អង្គការ​សង់ត្រាល់៖ ក្នុង​រយៈ​ពេល​៣​ខែ កម្មករ​ជាង​១​ម៉ឺន​នាក់​ចេញ​មុខ​តវ៉ា​រឿង​បិទ​រោងចក្រ មិន​គោរព​ច្បាប់​ការងារ

រូបឯកសារ៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

ក្នុង​រយៈ​ពេល​ជាង​៣​ខែ​មក​នេះ ​កម្មករ​រោងចក្រ​សរុប​ជាង​ ១ ​ម៉ឺន​នាក់ ​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ការ​ផ្តល់​ប្រាក់​ការងារ​ និង​ទូទាត់​ប្រាក់​តាម​ផ្លូវ​ច្បាប់​ក្រោយ​រោងចក្រ​ប្រកាស​ព្យួរ​ការងារ​របស់​កម្មករ​រួច​ហើយ​ក៏​បិទ​រោងចក្រ​តែ​ម្តង។​ នេះ​បើ​តាម​មន្រ្តី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អង្គការ​របស់​លោក​បាន​ចង​ក្រង​ការ​តវ៉ា​របស់​កម្មករ​ដែល​រោងចក្រ​របស់​ពួក​គេ​បិទ​ផលិត​កម្ម ​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ។ ​

ក្នុង​នោះ​កម្មករ​ចំនួន ​១១.៣២៩ ​នាក់​ មក​ពី​រោងចក្រ​ចំនួន​ ១៩​ បាន​ចេញ​មុខ​តវ៉ា។ ​រោងចក្រ​ទាំង​នោះ​មាន​នៅ​ភ្នំពេញ​នៅ​ខេត្ត​កណ្តាល ​ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​តាកែវ។​ លោក​ថា​ ចំនួន​កម្មករ​ដែល​ចេញ​មុខ​តវ៉ា​អាច​លើស​នេះ ដោយសារ​អង្គការ​របស់​លោក​មិន​បាន​ចង​ក្រង​ទូទាំង​ប្រទេស​និង​គ្រប់​រោងចក្រ​នោះ​ទេ។​

បើ​តាម​លោក ​ថារ៉ូ ​ការ​ទាមទារ​របស់​កម្មករ​រួម​មាន​ការ​មិន​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ការ​បញ្ឈប់​មិន​ផ្តល់​សំណង​ការ​ព្យួរ​ការងារ​កម្មករ​ តែ​ក្រោយ​មក​បញ្ឈប់​តែ​ម្តង​និង​ការ​មិន​ផ្តល់​ប្រាក់​ខែ​ចុង​ក្រោយ​ដែល​ពួក​គេ​បំពេញ​ការងារ​ជាដើម។​

លោក​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃច័ន្ទ​នេះ៖​ «យើង​គិត​ថា​បើ​សិន​ជា​ស្ថានភាព​ហ្នឹង​ វា​កាន់​តែ​អូស​បន្លាយ​យូរ​ទៅ ​វា​កាន់​តែ​មាន​រោងចក្រ​ផ្សេងៗ​ទៀត​ហ្នឹង​ប្រឈម​ទៅ​នឹង​ការ​បិទ​ទ្វារ​ ឬ​ក៏​ការ​បិទ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង ​ឬ​ក៏​មិន​មាន​ការ​ទូទាត់​ឲ្យ​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​កម្មករ​និយោជិត។​ ហើយ​នៅ​ក្នុង​លក្ខខណ្ឌ​ហ្នឹង​ហើយ ​ដែល​យើង​មើល​ឃើញ​ថា​ បញ្ហា​ប្រឈម​របស់​កម្មករ​គាត់​នឹង​អាច​បាត់​បង់​នូវ​អត្ថ​ប្រយោជន៍​ការ​គាំពារ​ផ្នែក​ច្បាប់​នូវ​សំណង​នៃ​ការ​ទូទាត់​ដែល​កម្មករ​គាត់​ត្រូវ​ទទួល​បាន​ក្នុង​ករណី​ ដែល​ក្រុមហ៊ុន​រោងចក្រ​ហ្នឹង​ត្រូវ​បាន​បិទ​ទ្វារ»។​

លោក​ ឃុន ថារ៉ូ​ បារម្ភ​ថា​នឹង​មាន​ការ​តវ៉ា​បន្ថែម​ទៀត​ ប្រសិន​បើ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់ៗ។​ លោក​បន្ថែម​ថា​ មាន​តែ​ក្រសួង​ការងារ​ទេ​ដែល​ជា​អ្នក​ដោះស្រាយ​បញ្ហា​នេះ​បាន​ ដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ ស្ថានភាព​ហ្នឹង​អ្នក​ទទួល​ខុសត្រូវ​គឺ​មាន​តែ​ម្ចាស់​ក្រុមហ៊ុន​ហ្នឹង​ហើយ។ ​ហើយ​កាល​ណា ​គាត់​រត់​ចេញ​ពី​កាតព្វកិច្ច​របស់​គាត់​មិន​ដោះ​ស្រាយ​ ​អាហ្នឹង​មាន​តែ​រដ្ឋ​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​វិធាន​ការ​ផ្នែក​ច្បាប់​ នៅ​ក្នុង​ការ​ចាប់​បង្ខំ​និយោជក​ហ្នឹង​ ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់»។​

បើ​តាម​លោក ​ឃុន ថារ៉ូ​ រោងចក្រ​នោះ​មាន​ដូច​ជា​ New Best Global Textile កំពង់​ស្ពឺ រោងចក្រ​Crystal Martin ​ខេត្ត​កណ្តាល​រោងចក្រ​ Propitious Cambodia​ ខេត្ត​កណ្តាល ​និង​រោងចក្រ​Chea Sinat Garment Factory ​ភ្នំពេញ​ជាដើម។​

កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ New Best Global Textile ​គឺ​អ្នកស្រី​ ព្រហ្ម តុលា​ មាន​ប្រសាសន៍​ថា អ្នកស្រី​និង​កម្មករ​ជាង​ ៧០០​ នាក់​ទៀត ​អត់​មាន​ការងារ​ធ្វើ ​តាំង​ពី​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ ដោយ​ពី​ដំបូង​ឡើយរោងចក្រ​ថា ព្យួរ​ការងារ​និង​ក្រោយ​មក​ថា​បិទ​រោងចក្រ​តែ​ម្តង។​

អ្នកស្រី​ តុលា​ អាយុ​ ៣៦ ​ឆ្នាំ ​មាន​កូន​ ២ ​នាក់​ និង​ជាប់​បំណុល​គេ​ផង​នោះ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មិន​បាន​ទទួល​ប្រាក់​ខែ​ចុង​ក្រោយ ​៨ ​ថ្ងៃ​ ប្រាក់​ឧបត្ថម្ភ​ដែល​សន្យា​ដោយ​រដ្ឋាភិបាល​និង​រោងចក្រ​ ប្រាក់​បំណាច់​ការងារ ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ និង​សំណង​ការ​បិទ​រោងចក្រ​មិន​ជូន​ដំណឹង​ជា​ដើម​នោះ​ទេ។​

អ្នកស្រី​ ព្រហ្ម តុលា​ ដែល​ជា​អតីត​ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ខោ​អាវ​នៅ​រោងចក្រ​ហើយ​ ដែល​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ​ ៣៧០​ ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ បាន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​កំពុង​បារម្ភ​រឿង​ជំពាក់​បំណុល​ធនាគារ​ស្ថាបនា ​ដែល​អ្នកស្រី​ត្រូវ​បង់​មួយ​ខែ​ជាង ​៦០០ ​ដុល្លារ។ ​ពី​ដើម​ឡើយ​ អ្នកស្រី​យល់​ថា ​អ្នកស្រី​មាន​លទ្ធភាព​បង់​រួច​ ដោយសារ​មាន​ចំណូល​ពី​ស្វាមី​លក់​ដូរ​ចាប់​ហួយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ជីវភាព​ពិបាក​ជាង​មុន​ឆ្ងាយ​ ទីមួយ​ ត្រូវ​ការ​លុយ​បង់​ធនាគារ ​ទីពីរ​ លុយ​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​ ហើយ​លុយ​ត្រូវ​ការ​ចាយ​ប្រចាំ​ថ្ងៃ។​ ពិបាក​ខ្លាំង​ដែរ​ហ្នឹង»។

លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​មាន​ប្រសាសន៍​ថា​ មន្ត្រី​ក្រសួង​ទាំង​នៅ​កម្រិត​ក្រសួង​និង​មន្ទីរ​តាម​ខេត្ត​បាន​ចុះ​សម្រប​សម្រួល​ និង​ដោះស្រាយ​វិវាទ​របស់​កម្មករ​ និង​ថៅកែ​រោងចក្រ​ទៅ​តាម​ករណី​នីមួយៗ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ករណី​ខ្លះ​គឺ​ជា​រឿង​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ត្រូវ​ទទួល​បាន ប៉ុន្តែ​ជាក់​ស្តែង​និយោជក​មិន​មាន​ថវិកា​គ្រប់​គ្រាន់ ​ដើម្បី​បើក​ផ្តល់​ជូន​កម្មករ​ ដូច្នេះ​យើង​សម្រប​សម្រួល​ឲ្យ​មាន​ការ​កំណត់​ថ្ងៃ​ឲ្យ​បាន​ច្បាស់​លាស់។ ​ក្នុង​ករណី​មិន​មាន​លទ្ធភាព​ជា​អចិន្ត្រៃយ៍ ​គឺ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ក្ស័យ​ធន​បិទទ្វារ​រោងចក្រ»។​

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការងារ​បាន​សម្រេច​លើក​ពេល​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​សម្រាប់​កម្មករ​ទៅ​ឆ្នាំ ​២០២១​ ក្នុង​គោល​បំណង​ជួយ​ដល់​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩។​

លោក​ ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា ​GMAC​ មាន​ប្រសាសន៍​ថា​ កម្មករ​ដែល​មាន​បញ្ហា​អាច​ប្តឹង​ទៅ​ក្រសួង​ការងារ​ ដែល​លោក​ថា ក្រសួង​អនុវត្ត​ទៅ​តាម​ច្បាប់។​ លោក​បញ្ជាក់​ថា ​លោក​មិន​មាន​ព័ត៌មាន​ថា​ តើ​មាន​រោងចក្រ​ដែល​មិន​គោរព​តាម​ច្បាប់​ការងារ​ដូច​ការ​លើក​ឡើង​របស់​កម្មករ​ ឬ​យ៉ាងណា​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​អត់​ដឹង​ថា​រោងចក្រ​ណា​ (ដែល​អត់​គោរព​ច្បាប់)​ ប៉ុន្តែ​ទោះ​បី​យ៉ាងណា​ក៏​ដោយ​ពិបាក​យ៉ាង​ម៉េច បើ​មាន​រោងចក្រ​ក្ស័យ​ធន់​ អាហ្នឹង​ធ្វើ​តាម​នីតិវិធី​ក្ស័យ​ធន់។​ឧទាហរណ៍​យក​ទ្រព្យ​សម្បត្តិ​រោងចក្រ​ទៅ​លក់​ លក់​ហើយ​សល់​លុយ​ប៉ុន្មាន​សង​ទៅ​កម្មករ។​ ហើយ​ខ្ញុំ​អត់​ដឹង​តួលេខ​សង់​ត្រាល់​បាន​មក​ពីណាមួយ​ម៉ឺន​ជាង។​ ខ្ញុំ​អត់​ដឹង​ទេ»។

បើ​តាម​លោក ​ខេន លូ ​គិត​ត្រឹម​សប្តាហ៍​មុន​ រោងចក្រ​ចំនួន​ ២៥៩ ​ត្រូវ​បាន​ព្យួរ​ដំណើរ​ការ​ ព្រោះ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ​ដោយ​សារ​ការ​រាល​ដាល​ជំងឺ​កូវីដ។​ លោក​ថា​ ការ​ព្យួរ​រោង​ចក្រ​ទាំង​នោះ​ធ្វើ​ឲ្យ​កម្មករ​ជាង​ ១៣​ ម៉ឺន​នាក់​ ត្រូវ​ព្យួរ​ការងារ។​

ចាប់​តាំង​ពី​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​រោងចក្រ​ផ្តល់​ប្រាក់​ ៣០​ ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​កម្មករ។​ ចំណែក​រដ្ឋាភិបាល​ថា ​ផ្តល់​ឲ្យ ​៤០ ​ដុល្លារ។​ ប៉ុន្តែ​សហជីព​លើក​ឡើង​ថា​ កម្មករ​មួយ​ចំនួន​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​ ៨០​ ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ៕