បក្ស​នយោបាយ​​៥​​នឹង​ហែក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​​នៅ​ថ្ងៃទី១

រូបឯកសារ៖ ទិដ្ឋភាព​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

គណ​បក្ស​ចំនួន​៥​ដែល​នឹង​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​​នោះ​ ​រួម​មាន​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែល​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា៦​ម៉ឺន​នាក់​ ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​២​ពាន់​នាក់​ ​គណ​បក្ស​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​ ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ចំនួន​៣០០​នាក់​ ​និង​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​មិន​មាន​បញ្ជាក់​ចំនួន។​

យ៉ាងហោច​ណាស់​មាន​គណ​បក្ស​នយោបាយ​ចំនួន​៥​ក្នុង​ចំណោម​២០​ ​នឹងចាប់​ផ្តើមយុទ្ធនា​ការ​ហែ​ក្បួន​ឃោសនារក​សំឡេង​ឆ្នោត ​ជា​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃ​ទី៧​ ​ខែ​កក្កដា​ ​ស្អែក​នេះ​ ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​ចំនួន​ ​២១ថ្ងៃ​ ​ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ ​សម្រាប់​បោះឆ្នោត​ថ្ងៃ​ទី២៩​កក្កដា​ខាងមុខ។​

ការឃោសនា​នៅ​ថ្ងៃដំបូង​ ​របស់​បក្ស​នយោបាយ​ទាំង៥​ ​នឹង​មាន​អ្នក​ចូល​រួមជា​ច្រើន​ម៉ឺន​នាក់​ ​ហើយ​ចាប់​ផ្តើម​ ​ដង្ហែ​ចេញ​ពី​ទីតាំង​ខុសៗ​គ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)។​

ក្នុង​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​គ.ជ.ប​ ​បាន​បង្ហាញគណ​បក្ស​នយោបាយ​ចំនួន​១០​ដែល​បាន​ជូន​ដំណឹង​ពី​ការឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​ ​ដោយ​ក្នុង​នោះ​មាន​គណ​បក្ស​នយោបាយ​ចំនួន​៥​ ​នឹង​ត្រូវ​ហែ​ក្បួន​ធំ​នៅ​ថ្ងៃ​ទី៧​ ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។

​គណ​បក្ស​ចំនួន​៥​ដែល​នឹង​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំនោះ​ ​រួម​មាន​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែល​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា៦​ម៉ឺន​នាក់​ ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​២​ពាន់​នាក់​ ​គណ​បក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​ ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ចំនួន​៣០០​នាក់​ ​និង​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​មិន​មាន​បញ្ជាក់​ចំនួន។​

គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តីបាន​ជូន​ដំណឹង​ថា​ ​ក្នុង​ថ្ងៃ​ហែ​ក្បួន​ឃោសនារក​សំឡេង​ឆ្នោត​នា​ថ្ងៃ​សៅរ៍​ ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា៦​ម៉ឺន​នាក់​នោះ​ ​នឹងចាប់​ផ្តើមជួប​ជុំ​នៅ​ទី​តាំងកោះ​ពេជ្រ​ ​មុន​នឹង​ហែ​ទៅ​កាន់​ទិសដៅ​រៀងៗ​ខ្លួន​តាម​សង្កាត់​ ​និង​ខណ្ឌ​ទូ​ទាំងរាជធានី​ភ្នំពេញ។​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ក៏​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​រៀបចំ​ពិធី​ខួប​កំណើត​គណ​បក្ស​ ​ក្នុង​ពេល​ជា​មួយ​គ្នា​នៃ​ការ​ចាប់​ផ្តើមយុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នោះ​ផង​ដែរ។​

ចំណែក​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​របស់​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម រណឫទ្ធិ​ ​នឹងចាប់​ផ្តើម​ហែ​ពី​ទីស្នាក់​ការ​បក្ស​ក្នុង​សង្កាត់​ជ្រោយចង្វារ បញ្ចប់​នៅ​ធនាគារ​ជាតិ ផ្លូវ​ហាណូយ។​

គណ​បក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​របស់​លោក​ ​ខឹម វាសនា​ ​នឹង​ហែ​ក្បួន​ចេញ​ពី​ផ្លូវ​៦០​ម៉ែត្រ បញ្ចប់​នៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ។​

គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​ ​គង់ មុនីកា​ ​កូន​ប្រុស​របស់​លោក​ ​គង់ គាំ​ ​ហែ​ក្បួន​ចេញ​ពីទីស្នាក់​ការគណ​បក្ស​ក្នុង​សង្កាត់​ទន្លេ​បាសាក់ បញ្ចប់​នៅ​ស្នាក់​ការ​បក្ស​វិញ។​

ចុង​ក្រោយ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​នឹង​ហែ​ក្បួន​ចេញ​ពី​ផ្ទះ​របស់​លោក​ក្នុង​សង្កាត់​ជ្រោយចង្វារ​ ​បញ្ចប់​នៅ​ទីស្នាក់​ការគណ​បក្ស។​

​VOA​ ​មិន​អាច​ទាក់​ទង​លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ ​ដើម្បី​សុំការ​អត្ថាធិប្បាយ​ពីគណៈ​នយោបាយ​ចំនួន​១០​ផ្សេង​ទៀត​ដែល​មិន​បាន​ជូន​ដំណឹង​ពី​ការ​ឃោសនា​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ នីតិកាល​ទី៦ មាន​រយៈ​ពេល ២១​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៨។ ក្រោយ​បញ្ចប់​យុទ្ធនាការ​ឃោសនា នៅ​ថ្ងៃ​ទី២៨ ពោល មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បោះ​ឆ្នោត គឺជា​ថ្ងៃ «ស» ដែល​រាល់​គណ​បក្ស​នយោបាយ​ទាំង​អស់​មិន​អាច​មាន​សកម្មភាព​ណា​មួយ​ពាក់​ព័ន្ធនឹង​ការឃោសនា​នយោបាយ​នោះ​ទេ។​

កាលពី​ខែ​ឧសភា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ គ.ជ.ប ដោយ​បង្ហាញ​ពី​ទី​តាំង​ហាម​មិន​ឲ្យ​មាន​ការឃោសនា ឬ​ហែ​ក្បួន​គណ​បក្ស​នយោបាយ។​

ផ្លូវ​សំខាន់ៗ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ហែ​ក្បួន​ឆ្លង​កាត់​នោះ រួម​មាន កំណាត់​មហា​វិថី​ព្រះ​នរោត្តម​ ​ចាប់​ពីវិ​មាន​ឯករាជ្យ ដល់​ស្តុបមន្ទីរ​ពេទ្យ​ព្រះ​អង្គ ឌួង មហា​វិថីសហ​ព័ន្ធ​រុស្សី កំណាត់​មហា​វិថី​ព្រះ​មុនីវង្ស ចាប់​ពីស្តុបបេកាសេ ដល់​ស្តុប​អតីត​មន្ទីរ​ពេទ្យ​ចិន កំណាត់​មហា​វិថី​ព្រះ​សីហនុ ចាប់​ពីនាគ​បាញ់​ទឹក​ផ្លូវ​សុធារស ដល់​ស្តុប​អតីត​មន្ទីរ​ពេទ្យ​ចិន កំណាត់​មហា​វិថីម៉ៅសេទុង ចាប់​ពីស្តុបចេនឡា ដល់​ស្តុបទេពផន កំណាត់​ផ្លូវ​ទេពផន ចាប់​ពីកែងស្តុប​មហា​វិថី​ព្រះ​មុនីវង្ស ដល់​ស្តុប​នាង​គង្ហីង កំណាត់​វិថីសុធារស ចាប់​ពីកែង​ផ្លូវ​លេខ ១៥៤ ដល់​មហា​វិថី​ព្រះ​សីហនុ និង​មហា​វិថី​ព្រះ​សុរាម្រិត ព្រម​ទាំង​ផ្លូវ​ជុំ​វិញ​ព្រះ​បរមរាជវាំង។​

ចំណែក​ទីប្រជុំជន​ដែល​អាជ្ញាធរ​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំឃោសនា និង​ហែ​ក្បួន រួម​មាន ផ្សារ​ធំ​ថ្មី ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​ទួលទំពូង ផ្សារ​ដេប៉ូ និង​ផ្សារ​ដើម​គរ។ រីឯ​ទី​សាធារណៈ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រមូល​ផ្តុំ​ឃោសនា​មាន​ដូចជា សួន​ព្រះ​បរមរាជវាំង ទីធ្លា​ព្រះ​មេរុ សួន​មុខ​វត្ត​បទុមវតី ទី​តាំង​វិ​មាន​ឯករាជ្យ និង​សួនច្បារវិ​មាន​ឯករាជ្យ​ទាំង​មូល ទីធ្លារូបសំណាក​លោក​យាយ​ពេញ សួនច្បារ​លោក​តាក្រម ង៉ុយ​ ​និង​សួនច្បារ​លោក ​ហ៊ុន សែន។​

គ.ជ.ប​ ​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ​ជា​ពិសេស​អ្នក​នយោបាយ​ ​បេក្ខជន​ ​និង​អ្នក​គាំទ្រ​ទាំង​អស់​ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ចាស់​ទុំ​ផ្នែក​នយោបាយ​ ​ដើម្បីឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​ ​គ្មាន​ការ​គំរាម​កំហែង​ ​និង​គ្មានអំពើ​ហិង្សា៕