មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៤៤.៦០៦ ករណី ចាប់តាំងពីថ្ងៃសុក្រមក ដែលធ្វើឲ្យចំនួនឆ្លងសរុបកើនដល់ ២.៤៥៩.៤៧២ ករណី។
មជ្ឈមណ្ឌលនេះក៏បានឲ្យដឹងទៀតថា ករណីស្លាប់ថ្មីនៅក្នុងសហរដ្ឋអាមេរិកដោយសារជំងឺនេះមានចំនួន ៦៥១ ករណី ដែលធ្វើឲ្យករណីស្លាប់សរុបកើនដល់ ១២៤. ៩៧៦ ករណី។
កាលពីថ្ងៃសៅរ៍ រដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ រដ្ឋ Florida បានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៩.៥៨៥ ករណី ចំណែកឯរដ្ឋ Georgia មានករណីឆ្លងថ្មី ចំនួន ១.៩៩០ ករណី។ រដ្ឋ South Carolina មានករណីឆ្លងថ្មីចំនួន ១.៦០៤ ករណី។ រដ្ឋ Arizona មានករណីឆ្លងថ្មីចំនួន ៣.៥៩១ ករណី រីឯរដ្ឋ Nevada វិញ មានករណីឆ្លងថ្មីចំនួន ១.០៩៩ ករណី។
តួលេខករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនេះ បង្ហាញឲ្យឃើញពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមបណ្ដារដ្ឋនៅប៉ែកខាងត្បូងនិងប៉ែកខាងលិចក្នុងសហរដ្ឋអាមេរិក។
ជំងឺកូវីដ១៩ នេះក៏កំពុងតែឆ្លងរាលដាលនៅក្នុងរដ្ឋ Texas ផងដែរ ដែលករណីឆ្លងថ្មីជាង ៥.៧០០ ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ ហើយករណីស្លាប់ថ្មីមានចំនួន ៤២ ករណី ដែលធ្វើឲ្យតួលេខស្លាប់សរុបដោយសារជំងឺនេះនៅក្នុងរដ្ឋ Texas កើនឡើងដល់ជិត ២.៤០០ ករណី។ លោក Greg Abbott អភិបាលរដ្ឋ Texas បានដាក់បម្រាមជាថ្មីទៀតលើការទទួលទានអាហារក្នុងភោជនីយដ្ឋាន និងបានបិទកន្លែងផឹកស្រានានា។
សហរដ្ឋអាមេរិកនៅតែមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដែលមានជិត ២ លាន ៥ សែន ករណី ដែលស្មើនឹងប្រមាណ ១ ភាគ ៤ នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
ប្រទេសប្រេស៊ីលមានករណីឆ្លងច្រើនបំផុតលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនជិត ១ លាន ៣ សែន ករណី ខណៈដែលរុស្ស៊ីស្ថិតនៅលំដាប់ទីបី ដែលមានចំនួនជិត ៦២៧.០០០ ករណី។ ករណីស្លាប់នៅប្រេស៊ីលកើនដល់ជាង ៥៧.០០០ ករណី៕