លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចផ្ទេរកងពលទ័ពសំខាន់ៗចំនួន៥ ឲ្យស្ថិតក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាអ្នកគ្រប់គ្រង។ នេះបើយោងតាមប្រកាសដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃអង្គារនេះ។
សេចក្តីប្រកាសរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល ផ្ទេរក្របខណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ពីអគ្គបញ្ជាការដ្ឋានមកចំណុះក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកផ្ទាល់នោះ លោកទៀ បាញ់ បានសម្រេចផ្ទេរកងពលចំនួន៥ ឲ្យទៅស្ថិតក្រោមចំណុះគ្រប់គ្រងផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។
កងពលទាំង៥នោះ រួមមានកងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងកងពលតូចលេខ៧០។
ការសម្រេចផ្ទេរកងពលទាំងនេះធ្វើឡើង ក្នុងថ្ងៃដែលលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក មានន័យថា លោកហ៊ុន ម៉ាណែត នឹងគ្រប់គ្រងកងពលទាំងអស់នោះដោយផ្ទាល់។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការសម្រេចផ្ទេរកងពលអន្តរាគមន៍ទាំង៥នោះទៅចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក គឺជាការកែទម្រង់ដើម្បីឲ្យការគ្រប់គ្រងកងទ័ពកាន់តែមានប្រសិទ្ធភាព។ ទោះយ៉ាងណា លោកមិនបញ្ជាក់ថា តើក្នុងកងពលទាំងនោះមានកងទ័ពចំនួនប៉ុន្មាននោះទេ។
លោកមានប្រសាសន៍ថា៖
«ភាគច្រើននៅក្នុងតំបន់អាស៊ាន ឬប្រទេសជឿនលឿន គេធ្វើអីចឹង។ គេឲ្យកងទ័ពជើងគោកហ្នឹងកាន់កងទ័ព ក្តោបក្តាប់កងពលទាំងអស់ហ្នឹង ធ្វើយ៉ាងម៉េចឲ្យទៅតាមលក្ខណៈប្រព័ន្ធនៃការចាត់តាំង។ ភាគច្រើនកងទ័ពក្នុងប្រទេសភាគច្រើន គេធ្វើអីចឹង។ យើងមានឱកាសក្នុងការធ្វើបានពេលហ្នឹង ព្រោះកន្លងមកយើងជាប់រវល់ការងារ ហើយពេលនេះយើងមានលក្ខណៈពេញលេញក្នុងការគ្រប់គ្រងបទបញ្ជា យើងអាចផ្លាស់ប្តូរ ធ្វើតាមលក្ខណៈនៃបទបញ្ជារបស់យើង។ គ្មានអីប្លែកទេ រឿងហ្នឹង»។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានតែងតាំងលោកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ក្រៅពីទើបត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត ក៏ជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គភាពប្រឆាំងអំពើភេរវកម្មផងដែរ។
លោកឯម សុវណ្ណារ៉ា អ្នកវិភាគសង្គម និងនយោបាយ បានលើកឡើងថា ការផ្ទេរកងពលទាំង៥ទៅចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកហ៊ុន ម៉ាណែត គឺជាការពង្រីកអំណាច និងការគ្រប់គ្រងដើម្បីទប់ស្កាត់ការប្រឆាំងណាមួយដែលអាចកើតចេញពីកងកម្លាំងប្រដាប់អាវុធ។ លោកបន្ថែមថា ការផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តីបែបនេះ គឺជាផ្នែកមួយនៃការរៀបចំការផ្ទេរតំណែងជាលក្ខណៈគ្រួសារ។
លោកបញ្ជាក់ថា៖
«ជាទូទៅអានេះ គឺនៅក្នុងក្របខណ្ឌរដ្ឋមួយៗដែលផ្ទេរអំណាចទៅឲ្យក្រុមគ្រួសារ កូនចៅហ្នឹង គឺថា គេរៀបយន្តការសម្រាប់អ្នកស្នងមរតក ស្នងអំណាចទៅថ្ងៃខាងមុខ។ អីចឹងយន្តការនេះ បើយើងមើលក្របខណ្ឌអន្តរជាតិ វាខុសពីគោលការណ៍រក្សាតុល្យភាពអំណាចនៅក្នុងសង្គម»។
លោកហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ហើយលោកបានទទួលសញ្ញាប័ត្របណ្ឌិតខាងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៧។
លោកហ៊ុន ម៉ាណែត កូនប្រុសច្បងដ៏លេចធ្លោក្នុងចំណោមកូនប្រុសទាំងបីរូបក្នុងគ្រួសាររបស់នាយករដ្ឋមន្រ្តីខ្មែរដែលកាន់អំណាចជាង៣ទសវត្សរ៍រូបនេះ ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា កំពុងទទួលការបណ្តុះបណ្តាលដើម្បីបន្តតំណែងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាឪពុក៕