ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ខ័ណ្ឌ​ដង្កោ

ស្រ្តីម្នាក់ពរកូនដើរកាត់ទឹកជំនន់ បង្កមកពីការបាក់ទំនប់ព្រែកត្នោត សង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ថ្វីបើ​លោក​អភិបាល​ខ័ណ្ឌ​លើក​ឡើង​ថា​ មានតែ​ប្រជាពលរដ្ឋ​២០០គ្រួសារ​ បាន​រងផល​ប៉ះពាល់​ពីការ​ជន់​លិច​ទឹក​នេះ​ក្តី​ មន្រ្តី​ប៉ូលិស​ខ័ណ្ឌ​​​មួយ​រូប​ប្រាប់​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​ចន្ទ​ថា ​ទឹក​ជំនន់​នេះ​បាន​បណ្ដាល​ឲ្យ​គ្រួសារ​ចំនួន​១៦៣៧ ​នៅ​សង្កាត់​ចំនួន​៩​នៅ​ខណ្ឌ​ដង្កោ​​រង​ផល​ប៉ះ​ពាល់​​។​

ប្រជា​ពលរដ្ឋ​ជាង​២០០​គ្រួសារក្នុង​ខ័ណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​រងការ​ជន់លិច​ផ្ទះ​សម្បែង​ ​ដោយសារ​ការ​បាក់​ស្រុត​ ទំនប់​ទឹកព្រែក​ត្នោត​កាលពី​ថ្ងៃ​ចន្ទ ដែល​បង្ក​ដោយការ​បែក​ធ្លាយ​ទំនប់​បី​ផ្សេង​ទៀត​នៅ​ខេត្ត​កំពង់​ស្ពឺ។​ ការណ៍នេះ​ត្រូវគេដឹង​ថា​គឺបណ្តាល​មកពី​ទឹកភ្លៀង​ធ្លាក់​គំហុក​ជាប់ៗគ្នា ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ។​ នេះ​បើយោង​តាមការ​បញ្ជាក់​ពីអា​ជ្ញាធរ​កម្ពុជា​។​

លោក​ នុត ពុធដារ៉ា ​អភិបាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់VOA​ថា​អាជ្ញាធរ​កំពុង​រៀប​ចំ​ជុសជុល​ដើម្បី​កាត់​បន្ថយទឹក​ដែល​ហូរចេញ​ពី​កា​រ​ធ្លាយ​ទំនប់​ព្រែក​ត្នោត​នេះ​។​ លោកថា អាជ្ញាធរ​មាន​គម្រោង​ផ្ដល់​ការ​សង្រ្គោះ​បឋម​ឲ្យ​បាន​ឆាប់​ៗ​។​ ​លោក​បន្ថែម​ថា​ លោកនិង​ក្រុម​ការងារ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ ធន​ធានទឹក​ដើម្បី​ប្រមូល​ទិន្នន័យ​នៃ​ការ​ខូត​ខាត ​និង​ត្រៀម​កម្លាំង​បន្ត​ទប់​ទឹក​ដែល​បាន​ស្រក​ចុះ​បន្តិច​ម្តងៗ​មក​នោះ​។​

«អូ! អាហ្នឹង​ការ​ចូកដី​ គឺយើង​ទប់បាទ។​ យើងមាន​បច្ចេក​ទេសខាង​ក្រសួង​ធនធាន​ទឹកគឺរួម​ជាមួយ កម្លាំង​សមត្ថកិច្ច​ទាំងអស់​ហ្នឹង​គឺថា​សមត្ថ​កិច្ច​ជួយច្រក​បាវខ្សាច់​ហើយ​ដោយឡែក​ក្រសួង​ធនធាន ទឹកក៏​មាន​គ្រឿង​ចក្រដើម្បី​បុក​បង្គោល​ទប់​ហើយ​ក៏មាន​ការដាក់​កុងតេន័រ​ដើម្បីទប់​ទឹក។​ និយាយ​រួម បច្ចេកទេស​ធ្វើម៉េច​ដើម្បី​ទប់ទឹក​ហ្នឹង​ដើម្បី​បន្ថយការ​លិចលង់។​ ខាង​ក្រសួង​ប្រឹងប្រែង​ណាស់​ទាំង យប់​ទាំងថ្ងៃ​ ហើយ​ស្អែក​យើង​បន្តទៀត‍»។

ប្រជាពលរដ្ឋជិះម៉ូតូកាត់ទឹកនៅលើផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់នៅវត្តចំការខ្សាច់ ដោយសារបាក់ស្រុតទំនប់ព្រែកត្នោត នៅសង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ថ្វីបើ​លោក​អភិបាល​ខ័ណ្ឌ​លើក​ឡើង​ថា​ មានតែ​ប្រជាពលរដ្ឋ​២០០គ្រួសារ​ បាន​រងផល​ប៉ះពាល់​ពីការ​ជន់​លិច​ទឹក​នេះ​ក្តី​ មន្រ្តី​ប៉ូលិស​ខ័ណ្ឌ​មួយ​រូប​ប្រាប់​ការសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​ចន្ទ​ថា ​ទឹក​ជំនន់​នេះ​បាន​បណ្ដាល​ឲ្យ​គ្រួសារ​ចំនួន​១៦៣៧ ​នៅ​សង្កាត់​ចំនួន​៩​នៅ​ខណ្ឌ​ដង្កោរង​ផល​ប៉ះ​ពាល់។​

អ្នកស្រី​ចែ រឹន វ័យ​ ​៥៦​ឆ្នាំជា ​ប្រជា​ពលរដ្ឋមួយ​រូប​នៅ​ភូមិ​គោក​ឪឡឹក ​សង្កាត់​ស្ពាន​ថ្មី​ នៃ​ខណ្ឌ​ដង្កោ​បាន​ប្រាប់​ VOA ​ថា​អ្នក​ស្រី​មាន​ការភិត​ភ័យ​ តក់​ស្លុត​ ​នៅ​ពេលឮ​ដំណឹងថា​មាន​ការបាក់បែកទំនប់​ទឹក​នៅផ្នែក​ខាង​លើ​នៃ​ផ្ទះអ្នកស្រី​។​

​«​ទឹកលិច​ មាន​ធ្វើ​អី​កំពុង​តែ​ឈរ​ភ័យ។​ ពី​ម្សិលមិញ​មិនដឹង​ម៉ោង​ប៉ុន្មាន​ភ្លេច​អស់​ហើយ ​ហ្នឹង​ហើយ​ប្រហែលជា​រសៀល។​វា​ត្រូវ​តែ​ភ័យ​ ព្រោះ​ថា​តែ​បាក់​វា​ដឹង​ថា​អត់​រួច​ខ្លួន​ តែ​បាក់​វា​ដឹង​តែ​គ្រោះ​ថ្នាក់​អញ្ចឹង​ហ្មង! តាំង​ពី​សត្វ​ ពី​ស្រូវ តាំង​ពី​មនុស្ស​គឺ​វា​ពិបាក។​ពិបាក​រត់​មក​នៅ​ផ្ទះ​គេ​ តាមពិត​ផ្ទះ​មីង​វា​នៅ​ង​ត្បូង​ទេ តែ​វា​លិច​អស់»។

ក្មេងស្រីម្នាក់លេងទឹកនៅមុខផ្ទះរបស់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ជោកជាំអស់ជាច្រើនថ្ងៃនៅសង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

បើតាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សំដី​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តយរាយ​មកបញ្ជាក់​ឲ្យ​ដឹងថា​នៅតាម​បណ្តា​ខេត្តចំនួន​ជាង១០​ផ្សេង​ទៀត​ រួមទាំង​ខេត្តព្រៃ​វែង​ផងនោះ​ បានរង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ ដូចជា​ខូចខាត​ផ្ទះសម្បែង​ជា​ច្រើនខ្នង​ ដំណាំស្រូវ ​និងដំណាំ​កសិផល​ដ៏ទៀត​ ជាច្រើន​ពាន់ហិតា​ដែលគេ​ដឹងថា​នឹងបន្ត​ធ្លាក់នៅ​ក្នុង​សប្តាហ៍​នេះ។

អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ​ ដែលជា​ខេត្ត​មាន​ការបាក់​ទំនប់​នោះ​បាន​ធ្វើ​សេចក្ដី​ណែនាំឲ្យឡាន​ដឹក​ទំនិញ​ធុន​ធំ​ចៀសវាងការបើក​បរ​កាត់​ផ្លូវ​ជាតិផ្លូវ​ជាតិ​លេខ​បួន​ ដោយ​ផ្លូវ​ជាតិ​នេះត្រូវ​បាន​ជន់​លិច​ដោយ កន្លែង​។​ ជំនន់​បង្ក​ដោយ​ទឹក​ភ្លៀង​នេះ​ ក៏​បាន​រាលដាល​ដល់​ផ្លូវ​ជាតិ​លេខ​បី​ផង​ដែរ​ តែ​មិន​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ​។​ យ៉ាងណា​ក៏ដោយ​ ​អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ​ និង​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​គ្រោះមហន្តរាយ​មិន​ទាន់​អាច​បញ្ជាក់​ពីតួលេខ​នៃ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ ​និង​ចំនួន​គ្រួសារ​ជាក់​លាក់​ដែល​រងគ្រោះ​ដោយ​សារជំនន់​ទឹកភ្លៀង​នេះ​ទេ៕