រដ្ឋបាល​ជលផល​ទទូច​ឲ្យ​ពលរដ្ឋ​រួសរាន់​ទិញ​ត្រី​ធ្វើ​ប្រហុក​ក្នុង​រយៈ​ពេល​ប្រាំថ្ងៃ​ទៅមុខ

ត្រី​ខ្ចប់​ដាក់​ការ៉ុង ដែល​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ប្រហុក​លក់។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ផែ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ ដើម្បី​ទិញ​ត្រី យក​ទៅ​ធ្វើ​ប្រហុក​លក់។ (ស៊ុន ណារិន/VOA)

រដ្ឋ​បាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រញាប់​ទិញ​ត្រី​មកធ្វើ​ប្រហុក​ ផ្អក​ ឬ​ត្រី​ឆ្អើរ​ក្នុង​រយៈពេល​ប្រាំថ្ងៃ​ទៅ​មុខ​ទៀត​នេះ​ ដើម្បី​ត្រៀម​បម្រុង​ទុក​សម្រាប់​បរិភោគ​ប្រចាំ​ឆ្នាំ​ នៅ​ពេល​ដែល​កម្រិត​ទឹក​ហូរ​ចេញ​ពីបឹង​ទន្លេសាប​បាន​ស្រក​ចុះ​ខ្លាំង​នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ ​នេះ។​

រដ្ឋបាល​ជលផល​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ ​ចុះ​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ​នេះ​ថា​ ​ការ​ស្រក​ចុះ​យ៉ាង​លឿន​នៃ​កម្រិត​ទឹក​ហូរ​ចេញ​ពី​បឹង​ទន្លេ​សាប​នោះ​ «មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈកាល​កន្លង​មក»​ទេ។​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​តាម​ដង​ទន្លេ​សាប​អាច​នេសាទ​ត្រី​បាន​ច្រើន​ ក្នុង​រយៈ​ពេល​៥ថ្ងៃ​ ជាពិសេស​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ ​«ប្រសិន​បើ​មេឃ​ស្រឡះ​ល្អ​ និង​គ្មាន​ភ្លៀង​កក់ខែ»។​

សេចក្តី​ជូន​ដំណឹង​បាន​សរសេរ​ថា៖ «យោង​តាម​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ ​រដ្ឋបាល​ជលផល​ស្នើ​សុំ​អញ្ជើញ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ ផ្អក​ ត្រី​ឆ្អើរ។ល។​សម្រាប់​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ​ មេត្តា​អញ្ជើញ​ទិញ​ត្រី​ក្នុង​ខែ​មិគសិរ​ [ឬខែធ្នូ]​នេះ​ ​ឲ្យបាន​រួសរាន់​ តាម​ពេល​វេលា​ និង​ទីកន្លែង​ដូច​បាន​ជម្រាប​ជូន​ខាង​លើ»។​

លោក​ សូយ កែវ ​លេខា​សហគមន៍​នេសាទ​បឹង​ទន្លេសាប កោះ​ព្រែក​រាំង​សីល​ នៃ​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់ ​VOA ​ថា ​ការ​នេសាទ​ត្រី​ប្រហុក​នៅ​ខេត្ត​ពោធិ៍សាត់​ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ហាក់​មាន​សន្ទុះ​ច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​ផល​តិច​ជាង​ឆ្នាំ​មុន។​

«កន្លង​មក​វា​អត់​សូវ​បាន​ដែរ ​ប៉ុន្តែ​រយៈពេល​ពីរ​ថ្ងៃ​បី​ថ្ងៃ​នេះ ​រៀង​គ្រាន់​ត្រូវ​ ត្រូវ​ត្រី​ប្រហុក​តាំង​ពី​ធ្លាក់​ខ្យល់​មក‍»។​

អ្នក​នេសាទ​ ដែល​រស់​នៅ​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាបនេះ​ បន្ថែម​ថា៖ «ឆ្នាំ​ហ្នឹង​វា​មិន​សូវ​សម្បូរ​ដូច​មុន​ទេ!​ ទីមួយ​កត្តា​ទឹក​ឡើង​ វា​អត់​ថេរ​ ដូច​តាមខែ​មុនៗ​ហ្នឹង​ណា៎។​ ធ្លាប់​មុន​ហ្នឹង ​ដល់​ខែវា​ត្រូវ​ឡើង​ វា​ឡើង។ ​ដល់ឆ្នាំនេះ ​វា​អត់​ឡើង។ ​ត្រី​វា​អត់​បាន​ចូល​ព្រៃ​ពង​កូន។​ វា​អត់សូវ​សម្បូរ​នៅ​ហ្នឹង»។​

VOA ​មិន​អាច​ទាក់ទង​លោក​ អេង ជាសាន​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

រដូវ​ធ្វើ​ត្រី​ប្រហុក​ឆ្នាំ​ ២០១៩ ​និង ២០២០ ​ចាប់​ផ្តើម​ពី​ខែ​ធ្នូ​រហូត​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ ​អំឡុង​ពេល​ដែល​ទឹក​ទន្លេ​សាប​ចាប់​ផ្តើមហូរ​ស្រក​ចេញ​ទៅកាន់​ទន្លេ​មេគង្គ​វិញ។ ​ប្រជា​នេសាទ​តាម​ដង​បឹង​ទន្លេសាប​ និង​អ្នក​ជំនាញ​កសិកម្ម​ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ផល​នេសាទ​ត្រី​ប្រហុក​នៅ​ក្នុង​ដើម​រដូវ​នេសាទ​នេះ ​ដោយ​សារ​តែ​កម្ពស់​ទឹក​មាន​កម្រិត​ទាប​ និង​មាន​ការ​ស្រក​លឿន​នោះ។​

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជាលោក​ យ៉ង់ សាំងកុមា​ កត់​សម្គាល់ថា​ ​ត្រី​ប្រហុក​ដែល​ជា​មុខ​ម្ហូប​ចម្បង​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរអាច​នឹង​មាន​តម្លៃ​ខ្ពស់​ក្នុង​ឆ្នាំ​នេះ។​

«អ៊ីចឹង​ ជា​ទូទៅ​វាជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​ខ្មែរ​យើង​ណា៎ ​រឿង​ធ្វើ​ត្រី​ប្រហុក​ហ្នឹង។​ តែ​យើង​បារម្ភ​ណា៎! ​បារម្ភ​ខ្លាច​ វា​មិន​សូវ​សម្បូរ​ត្រី ​ហើយ​បើវា​សម្បូរ ​តិចតួច​អី​ក៏វា​អាច​ថ្លៃ ​តម្លៃ​អាច​ខ្ពស់​ ប៉ុន្តែ​យើង​ចាំ​មើល​វាតិច​ទៀត​សិន​ណា៎»។​

យោង​តាម​របាយ​ការណ៍​ស្តី​ពី​សភាព​ការណ៍​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ប្រចាំ​ខែ​តុលា​ និង​ទិស​ដៅ​អនុវត្តន៍​របស់​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទសម្រាប់​ការ​នេសាទ​ទឹកសាប​ ដាយ​ត្រី ​ឬក៏​ទីតាំង​ប្រមូល​ផលត្រី​ អនុវត្តបាន​ ២.៥៤០​ តោនស្មើ​នឹង​ ២១ ​ភាគរយ​នៃ​ផែនការ ១២.០០០ ​តោន​ ហើយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០១៨ ​គឺ​មាន​ការ​ថយ​ចុះ ៣៣០ ​តោន៕