សម្រាប់​ប្រជាជន​កម្ពុជា​ភាគ​ច្រើន ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្ងៃទី ០៤ ​មិថុនា គឺជា​ការ​ផ្លាស់ប្ដូរ

ស នាង អាយុ៤៧ឆ្នាំ អនុប្រធាន​ភូមិ​ខ្មួញ បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះជាតិ ប្រាប់ VOA អំពី​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់នៅ​ភូមិ​របស់​លោក កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

«ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា​ ដល់​ថ្ងៃ​បោះឆ្នោត​សូម​បោះ​ឆ្នោត​ទាំង​អស់​គ្នា ព្រោះ​ការ​បោះ​ឆ្នោត​គឺ​យើង​សង្ឃឹម​ថា​អាច​ផ្លាស់ប្ដូរ​ស្ថាន​ភាព​សង្គម»។

កាល​ពី​ឆ្នាំ​ ២០០១ អាជ្ញាធរ​កម្ពុជា​បាន​បណ្ដេញ​ លោក នាង ស និង​គ្រួសារចេញ​លំនៅឋាន​របស់​លោក នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ដើម្បី​យក​ដី​នោះឲ្យ​ទៅ​គម្រោង​អភិវឌ្ឍន៍​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។

ការ​ទទួល​បាននូវ​បទ​ពិសោធន៍​បែប​នេះ​ ជាមួយ​នឹង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ជំរុញ​ឲ្យ លោក នាង ប្រឡូក​ក្នុង​នយោបាយ។ បច្ចុប្បន្ន​លោក​គឺ​ជា​ចៅ​សង្កាត់​រង​ ប្រចាំ​សង្កាត់​ឃ្មួញ ក្នុង​ខណ្ឌ​សែន​សុខ ​ជា​ខណ្ឌ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ។ សព្វ​ថ្ងៃ​នេះ លោក​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ ដើម្បី​ក្លាយ​ខ្លួន​ជាចៅ​សង្កាត់ នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​នា​ថ្ងៃ​ទី ០៤ ខែ​មិថុនា ខាង​មុខ​នេះ​។ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​លើក​នេះ ​មាន​ ១៦៤៦ ឃុំ-សង្កាត់ ហើយ​គេ​រំពឹង​ថា​ការ​បោះឆ្នោត​នេះ​ នឹង​ផ្ដល់​នូវ​ការ​ឆ្លុះ​បញ្ចាំង​មួយ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រក្នុង​ឆ្នាំ ២០១៨។

លោក នាង អាយុ ៤៦ ឆ្នាំ​ប្រាប់ VOA ថា៖ «​ខ្ញុំ​ឈរ​ជា​បេក្ខជន​លេខ​មួយនៅ​ក្នុង​គណបក្ស CNRP នេះ គឺ​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ចរន្ត​មួយ ដែល​ប្រជាពលរដ្ឋ​ចង់​មាន​ការ​ផ្លាស់​ប្ដូរ»។

​បេក្ខជន​ទីពីរ លោក មាស ​រដ្ឋា និង​ លោក នាង កំពុង​ធ្វើ​ការ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ឃ្មួញ​ដែលមាន​សិទ្ធិ​បោះ​ឆ្នោត មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ត្រឹម​ត្រូវ​ដើម្បី​ទៅ​បោះ​ឆ្នោត។ លោក​រដ្ឋាលើក​ឡើង​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មិន​សប្បាយ​ចិត្ត​មាន​ដូច​ជា៖​ ការ​បរាជ័យ​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព និង​អប់រំ កង្វះ​ការ​ងារ ការ​រំលោភ​ដី​ធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​គ្រឿងញៀន។

លោក សុខ ធិន អាយុ ២៤ ឆ្នាំ ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ឃ្មួញ​ និង​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា​ ដល់​ថ្ងៃ​បោះឆ្នោត​សូម​បោះ​ឆ្នោត​ទាំង​អស់​គ្នា ព្រោះ​ការ​បោះ​ឆ្នោត​គឺ​យើង​សង្ឃឹម​ថា​អាច​ផ្លាស់ប្ដូរ​ស្ថាន​ភាព​សង្គម»។

ដូច​គ្នា​ទៅ​នឹង​ការ​បោះ​ឆ្នោត​នៅ​កន្លែង​ផ្សេង​ដែរ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​សាមញ្ញ ក្នុង​ការ​ចូលរួម​ក្នុងដំណើរ​ការ​សម្រេច​ចិត្តមួយ​ ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​មាន​ភាព​ស្រស់បស់។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំទាស់​នឹង​ការ​ជំរុញ​ឲ្យ​មាន​ស្វ័យភាព​ក្នុង​មូលដ្ឋាន នឹង​បាន​ផ្ដល់​ថវិកា ត្រឹមតែ​ ២,៨ ភាគរយ នៃ​ថវិកា​ជាតិ​សរុប​សម្រាប់​ឃុំ​សង្កាត់ នេះ​បើ​តាម​តួលេខដែល​បាន​បញ្ចេញ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុកាល​ពី​ឆ្នាំ​មុន។

ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដំបូង​ក្នុង​ឆ្នាំ ២០០២ ដោយ​សារ​ឥទ្ធិពល​ពី​អ្នក​ផ្ដល់​ជំនួយ​ដូច​ជា អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ដែល​អំពាវ​នាវ​ឲ្យ​មាន​អំណាច​វិមជ្ឈការ ដែល​លោក​ហ៊ុន​ សែន បាន​ប្រមូល​ផ្ដុំ​អំណាច​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៥ មក​ម្ល៉េះ។ គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​លើកទីមួយ និង​លើក​ទី​ពីរ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០១២ បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៨២៩២ កៅអី ក៏​មាន​គណបក្ស​ប្រឆាំង​ពីរ​ទៀត គឺ​គណបក្ស​ សម​ រង្ស៊ី ដែល​ជា​ឈ្មោះ​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​លា​លែង​ពី​តំណែងកាល​ពី​ខែ​កុម្ភៈ​ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ពី​គម្រោង​បង្កើត​ច្បាប់ ដែល​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង ​ទទួល​បាន​ ២១៥៥ កៅអី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន ៨០០ កៅអី។ មួយ​ឆ្នាំ​ក្រោយ​មក គណបក្ស​ប្រឆាំង​ទាំង​ពីរ​ រួម​បញ្ចូល​គ្នា បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល ៥៥ អាសនៈ ក្នុង​ចំណោម ១២៣ អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ។​

នៅ​ក្នុង​ឆ្នាំ​នេះ ខណៈ​ពេល​ដែល​ការ​ប្រឆាំង​និង​គណ​បក្ស​ប្រជាជនកម្ពុជាកំពុង​បន្ត​កើត​ឡើង ក៏​មាន​សំណួរ​ចោទ​សួរ​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ។ លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Comfrel បាន​និយាយ​ថា៖ «ប្រជាធិបតេយ្យ​មិន​មែន​មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត បំពេញ​កាតព្វកិច្ច​ឲ្យ​គ្រប់ ពាក្យ​ថា​ប្រជាធិបតេយ្យ​នឹង​ទេ។​ ប្រជាធិបតេយ្យ​វា​ទាល់​តែ​មាន​ការ​បែប​នេះ ប៉ុន្តែ​ការ​បោះ​ឆ្នោត​វា​ទាល់​តែ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​សេរី​ត្រឹម​ត្រូវ​នឹង​យុត្តិធម៌​ស្រប​តាម​គោល​ការណ៍​ជាតិ។»

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង​ថា​មាន​ការ​គំរាម​កំហែង និង​ការ​ទិញ​សន្លឹក​ឆ្នោត ដោយ​បាន​លើក​ឡើង​ថា៖ «ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទិញ​សន្លឹក​ឆ្នោត​ គឺជា​ការ​ប្រមាថ​ដល់​ឆន្ទៈ​របស់​ប្រជាជន»។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត និង​បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ប្រពៃណី ទៅ​ជា​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បែប​ឌីជីថល។ យោង​តាម​ប្រភព​មួយ ប្រជាជន​ចន្លោះ​ពី ៨១,៤៧ ភាគរយ ទៅ ៩៥ ភាគរយក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៩,៦ លាន​នាក់ បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

ចំនួន​នេះ​ប្រហែល​ជា​អាច​បង្ក​ឲ្យ​មាន​ការ​រីក​លូត​លាស់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​បើ​សិនជា​មាន​ការ​គំរាម​កំហែង ​ការទិញ​សន្លឹក​ឆ្នោត ការ​បោះ​ឆ្នោត​ដែល​មិន​សេរី​ និង​មិន​យុត្តិធម៌​មែន​នោះ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​មិន​មាន​ន័យ​អ្វី​ទាំង​អស់។ នេះ​បើ​តាម​សម្ដី​របស់​លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ Comfrel។​

លោក Michael Sullivan អ្នក​និពន្ធ​សៀវភៅ​ Cambodia Votes ជា​សៀវភៅ​ដែល​សិក្សា​អំពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ បាន​និយាយ​យ៉ាង​សាមញ្ញ​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នឹង​មិន​អាច​កើត​ឡើង​ឡើយ។ «ប្រព័ន្ធ​បោះ​ឆ្នោត​មាន​ទំនោរ​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ធន​ធាន​របស់​រដ្ឋ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ការប្រព្រឹត្តិ​ខុសឆ្គង​ក្នុង​ផ្នែក​រដ្ឋ​បាល និង​ការិយាធិបតេយ្យ ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​បាន​ព្យាករណ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​មិថុនា​នេះ​ឡើយ។

លោក​បាន​ប្រាប់ VOA ថា៖ «ទី​មួយ វា​នឹង​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ក្លា ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​សារ​តែ​ការ​ត្រួត​ត្រា​នៅ​តំបន់​ជន​បទ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​មិន​សម្លឹង​ឃើញ​ការ​ផ្លាស់ប្ដូរ​ខ្លាំង​ក្លា​នេះ​កើត​ឡើង​នៅ​ឡើយ​ទេ។ ទីពីរ​ វា​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ក្លា​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួន​ឯង ដែល​អនុញ្ញាត​ឲ្យ​មានការ​បោះ​ឆ្នោតដែល​មា​ន​សម​ភាព»។​

បើ​គ្មាន​រលក​នៃ​ការ​ផ្លាស់​ប្ដូរ​ទេ​នោះ ​ការ​ផ្លាស់ប្ដូរ​ក៏​មិន​អាច​កើត​ឡើង​ឡើយ ដោយ​សារ​តែប្រជាជនភាគ​ច្រើន​គិត​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​ជា​ប្រភព​នៃ​ស្ថិរភាព និង​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​មួយ ដែល​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ថ្មីៗ​នេះ យារ​យី​ដោយ​ការ​ឡើង​កាន់​អំណាច​នៃ​ក្រុម​ខ្មែរ​ក្រហមក្នុង​ឆ្នាំ ១៩៧៥។ ប៉ុន្តែ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់គណបក្ស​នេះ ​គេ​ក៏​បាន​សង្កេតឃើញ​ផង​ដែរ​ នូវ​វប្បធម៌​ពុក​រលួយ តាម​រយៈ​បណ្ដាញ​អ្នក​មាន​បុណ្យស័ក្ដិ​ និង​ទ្រព្យ​សម្បត្តិ​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ប្រព័ន្ធ​តុលាការ និង​កង​ទ័ព ដែល​មាន​ភក្ដីភាពទៅ​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា។

លើស​ពី​នេះ ការ​ជំរុញ​ឲ្យមានការ​គិត​ពី​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ដូច​ជា លោក នាង លោក សុខ ធិន និង​ លោក​រដ្ឋា គឺ​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្នក​ដែល​បញ្ចេញ​មតិ​លើ​បញ្ហា​រសើប​ៗ។ បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ ២៧ នាក់ ដែល​បានបញ្ចេញ​មតិ​លើ​បញ្ហា​រសើប​ទាំងនេះ ដាក់​ពន្ធនាគារ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក នាង ជឿ​ជាក់​លើ​គោល​ជំហរ​មួយ​ថា ​បញ្ហា​ទាំង​នេះ នឹង​មាន​ឥទ្ធិពល​ទៅ​អ្នក​បោះ​ឆ្នោត​ដែល​ចង់​បាន​ការ​ផ្លាស់​ប្ដូរ។​

អ្នកស្រី អ៊ឹម សារី អាយុ ៥៦ ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ឃ្មួញ គឺ​ជា​ប្រជាពល​រដ្ឋក្នុង​ចំណោម​អ្នក​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​នោះ។ អ្នក​ស្រី​បាន​និយាយ​ថា៖ «ការ​បោះ​ឆ្នោត​ វាសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​យើង»។

អ្នកស្រី​បន្ថែមថា៖ «ខ្ញុំ​ចង់​ឲ្យ​កែ​ប្រែក្នុង​ភូមិ កែប្រែ​ដូច​ជា​គ្រឿង​ញៀន​ គ្រឿង​អី​អញ្ចឹង កុំ​ឲ្យ​មាន​។ វា​ខូច​ក្មេង ខូចក្មេង​ស្រករ​ក្រោយ​អស់​ហើយ កូន​យើង​កូន​គេ​អញ្ចឹង​ទៅ​ណាស់។ ចង់ឲ្យ​សង្គម​ប្រែ​ប្រួល​រឿង​ហ្នឹង»៕