អភិបាលរដ្ឋ Florida ខាងគណបក្សសាធារណរដ្ឋ លោក Ron DeSantis បានចូលរួមប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយជាផ្លូវការហើយ ដោយនឹងប្រឈមមុខជាមួយបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដែលគេសន្មតទុកជាមុនគឺប្រធានាធិបតីដែលកំពុងកាន់តំណែងបច្ចុប្បន្ន លោក Joe Biden។
ប៉ុន្តែ លោក DeSantis នឹងត្រូវផ្តួលសម្ព័ន្ធមិត្តដែលឥឡូវជាគូប្រជែងដ៏គួរឲ្យខ្លាចរបស់លោកជាមុនសិន គឺអតីតប្រធានាធិបតី លោក Donald Trump។
ពាក្យសម្តីដំបូងរបស់លោក DeSantis ក្នុងនាមជាបេក្ខជនប្រធានាធិបតី ត្រូវបានបង្អាក់ពេលនៅពេលការជជែកគ្នាជាសំឡេងតាមកម្មវិធី Twitter Spaces ដែលមានអ្នកស្តាប់តាមបណ្តាញអ៊ីនធឺណិតរាប់សែននាក់កាលពីយប់ថ្ងៃពុធ បានជួបបញ្ហាបច្ចេកទេសជាច្រើន រួមទាំងការអត់ឮសំឡេងរយៈពេលយូរជាច្រើនដង ពេលដែលគេមិនអាចឮសំឡេងរបស់អ្នកសម្របសម្រួល បេក្ខជន និងម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk។
តែការបើកយុទ្ធនាការឃោសនាជាវីដេអូលើកដំបូងរបស់លោក DeSantis ដំណើរការដោយរលូនជាង ដែលក្នុងនោះលោកបានប្រកាសថា៖ «ខ្ញុំឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី ដើម្បីដឹកនាំការវិលត្រឡប់មករកភាពអស្ចារ្យរបស់អាមេរិកយើងឡើងវិញ»។
ការស្ទង់មតិបង្ហាញថា អភិបាលរដ្ឋ Florida រូបនេះដែលមានអាយុ៤៤ឆ្នាំ កំពុងឈរនៅលំដាប់ទី២បន្ទាប់ពីលោក Trump ដែលមានអាយុ៧៧ឆ្នាំនៅខែក្រោយ។
លោក Trump បានព្យាយាមបំបាក់ទឹកចិត្តលោក DeSantis កុំឲ្យឈរឈ្មោះ ដោយព្រមានលោក DeSantis ថា លោកនឹងវាយប្រហារគូប្រជែងរបស់លោកដោយឥតសំចៃមាត់ទេ។ នេះជាវិធីសាស្ត្រមួយដែល Trump បានប្រើនៅឆ្នាំ២០១៦ ដើម្បីផ្តួលគូប្រជែងរបស់លោកខាងគណបក្សសាធារណរដ្ឋ ហើយទីបំផុតលោកបានឡើងកាន់តំណែងកំពូលនៅសេតវិមាន។
ប៉ុន្តែអ្វីដែលសារព័ត៌មានចាប់អារម្មណ៍ផ្សព្វផ្សាយនោះគឺការអត់ឮសំឡេងរយៈពេលយូរជាច្រើនដងក្នុងអំឡុងពេលពិធីបើកយុទ្ធនាការឃោសនាតាមបណ្ដាញអ៊ីនធឺណិត ដោយម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk ទម្លាក់កំហុសទៅលើការចូលស្តាប់ច្រើនហួសសមត្ថភាពកុំព្យូទ័រមេ (server) របស់កម្មវិធីនេះ។
ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចម្រុះដូចជា Fox News, The New York Times និង Politico ជាដើមបានហៅការបើកយុទ្ធនាការតាមកម្មវិធី Twitter នេះ ថា ជាមហន្តរាយបច្ចេកទេស៕