សណ្ឋាគារ និងកាស៊ីណូ ចំនួន៥របស់អ្នកវិនិយោគទុនចិនដែលខ្លះកំពុងសាងសង់និងខ្លះកំពុងតែធ្វើប្រតិការលើឆ្នេរក្នុងក្រុងព្រះសីហនុ ត្រូវបានក្រុមអ្នកបរិស្ថានចោទថាបានសាងសង់ឡើងដោយរំលោភច្បាប់និងបំពុលបរិស្ថានតំបន់សមុទ្រកម្ពុជា ដែលអាចប៉ះពាល់ដល់ទេសចរណ៍ផងដែរ។
ក្រុមសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានរកឃើញថា អគារទាំង៥ស្ថិតនៅលើឆ្នេរសមុទ្រឯករាជ្យនៃក្រុងព្រះសីហនុគឺបានសាងសង់ឡើងដោយខុសនឹងច្បាប់ភូមិបាលនិងសារាចរណ៍ណែនាំដែលមិនឱ្យសាងសង់សំណង់នានានៅចម្ងាយតិចជាង១០០ម៉ែត្រនៃចំណុចទឹកជោរនៃទឹកសមុទ្រឡើយ។
តាមរយៈឃ្លីបវីដេអូខ្លីមួយសកម្មជនបរិស្ថានគឺលោក លី ចាន់ដារ៉ាវុធ បានរៀបរាប់ថា អគារចំនួន៥កំពុងសាងសង់មានដូចជាសណ្ឋាគារនិងកាស៊ីណូXinhaohui Palace Casino & Hotelដែលមានចម្ងាយពីឆ្នេរសមុទ្រ ឬពាក្យបច្ចេកទេសហៅថាកម្រិតទឹកជោរត្រឹម១៩ម៉ែត្រ អគារឈ្មោះ Blue Bay មានចម្ងាយតែ៥៥ម៉ែត្រ សណ្ឋាគារនិងកាស៊ីណូSunshine Bay Casino & Hotel ចម្ងាយ៤៥ម៉ែត្រសណ្ឋាគារ Novotel Holiday Palace Hotel ចម្ងាយ១៦ម៉ែត្រ និងអគារកាស៊ីណូ Holiday Palace ចម្ងាយត្រឹមតែ១៨ម៉ែត្រតែប៉ុណ្ណោះ។
លោកលី ចាន់ដារ៉ាវុធ បានបញ្ជាក់ប្រាប់វីអូអេថា ការសាងសង់រំលោភច្បាប់នេះមាននៅច្រើនកន្លែងប៉ុន្តែក្រុមអ្នកបរិស្ថានគ្រាន់តែលើកយកឧទាហរណ៍ខ្លះនៃឆ្នេរមួយកន្លែងតែប៉ុណ្ណោះ។
លោកបានបន្ថែមថា៖
«អគារដែលខុសច្បាប់មិនមែនមានតែនៅឆ្នេរឯករាជ្យចំនួន៥ហ្នឹងទេ វាមាននៅឆ្នេរច្រើនទៀតដែលគេបានសង់អគារទៅលើដីឆ្នេរហ្នឹង ហើយវាផ្ទុយអំពីសារាចរណ៍ណែនាំស្តីអំពីការអភិវឌ្ឍឆ្នេរសមុទ្រផង ខុសពីច្បាប់ភូមិបាលផងដែលបញ្ជាក់ថាដីឆ្នេរសមុទ្រជាដីសាធារណៈ ហើយមិនត្រឹមតែប៉ុណ្ណឹងមានអគារខ្លះវាសង់ហើយ អគារខ្លះមិនទាន់សង់វាបង្ហូរទឹកលូចូលក្នុងសមុទ្រ ដែលប៉ះពាល់ដល់បរិស្ថាន»។
ការសាងសង់សំណង់អគារនៅលើដីឆ្នេរសមុទ្រដែលជាដីសាធារណៈគឺផ្ទុយទៅនឹងច្បាប់ភូមិបាល ហើយត្រូវផ្តន្ទាទោសដោយពិន័យជាទឹកប្រាក់រហូតដល់៥០លានរៀល និងត្រូវជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ។ នេះបើតាមមាត្រា២៥៩នៃច្បាប់ភូមិបាលដែលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០១។ សកម្មជនបរិស្ថាន លី ចាន់ដារ៉ាវុធ ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានចោទសួរទៅក្រសួងគ្រប់គ្រងដែនដីនិងនគរូបនីយកម្មរបស់លោកជា សុផារ៉ា តាមរយៈឃ្លីបវីដេអូថា៖
«ឯកឧត្តមជា សុផារ៉ា ខណៈដែលឯកឧត្តមធ្លាប់មានភាពស្វាហាប់ក្នុងការបណ្តេញប្រជាជនចេញពីតំបន់ឆ្នេរចាប់តាំងពីឆ្នាំ២០១៦មកដោយចោទប្រកាន់ថា ពួកគាត់បានរំលោភយកដីឆ្នេរខុសច្បាប់ដូច្នេះខ្ញុំមានសំណួរសួរមកកាន់ឯកឧត្តមថា តើមូលហេតុអ្វីបានជាអនុញ្ញាតឱ្យមានការសាងសង់អគារទាំងនេះជាបន្តបន្ទាប់នៅលើដីសាធារណៈរបស់យើងទាំងអស់គ្នា?ប្រហែលនេះគឺជាការអសមត្ថភាពរបស់ឯកឧត្តមនៅក្នុងការគ្រប់គ្រង ឬក៏ជាការឃុបឃិតគ្នាក្នុងការលក់ឆ្នេរសមុទ្ររបស់យើង?»
វីដេអូខ្លីដែលបង្ហាញពីសំណង់ទាំង៥ មានរយៈពេល២នាទីនិង៣៩វិនាទី ត្រូវបានចលនាមាតាធម្មជាតិបង្ហោះតាំងពីថ្ងៃទី២៦ ខែមិថុនានិងត្រូវបានចែករំលែកបន្តជាង២៦.០០០ដង គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ប៉ុន្តែនៅមិនមានការឆ្លើយតបជាផ្លូវការណាមួយពីក្រសួង ឬមន្ត្រីពាក់ព័ន្ធនៅឡើយទេ។
លោកសេង ឡូត អ្នកនាំពាក្យក្រសួងគ្រប់គ្រងដែនដី និងនគរូបនីយកម្ម មិនបានឆ្លើយតបអ្វីទេនៅពេលដែលវីអូអេបានព្យាយាមសួរលោកតាមទូរស័ព្ទជាច្រើនសារពាក់ព័ន្ធនឹងបញ្ហានេះ។ រីឯមន្ត្រីជំនាញដទៃទៀតនៅក្នុងក្រសួងនេះមិនបានលើកទូរស័ព្ទ ដែលវីអូអេតាមទាក់ទងជាបន្តបន្ទាប់។
ក្តីបារម្ភពីសុវត្ថិភាពអគារដែលសាងសង់ដោយក្រុមហ៊ុនរបស់ចិនកើតមានឡើងជាសាធារណៈក្រោយពីមានក្រោយហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុដែលបានសម្លាប់មនុស្ស២៨នាក់ កាលពីខែមិថុនាកន្លងទៅនេះ ហើយរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការពិសេសមួយដើម្បីពិនិត្យមើលសំណង់ដែលកំពុងសាងសង់និងអគារដែលត្រូវបានសាងសង់រួចក្នុងខេត្តព្រះសីហនុដើម្បីវាយតម្លៃថា សំណង់ទាំងនោះ ត្រូវបានសាងសង់ដោយមានច្បាប់និងមានគុណភាពឬយ៉ាងណា។
លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មិនអាចធ្វើអត្ថាធិប្បាយលើសំណង់ទាំងប្រាំដែលក្រុមសកម្មជនបានបង្ហាញទេ ដោយលោកបញ្ជាក់ថាទំហំសំណង់នេះគឺហួសពីការអនុញ្ញាតរបស់អាជ្ញាធរខេត្ត។
លោកបានពន្យល់ថា៖
«...ចាប់ពី៣០០០ម៉ែត្រការ៉េទៅដល់កម្រិតក្រសួង កម្រិតថ្នាក់ជាតិ អីចឹងក្នុងករណីនេះ ក៏ខ្ញុំពិបាកក្នុងការបកស្រាយដែរគ្រាន់តែថាសំណង់ជាទូទៅធំៗទាំង៥ដែលគាត់បង្ហោះហ្នឹង គឺកម្រិតថ្នាក់ជាតិហើយមិនមែនកម្រិតថ្នាក់ខេត្តទេសម្រាប់ការចេញច្បាប់អនុញ្ញាតសាងសង់»។
លោកឃាង ភារម្យ បានបន្ថែមថា អាជ្ញាធរខេត្តមិនអាចជំទាស់នឹងការសម្រេចរបស់ថ្នាក់ជាតិបានឡើយ បើទោះបីជាសំណង់ខ្លះសម្រេចដោយខុសច្បាប់ក៏ដោយ៖
«យើងអាចត្រឹមតែបានលើកយោបល់ ប៉ុន្តែជាក់ស្តែងជាទូទៅកាលណាថ្នាក់លើសម្រេចហើយជា ច្បាប់ហើយ គឺមានន័យថាគោរពតាម»។
អាជ្ញាធរខេត្តបានបញ្ជាក់ថា ពួកគេរង់ចាំការវាយតម្លៃរបស់គណៈកម្មការពិសេសដែលទើបបង្កើតឡើងនេះដើម្បីចាត់ការបន្តទៀត៕