កាលពីនៅរាជធានីភ្នំពេញ អ្នកបច្ចេកវិទ្យាវ័យក្មេងកម្ពុជា៥នាក់ស្គាល់គ្នាដោយសារតែកេរ្តិ៍ឈ្មោះ ប៉ុន្តែពួកគេមិនមានឱកាសស្គាល់គ្នាឲ្យបានច្បាស់នោះទេ។ ក្រោយធ្វើដំណើរទស្សនកិច្ចសិក្សាជុំវិញសហរដ្ឋអាមេរិករយៈពេល៣សប្តាហ៍មក ពួកគេបានវិលត្រឡប់ទៅកម្ពុជាវិញដោយនាំមកវិញនូវគំនិតផ្តួចផ្តើមក្នុងការសហការរួមគ្នាក្នុងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Startup ផ្នែកហិរញ្ញវត្ថុមួយ។
លោក សុខ សុភមង្គល អាយុ ២៩ឆ្នាំ សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Codingate ដែលជាក្រុមហ៊ុនបង្កើតគេហទំព័រនិងកម្មវិធីតាមទូរស័ព្ទសម្រាប់ក្រុមហ៊ុនអាជីវកម្មនានាបានថ្លែងប្រាប់ VOA ថា៖«ពីមុន យើងអាចនិយាយថា យើងសុបិន្តពេលយើងនិយាយអំពី ពាណិជ្ជកម្មវាល់លានដុល្លារ ពេលយើងគិតពីអាហ្នឹង យើងមានបរិបទមួយ យើងថាវាជាការស្រមើស្រមៃដែលមិនមែនជាការពិត» ។
សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Tokenនៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក ជា ឡង់ដា ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BookMeBus ដែលជាក្រុមហ៊ុនកក់សំបុត្ររថយន្តក្រុង សាឡាង និងតាក់ស៊ី តាមរយៈគេហទំព័រនិងកម្មវិធីតាមទូរស័ព្ទ BookMeBus បានជួបលោក សុខ សុភមង្គល នៅក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ International Visitor Leadership Program (IVLP) ឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលផ្តោតទៅលើប្រធានបទនានា ដូចជា បច្ចេកវិទ្យា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិសុខ បរិស្ថាន ឧក្រិដ្ឋកម្មអន្តរជាតិ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ។
លោក ជា ឡង់ដា ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុនBookMeBus នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
កម្មវិធីរយៈពេលបីសប្តាហ៍ដែលផ្តោតខ្លាំងលើបច្ចេកវិទ្យាក្រោមប្រធានបទ«ពន្លឿនសហគ្រិនភាពបច្ចេកវិទ្យានិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម» ផ្តោតទៅលើការរីកលូតលាស់នៃសហគ្រាសធុនតូចនិងមធ្យមនៅក្នុងវិស័យបច្ចេកវិទ្យា។ សហគ្រិនបច្ចេកវិទ្យាខ្មែរវ័យក្មេងទាំងនេះបានជួបជាមួយនឹងមេដឹកនាំខាងផ្នែកបច្ចេកវិទ្យានៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ទីក្រុង Cleveland រដ្ឋ Ohio ទីក្រុង Raleigh រដ្ឋ North Carolina ទីក្រុង San Francisco និងទីក្រុង San Jose រដ្ឋ California។
លោក ឡង់ដា បានថ្លែងថា នៅក្នុងតំបន់បច្ចេកវិទ្យា Silicon Valley ពួកគេបានជួបជាមួយនឹង«ក្រុមហ៊ុនជាច្រើនដែលជោគជ័យទាំងធំ ទាំងតូច»។
«យើងឃើញពីរបៀបនៃការធ្វើប្រតិបត្តិការអាជីវកម្ម តើគេរៀបចំក្រុមហ៊ុនគេយ៉ាងម៉េចដើម្បីឲ្យបានជោគជ័យ»។
លោក ឡង់ដា បានលើកឡើងពីចំណុចវិជ្ជមាននានានៅក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងថា៖«វាជាឱកាសមួយដែលយើងអាចប្រាប់ពួកគាត់ពីការអភិវឌ្ឍនៅក្នុងប្រទេសរបស់យើង ដូចជាវិស័យអ៊ីនធឺណិត ការអប់រំ វិស័យសេដ្ឋកិច្ចរបស់យើង ដែលបង្ហាញពីសក្តានុពលប្រទេសរបស់យើង ដែលជាផលចំណេញមួយប្រសិនបើគាត់មកបណ្តាក់ទុននៅក្នុងប្រទេសរបស់យើង»។
សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Instacart នៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក Nicholas Geisinger មន្ត្រីកម្មវិធី IVLP ដែលទទួលបន្ទុកដំណើរទស្សនកិច្ចផ្តោតលើបច្ចេកវិទ្យានេះ បានលើកឡើងថា កម្មវិធីនេះជោគជ័យនៅពេលដែលកម្មវិធីនេះអាចបណ្តុះគំនិតគ្នាទៅវិញទៅមករវាងសហគ្រិនដែលចូលរួមទាំងអស់នោះជាមួយនឹងភាគីអាមេរិក។
«គំនិតនេះផ្តួចផ្តើមឡើងដោយស្ថានទូតអាមេរិក ហើយការពង្រីកការលូតលាស់ខាងវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមគោលដៅមួយរបស់យើង ដូច្នេះហើយទើបយើងបង្កើតកម្មវិធីមួយដោយផ្តោតលើប្រធានបទនេះ»។
លោកបានបន្ថែមថា វាជាផលចំណេញមួយ «នៅពេលដែលសហគ្រិនបច្ចេកវិទ្យាទាំងនេះបានរៀនសូត្រ ហើយមានគំនិតថ្មីៗ ក្រោយបានពិភាក្សាគ្នានៅក្នុងបរិយាកាសថ្មីមួយនេះ»។
«វាគឺជាជ័យជម្នះដ៏ធំធេងមួយសម្រាប់កម្មវិធីនេះ ជាជ័យជំនះមួយសម្រាប់ពលរដ្ឋកម្ពុជា ហើយខ្ញុំទន្ទឹមចាំមើលថាតើពួកគេនឹងធ្វើអ្វីតទៅមុខទៀត»។
លោក ស៊ឹម ច័ន្ទគីរីរ័ត្ន ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន បញ្ជី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយបានប្រាប់ VOA ថា ស្របពេលដែលសហគ្រិនទាំងនេះបានរៀនសូត្រពីវិស័យបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិកនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ អ្វីដែលសំខាន់នោះគឺលោកបានស្គាល់គ្នាជាមួយសហគ្រិនដទៃទៀតច្រើនជាងមុន។
«តែអាមួយទៀតនោះគឺអ្នកដែលមកហ្នឹងយើងស្គាល់គ្នាច្បាស់ជាងមុន»។
លោក ស៊ឹម ច័ន្ទគីរីរ័ត្ន ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុន Banji នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក ធុល រិទ្ធី ស្ថាបនិកនៃក្រុមហ៊ុន SmallWorld ដែលជាក្រុមហ៊ុនផ្តល់ការិយាល័យធ្វើការរួមគ្នា ឬហៅថា co-working space បានប្រាប់ VOA ថា ពួកគេចំនួន៥នាក់យល់ថា ពួកគេអាចធ្វើការជាមួយគ្នាបានពេលត្រឡប់ទៅកម្ពុជាវិញ។
«អ្វីដែលមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេគឺ ទៅវិញយើងបានធ្វើការជាមួយគ្នា»។
ពួកគេទាំង៥សុទ្ធតែមានក្រុមហ៊ុនបច្ចេកវិទ្យារៀងៗខ្លួន ដូច្នេះតើអ្នកណានឹងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលពួកគេគ្រោងនឹងបង្កើតរួមគ្នានេះ? ពួកគេសុំមិនផ្តល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនបង្កើតថ្មីរបស់ពួកគេ ដោយគ្រាន់តែប្រាប់ VOA ថា ក្រុមហ៊ុននោះគឺជាក្រុមហ៊ុនដែលជួយដល់ការទូទាត់ប្រាក់។
លោក ឡង់ដា បានប្រាប់ថា ការសហការគ្នាបង្កើតក្រុមហ៊ុនបង្កើតថ្មីនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិ។
«គុណសម្បត្តិ បើសិនពួកខ្ញុំធ្វើបានជោគជ័យ វានឹងអាចជួយដល់ប្រទេសកម្ពុជា ឲ្យអ្នកជំនាន់ក្រោយ អ្នកចាប់ផ្តើមអាជីវកម្មដទៃទៀតគឺគាត់អាចមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ជាពិសេសគឺទាក់ទងនឹងការទូទាត់ប្រាក់ហ្នឹងតែម្តង»។
ក៏ប៉ុន្តែលោកក៏បានលើកឡើងពីការព្រួយបារម្ភផងដែរ។
«អ្វីដែលខ្ញុំបារម្ភគឺដោយសារតែពួកខ្ញុំសុទ្ធតែមានអាជីវកម្មផ្ទាល់ខ្លួន អញ្ជឹងហើយពេលខ្លះនៅពេលដែលមានអ្នកពូកែច្រើនពេកនៅក្នុងក្រុម វាអាចជាការផលប៉ះពាល់វិញ»។
ឱកាសនិងការគាំទ្រ
បន្ទាប់ពីដំណើរទស្សនកិច្ចបីសប្តាហ៍ក្នុងសហរដ្ឋអាមេរិក លោក ឡង់ដាបានថ្លែងថា លោកពិតជាមានការភ្ញាក់ផ្អើលចំពោះការគាំទ្ររបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ទាំងថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ ទៅលើក្រុមហ៊ុនបង្កើតថ្មីឬហៅថា startup។
«ឱកាសមើលឃើញដូចជា ការសហការរវាងរដ្ឋាភិបាល ហើយនិងអាជីវកម្ម សហគ្រាស ហើយនិងកម្មវិធីមួយចំនួនដូចជា incubation ដែលជាកម្មវិធីបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចឲ្យយល់ច្បាស់ពីអាជីវកម្មផ្ទាល់ខ្លួន ឲ្យរៀបចំឲ្យស្តង់ដារ ដើម្បីត្រៀមខ្លួនក្នុងការរកថវិកា ឬរកអ្នកបណ្តាក់ទុន»។
ឧទាហរណ៍ សហគ្រិនកម្ពុជាបានចូលរួមជួបពិភាក្សានៅឯការិយាល័យ Civic Innovationនៅក្នុងសាលាក្រុង San Franciscoអំពីថាតើ ក្រុមហ៊ុនក្នុងស្រុកអាចជួយដល់ទីក្រុង ឬតើអាជ្ញាធរក្រុងអាចជួយដល់ក្រុមហ៊ុនទាំងនោះដោយរបៀបណា។
នៅក្នុងសហរដ្ឋអាមេរិក មានតែទីក្រុង San Francisco ប៉ុណ្ណោះដែលមានការិយាល័យ Civic Innovation ដែលជួយដល់ក្រុមហ៊ុនបង្កើតថ្មី នេះបើយោងតាមអ្នកស្រី Siobhan Oat-Judge ដែលជាកម្មសិក្សាការីនៅក្នុងការិយាល័យមួយនេះដែលជួយផ្សាភ្ជាប់ទីភ្នាក់ងាររដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុនបង្កើតថ្មី ក្នុងការបង្កើតផលិតផលថ្មីៗ ដែលជួយដោះស្រាយបញ្ហាប្រឈមនានា។ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យ Civic Innovation នៅក្នុងសាលាក្រុង San Francisco។
អ្នកស្រី Oat-Judge បានលើកឡើងថា ការជួយដល់ក្រុមហ៊ុន startup បង្កើតថ្មីមិនមែនផ្តល់ផលប្រយោជន៍ដល់តែម្ខាងនោះទេ។
«សហគមន៍ទាំងមូលទទួលបានផលប្រយោជន៍ពីការជួយដល់ក្រុមហ៊ុនបង្កើតថ្មីទាំងនោះ ដោយសារតែក្រុមហ៊ុនទាំងនោះជួយផ្តល់ដំណោះស្រាយដល់បញ្ហានានា។ វាផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
អ្នកស្រី Siobhan Oat-Judge កម្មសិក្សាការីនៃកម្មវិធី Pearson ប្រចាំនៅការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco ជួបជាមួយនឹងសហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP)។ (ស្រេង លក្ខិណា/VOA)
អ្នកស្រីថ្លែងប្រាប់ VOAបន្ថែមថា៖
«យើងជួយដល់ក្រុមហ៊ុនបង្កើតថ្មីទាំងនោះ ប៉ុន្តែពួកយើងក៏ចំណេញពីពួកគេវិញផងដែរ ដោយសារតែពួកគេផ្តល់ដំណោះស្រាយដល់បញ្ហានានា។ ពួកគេនាំមកនូវគំនិតថ្មី បច្ចេកវិទ្យាថ្មី ដែលជួយដល់អ្វីដែលយើងកំពុងតែធ្វើឲ្យកាន់តែប្រសើរជាងមុន»។
លោក អ៊ិន វិសាល សហស្ថាបនិកក្រុមហ៊ុន Khmerload ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក អ៊ិន វិសាល សហស្ថាបនិកនៃក្រុមហ៊ុន Khmerload ដែលជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលទទួលបានការគាំទ្រពីក្រុមហ៊ុនវិនិយោគពីតំបន់ Silicon Valley បានថ្លែងថា វាមានការលំបាកក្នុងការស្វែងរកថវិកាវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាងនៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មថ្មីថ្មោង មានក្រុមហ៊ុនអាមេរិកច្រើនដែលចង់ធ្វើវិនិយោគទៅលើក្រុមហ៊ុនដែលមានគំនិតថ្មីៗ ដែលនេះជាអ្វីដែលលោក វិសាល បានដឹងនៅពេលដែលក្រុមហ៊ុន 500 Startups ដែលជាក្រុមហ៊ុនវិនិយោគមួយមានស្នាក់ការនៅក្នុងទីក្រុង San Francisco បានវិនិយោគប្រាក់ ២សែនដុល្លារទៅលើគេហទំព័រ Khmerload របស់លោក។
«ក្រុមហ៊ុនមួយចំនួនដោយសារតែមានអ្នកវិនិយោគច្រើននៅទីនោះ អញ្ជឹងពេលពួកគេមានគំនិតល្អ ពួកគេមិនចាំបាច់ចំណេញនោះទេ ពួកគេអាចស្វែងរកថវិកា ពីមួយទៅមួយ ដោយមិនចាំបាច់ចំណេញ ៥ ៦ ឆ្នាំ។ ប៉ុន្តែសម្រាប់ស្រុកខ្មែរវិញ បើយើងគិតពីរឿងមិនចាំបាច់ចំណេញ ៥ ៦ឆ្នាំវិញ វាពិបាកទៅរួចណាស់»។
កញ្ញា កែវ គូនីឡា ស្ត្រីម្នាក់ក្នុងចំណោមស្រ្តីពីរនាក់ប៉ុណ្ណោះដែលបានចូលរួមក្នុងកម្មវិធី IVLP នេះបានថ្លែងថា កញ្ញាចង់ឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការគាំទ្រដល់ក្រុមហ៊ុនបង្កើតថ្មី។ កញ្ញា គូនីឡា គឺជានាយកផ្នែកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន RedHill Asia ហើយកញ្ញា គូនីឡា ត្រូវបានជ្រើសរើសចូលក្នុងតារាង Forbes ក្រោមអាយុ ៣០ឆ្នាំ សម្រាប់ឆ្នាំ២០១៧នេះ។
«អ្វីដែលខ្ញុំចង់ឲ្យមានទៅថ្ងៃមុខនៅក្នុងប្រទេសកម្ពុជានោះ គឺការសហការគ្នាឲ្យបានកាន់តែល្អ កាន់តែស្អិតរមួតរវាងរដ្ឋាភិបាល រវាងក្រុមហ៊ុនឯកជន ក៏ដូចជា គំនិតផ្តួចផ្តើមរបស់អង្គការក្រៅរដ្ឋាភិបាល។ នោះយើងអាចធ្វើការជាមួយគ្នាដើម្បីបណ្តុះបណ្តាលក្រុមហ៊ុនបច្ចេកវិទ្យា»៕