ទោះបីជាស្ថិតក្នុងរដូវបិទនេសាទក៏ដោយ ក៏បទល្មើសនេសាទបានកើតឡើងយ៉ាងអណាធិបតេយ្យនៅកម្ពុជា ដែលធ្វើឱ្យធនធានត្រីនៃប្រទេសនេះមានការធ្លាក់ចុះជាខ្លាំង។
ក្រុមប្រជានេសាទ តំណាងសហគមន៍នេសាទ និងតំណាងអង្គការសង្គមស៊ីវិលប្រមាណជាង១០០នាក់មកពីខេត្តនានាបានមកជួបជុំគ្នានៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ ដើម្បីបរិហារពីបទល្មើសទាំងនេះ។ ក្រោមការជួយទ្រទ្រង់ហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ក្រុមប្រជាសហគមន៍នេសាទទាំងនោះបានចុះទៅធ្វើសកម្មភាពប្រមូលភស្តុតាងចាប់ពីថ្ងៃទី១១ ដល់ទី១៥ខែមិថុនា ដែលជារដូវបិទនេសាទ នៅតំបន់គោលដៅចំនួនបីគឺនៅបឹងទន្លេសាប តាមដងទន្លេមេគង្គ និងខេត្តនៅជាប់ឆ្នេរសមុទ្រ។ ការរកឃើញនេះបានលាតត្រដាងពីបទល្មើសនេសាទយ៉ាងអណាធិបតេយ្យនៅជាច្រើនរយទីតាំងនៅតាមខេត្តជាប់បឹងទន្លេសាប តាមដងទន្លេមេគង្គ និងនៅតាមដែនឆ្នេរសមុទ្រកម្ពុជា ដែលប្រព្រឹត្តឡើងដោយឈ្មួញ ប្រជាសហគមន៍នេសាទនៅមូលដ្ឋានមួយចំនួន ដោយជនជាតិវៀតណាម និងជនជាតិថៃ។
សកម្មភាពខុសច្បាប់ទាំងនោះរួមមានការដាក់អួនក្រឡាញឹក លូស្បៃមុង ការដាក់សម្រាស់ ដាក់ដាយ ការឆក់ត្រី ជីកបៀរ ឈូសឆាយព្រៃលិចទឹកនិងព្រៃកោងកាងយកជាកម្មសិទ្ធិ និង ការបូមខ្សាច់ ការចិញ្ចឹមត្រីឆ្ដោ ការដាក់ថ្នាំបំពុលជាដើម ដែលមាននៅទីតាំងនានាដូចជានៅខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កណ្ដាល តាកែវ កោះកុង និងខេត្តព្រះសីហនុ ជាដើម។
លោក ឡុង សូចែត ជាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាបានបញ្ជាក់ថា៖
«អ្វីដែលយើងទៅពិនិត្យនោះ គឺចំរដូវបិទនេសាទទៀត ដូចយើងដឹងហើយថ្ងៃមួយខែ៦ នៅបឹងទន្លេសាបត្រូវជារដូវបិទនេសាទ ដូចយើងដឹងស្រាប់ហើយថារដូវបិទនេសាទជារដូវត្រីពងកូន។ ទាក់ទងនឹងការនេសាទខុសច្បាប់ដែលយើងប្រមូលបានពីគ្រប់ខេត្តនោះ ធ្ងន់ធ្ងរនោះគឺការដាក់បរណរ៉ាវ ហើយយើងឃើញមានការនេសាទដោយប្រើម៉ាស៊ីនអូសដូចជាឧបករណ៍រុញស៊ីបអីជាដើម។ ហើយយើងឃើញជាក់ស្ដែងមួយទៀតនោះគឺការនេសាទក្នុងឡូត៍បម្រុងទុកដែលអភិរក្សដោយរដ្ឋបាលជលផលតែម្ដង»។
លោក សូចែត អះអាងថាបទល្មើសនេសាទទាំងនោះកើតឡើងបានដោយមានការឃុបឃិតនិងសូកប៉ាន់ជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីរដ្ឋបាលជលផល។
«បទល្មើសនេសាទ គេត្រូវរ៉ូវគ្នាទាំងអ្នកប្រព្រឹត្ត ទាំងអ្នកឃុបឃិត អញ្ចឹងគេអត់បញ្ចេញស្លាកស្នាម ឬភស្តុតាងឱ្យយើងទេ។ តាមការយល់ឃើញរបស់ខ្ញុំគឺមិនអាចប្រព្រឹត្តបានទេ ដូចជាការដាក់បណរ៉ាវទទឹងរាប់សិបគីឡូម៉ែត្រ ហេតុអ្វីអ្នកដែលមានសមត្ថកិច្ចទប់ស្កាត់មើលមិនឃើញ? ហើយអ្នកខ្លះដែលគាត់អត់ដឹងច្បាប់ទម្លាប់ គាត់ប្រាប់ត្រង់ៗតែម្ដងថាមួយរដូវគាត់រត់ការអស់ប៉ុន្មាន»។
ជាក់ស្តែងពេលយើងទៅជួបអួនមួយគាត់បាននិយាយថាគាត់រត់ការមួយរដូវអស់ជាង១០លានរៀល»។
ត្រីជាប្រភពស្បៀងនិងប្រូតេអ៊ីនដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះក្នុងមនុស្សម្នាក់ទទួលទានត្រីអស់ប្រមាណ៦២គីឡូក្រាមក្នុងមួយឆ្នាំៗ។
លោក ឡុង សូចែត អះអាងថាការនេសាទខុសច្បាប់ទាំងនេះកំពុងតែធ្វើឱ្យរិចរិលបរិមាណត្រីនៅកម្ពុជា ដែលកំពុងតែប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកខ្លួន ដែលអាស្រ័យលើផលនេសាទនេះសម្រាប់ទ្រទ្រង់ជីវិត។
បុរសវ័យចំណាស់សម្បុរខ្មៅម្នាក់ លោក ប៉េង គឹមថុន ជាប្រជានេសាទម្នាក់មកពីស្រុកបុរីជលសារ ខេត្តតាកែវ។ លោកថុនបានត្អូញត្អែរថារបរនេសាទត្រីដែលជាប្រភពចំណូលសំខាន់របស់គ្រួសារលោកកំពុងថយចុះជាខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
«ការនេសាទឥឡូវចុះថយខ្លាំងណាស់ ចាប់ពីឆ្នាំ២០១៣មក ត្រីចុះច្រើន។ ពីមុនមួយថ្ងៃរកបានប្រហែល១០គីឡូក្រាម ឥឡូវរកបានពីរទៅបីគីឡូក្រាមប៉ុណ្ណោះ។ នេះមកពីការនេសាទខុសច្បាប់ដូចជាឆក់ ស្បៃ អត់មានលើកលែងខែត្រីពងកូនអ្វីទេ ហើយប្រជាពលរដ្ឋគាត់បានយកគីមីដាក់ស្រែធ្វើឱ្យវាហិនហោចពូជត្រី។ ខ្វះខាតដែរ វាធ្វើឱ្យត្រីយើងហូបចុកហ្នឹងអត់គ្រប់គ្រាន់អញ្ចឹង»។
លោក អ៊ឹង ទ្រី អគ្គនាយករងនៃរដ្ឋបាលជលផលទទួលស្គាល់ថាពិតជាមានបទល្មើសនេសាទកំពុងកើតមាន ហើយបានស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ឈ្មោះមន្ត្រីដែលឃុបឃិតទាំងនោះមករដ្ឋបាលជលផលដើម្បីដាក់ទណ្ឌកម្មតាមច្បាប់។
«ទាក់ទងបញ្ហានេះគឺជាបទល្មើសពុករលួយហើយ អញ្ចឹងច្បាប់ពុករលួយកុំថាឡើយត្រឹមមួយលានរៀល មួយសេនដុល្លារក៏គេហៅថាបទល្មើសពុករលួយដែរ។ ប៉ុន្តែប្រសិនបើគាត់ថាអ្នកណាគេយក សូមបញ្ជាក់ឱ្យច្បាស់ពីឈ្មោះ ដូច្នេះនេះគឺជាក្របខណ្ឌរបស់យើង យើងស្ដាប់ ហើយទប់ស្កាត់បញ្ហាហ្នឹង»។
យ៉ាងណាក៏ដោយ ក្រុមប្រជាសហគមន៍នេសាទបានអះអាងថាពួកគេបានរាយការណ៍ករណីជាច្រើនទៅសមត្ថកិច្ចនិងរដ្ឋបាលជលផលប៉ុន្តែនៅតែពុំមានចំណាត់ការណាមួយនោះទេ។
បន្ទាប់ពីសន្និសីទកាសែតនេះ ក្រុមប្រជាពលរដ្ឋនិងតំណាងអង្គការសង្គមស៊ីវិលបានជិះរ៉ឺម៉កកង់បីដើម្បីហែញត្តិទៅស្ថានទូតសហរដ្ឋអាមេរិក ស៊ុយអែត សហគមន៍អឺរ៉ុប និងស្ថាប័នពាក់ព័ន្ធដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងកសិកម្ម ដើម្បីជំរុញឱ្យស្ថាប័នទាំងនោះរឹតបណ្ដឹងការឃ្លាំមើល ការអនុវត្តច្បាប់និងចាត់វិធានការតឹងរ៉ឹងចំពោះអាជ្ញាធរនិងជនល្មើសដែលជាប់ពាក់ព័ន្ធ៕