វិបត្តិចំណាប់ខ្មាំងមួយនៅក្នុងទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្រ្តាលី នៅតែបន្តអស់ពេលជាច្រើនម៉ោង ក្រោយពីបានចាប់ផ្តើមព្រឹកថ្ងៃចន្ទនេះ។
មនុស្ស៥នាក់បានគេចខ្លួនរួចពីហាងកាហ្វេនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងស៊ីដនី ដែលនៅទីនោះខ្មាន់កាំភ្លើងម្នាក់កំពុងបង្ខាំងទុកចំណាប់ខ្មាំងដែលគេមិនបានដឹងចំនួនពិតប្រាកដ។មានការស្ទង់ប្រមាណថាមានមនុស្សពី១០នាក់ទៅ២៥នាក់បានត្រូវចាប់ជាចំណាប់ខ្មាំង។
ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ពីកន្លែងកើតហេតុកាលពីថ្ងៃចន្ទនេះបានបង្ហាញឱ្យឃើញនិយោជិតម្នាក់នៃហាងកាហ្វេ Lindt Chocolate និងអតិថិជនពីរនាក់បានរត់កាត់ក្រុមប៉ូលីសដែលបានទ្បោមព័ទ្ធភោជនីយដ្ឋាននិងហ៊ុំព័ទ្ធតំបន់នោះមិនឱ្យមនុស្សចេញចូល។
បន្ទាប់មកមានមនុស្សពីរនាក់ទៀតបានរត់ចេញពីអគារនោះ។ គេដឹងមិនច្បាស់ទេថា តើជនទាំង៥នាក់នេះបានរត់គេចខ្លួនរូចដោយខ្លួនឯងឬមួយត្រូវបានដោះលែងដោយខ្មាន់កាំភ្លើងនោះទេ។
មនុស្សដែលនៅការិយាល័យជិតនោះ ត្រូវបានជម្លៀសចេញដោយការប្រុងប្រយ័ត្ន។ អាគារល្ខោនអូប៉េរ៉ា (Opera House) ដ៏ល្បីឈ្មោះនៃក្រុងស៊ីដនី ដែលស្ថិតនៅរំលងបីបួនផ្លូវពីទីនោះក៏ត្រូវបានជម្លៀសមនុស្សចេញដែរ ក្រោយក្រុមមន្ត្រីបាននិយាយថាគេបានរកឃើញកញ្ចប់មានការសង្ស័យមួយនៅទីនោះ។
គេបានទប់ផ្លូវទាំងអស់នៅក្នុងតំបន់នោះ ហើយផ្លូវរទេះភ្លើងមួយនៅក្រោមភោជនីយដ្ឋាននោះក៏ត្រូវបានបិទដែរ។
ក្រុមចំណាប់ខ្មាំងត្រូវបានឃើញឈរលើកដៃច្រត់ទៅលើបង្អួច។ មានទង់ខ្មៅមួយដែលមានសរសេរអក្សរអារ៉ាប់នៅលើនោះ ក៏ត្រូវបានឃើញតាមកញ្ចក់បង្អួចដែរ។គេមិនទាន់ដឹងអំពីចំនួនមនុស្សត្រូវរបួសក្នុងឧប្បត្តិហេតុចំណាប់ខ្មាំងនេះទេ។ឧប្បត្តិហេតុនេះកើតមានទ្បើងចាប់តាំងពីម៉ោង៩និង៤៥នាទីព្រឹក ម៉ោងក្នុងក្រុងស៊ីដនីនៅថ្ងៃច័ន្ទនេះ។
អ្នកចាប់ចំណាប់ខ្មាំងត្រូវបានមើលឃើញតាមបង្អួចនោះដែរ។បុរសនេះពាក់អាវសនិងអាវកាក់ខ្មៅមួយហើយមានកាន់អាវុធ។
ស្ត្រីអ្នកនាំពាក្យក្រុមប៉ូលីសបាននិយាយថាអ្នកចាប់ចំណាប់ខ្មាំងបានធ្វើការទាក់ទងហើយ ក៏ប៉ុន្តែក្រុមអ្នកធ្វើការចរចាមិនទាន់អាចដឹងអំពីមូលហេតុដែលជំរុញឱ្យមានវិបត្តិនេះនៅទ្បើយទេ៕