះទេដែលបានភ្ជាប់ទំនាក់ទំនងគ្នា ប៉ុន្តែគ្រួសារក្នុងគណបក្សប្រជាជនកម្ពុជាក៏ដូច្នេះដែរ។
លោកសាស្ត្រាចារ្យ អៀ សុផល បានបន្ថែមក្នុងន័យដើមថា៖
«មូលហេតុនោះគឺដើម្បីពង្រឹងទំនាក់ទំនងរបស់ឥស្សរជន ដោយភ្ជាប់ចំណងអាពាហ៍ពិពាហ៍ដែលអាចធានាបាននូវសុវត្ថិភាពរបស់គ្រួសារឥស្សរជន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានច្រានចោលមតិទាំងឡាយណាដែលថា អាពាហ៍ពិពាហ៍របស់កូនចៅនៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងដោយសារមូលហេតុនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននោះ។ លោកបានបន្ថែមថា អាពាហ៍ពិពាហ៍ទាំងនោះគឺជាសុទ្ធតែកើតឡើងពីក្តីស្រឡាញ់ដ៏បរិសុទ្ធ និងសាមញ្ញ។
អ្នកនាំពាក្យរូបនេះបញ្ជាក់យ៉ាងដូច្នេះ៖
«សេចក្តីស្រឡាញ់អត់មានព្រំដែនទេ! នៅក្នុងសាច់រឿងខ្មែរ គឺមានរហូតដល់មនុស្សស្រឡាញ់ពស់ រហូតដល់ស្រឡាញ់យក្សទៅទៀត។ ដូច្នេះសេចក្តីស្រឡាញ់គឺគ្មានព្រំដែននោះទេ។ ការលើកឡើងនោះ គឺជាការវាយប្រហារក្នុងន័យនយោបាយ បង្អាប់ដល់ការសម្រេចចិត្តរបស់កូនកម្លោះ កូនក្រមុំ»។
ទាក់ទិនទៅនឹងការរិះគន់ដែលថា ប្រជាជនកម្ពុជាទោមនស្សក្នុងការរៀបអាពាហ៍ពិពាហ៍ដ៏ខ្ជះខ្ជាយរបស់កូនថ្នាក់ដឹកនាំគណបក្សកាន់អំណាច លោក ផៃ ស៊ីផាន បានថ្លែងការពារថា ពិធីអាពាហ៍ពិពាហ៍នោះអាចជាកត្តាជួយឱ្យមានការចំណាយ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អទៅមុខ៕