មនុស្ស​៥​នាក់​ទៀត​​ស្លាប់​ដោយ​សារ​កូវីដ១៩ ខណៈ​ជាង​៣០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ

រូប​ឯកសារ៖ រថយន្តរបស់ក្រុមមន្ត្រីសុខាភិបាលកំពុងដឹកអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

មនុស្ស​៥​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ និង​ករណី​ឆ្លង​ដែល​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ មាន​ចំនួន​ជាង​៣០០​នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​មនុស្ស​៥​នាក់​ដែល​ជា​ជន​ជាតិ​ខ្មែរ ក្នុង​នោះ​មាន​ស្រ្តី​៣​នាក់​និង​បុរស​២​នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​៥៤​នាក់។ អ្នក​ដែល​ស្លាប់​នោះ​មាន​អាយុ​៣៣​ឆ្នាំ ៥២​ឆ្នាំ ៦១​ឆ្នាំ ៦៣​ឆ្នាំ និង​៦៦​ឆ្នាំ ហើយ​៣​នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​រាជធានី​ភ្នំពេញ ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ។

ក្នុង​ចំណោម​ករណី​ស្លាប់​ចុង​ក្រោយ​នេះ ក៏​មាន​ករណី​ស្លាប់​រួច​ហើយ ទើប​លទ្ធផល​តេស្ត​សំណាក​បង្ហាញ​ថា​វិជ្ជ​មាន​ជំងឺ​កូវីដ​១៩។ បុរស​អាយុ​៦៣​ឆ្នាំ​បាន​ចូល​មក​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ​ហើយ​បាន​ស្លាប់​ភ្លាម​ៗ រួច​ហើយ​គ្រូពេទ្យ​បាន​យកសំណាកទៅ​ពិនិត្យ​ ហើយ​លទ្ធផល​បង្ហាញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ចំណែក​ស្រ្តី​អាយុ​៦៦​ឆ្នាំ​វិញ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ក្នុង​ស្ថានភាព​ដង្ហក់​ខ្លាំង ដែល​តម្រូវ​ឲ្យ​គ្រូពេទ្យ​សង្រ្គោះ​បន្ទាន់។ អ្នក​ជំងឺ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ហើយ​សំណាក​របស់​អ្នក​ជំងឺ​នោះ​មាន​លទ្ធផលវិជ្ជមាន​កូវីដ​១៩។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

ចំណែក​ស្រ្តី​អាយុ​៥២​ឆ្នាំវិញ ​បាន​ចូល​មន្ទីរ​ពេទ្យខ្មែរ​សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ដដែល ដោយ​សារ​ជំងឺ​កូវីដ​១៩។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​ក៏បាន​ឲ្យ​ដឹង​ថា​មនុស្ស​៣០៣​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​មាន​វីរុស​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ បាន​កើន​ឡើង​ដល់​៧.២០២​នាក់។ ករណី​ឆ្លង​នៅ​ថ្ងៃ​នេះ មាន​២៤៨​នាក់​នៅ​រាជធានី​ភ្នំពេញ កណ្តាល​២៦​នាក់ ក្រុង​ព្រះសីហនុ​១៩​នាក់ និង​តាកែវ​៨​នាក់។ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា​មនុស្ស​២៣៩​នាក់​បាន​ជា​សះ​ស្បើយ៕