អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្ត​ព្រៃវែង​សង្ឃឹម​តម្លៃ​ត្រី​កើន​ឡើង ក្រោយ​ការ​​​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀតណាម

រូបឯកសារ៖ អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

អ្នក​ចិញ្ចឹម​ត្រី​ប្រា និង​ត្រី​ពោក្នុង​ខេត្ត​ព្រៃវែងបង្ហាញ​ក្តី​សង្ឃឹម​ថា ​តម្លៃ​ត្រី​នឹង​កើន​ឡើង​ជាង​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការ​នាំ​ចូល​ត្រី​ដែល​កសិករ​ក្នុង​ស្រុក​អាច​ផលិត​បាន ជា​ពិសេស​ត្រី​នាំ​ចូល​ពី​ប្រទេស​វៀតណាម។ កសិករ​ចិញ្ចឹម​ត្រីក៏​ជំរុញ​ចំណាត់​ការ​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឲ្យ​ដឹង​ថា​កម្ពុជាផ្អាកនាំ​ចូលត្រី ដែល​វារី​វប្បកម្មផលិតបាន តាម​សំណើ​របស់​អាជីវករ​នាំ​ចេញ នាំ​ចូលផលិតផល​ជលផល។

លោក គង់ គឹមហុន ដែលចិញ្ចឹម​ត្រី​ប្រា​និង​ត្រី​ពោ​ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃ​វែង មាន​ប្រសាសន៍​ថា​តម្លៃ​ត្រី​ដែល​លោក​ទើប​តែ​លក់ ពោល​គឺ​កាល​ពី​ចុងឆ្នាំ​២០២០ មាន​តម្លៃ​ទាប គឺ​ត្រី​ពោ ​៥.៥០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​លោក​ថា ​វា​គួរ​តែ​មាន​តម្លៃ​ ៧​ពាន់​ទៅ​ ៨​ពាន់​រៀល ​ក្នុង​មួយ​គីឡូក្រាម។

កសិករ​អាយុ ​៤ ០ឆ្នាំរូប​នោះ ​បន្ត​ថា ​ការ​ចុះ​ថ្លៃ​នេះ ដោយ​សារ​ត្រី​នាំ​ចូល​ពី​វៀត​ណាម​មាន​តម្លៃ​ថោក​ជាង។ លោក​បញ្ជាក់​ថា​វៀតណាម​នាំ​ត្រី​ស្ទើរ​គ្រប់​ប្រភេទ​ចូល​ទីផ្សារ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ត្រី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចិញ្ចឹម​បាន​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​គេ​បិទ​មែន​ទែន យើង​ចិញ្ចឹម​នៅ​ហ្នឹង កាន់​តែ​ល្អ​ហើយ។ វា​អត់​សូវ​បារម្ភ អត់​សូវ​ភ័យរឿង​ត្រី​គេ​យក​មក​អញ្ចឹង។ ហើយ​បើ​បុក​ជាមួយ​ត្រី​យើង ត្រីយើង​លក់​ថោក​ដូច​គេ​អញ្ចឹង ខាត​អី​ចឹង​ណា»។

លោក​បន្ត​ថា​ កន្លង​ទៅ​វៀត​ណាម​បាន​ដឹក​ត្រី​តាម​រថយន្ត​ចូល​មក​កម្ពុជា ហើយ​ប្រជាជន​ខ្មែរ​បាន​ទិញ​ត្រី​នោះ​ទៅ​លក់​បន្ត ម្នាក់​ ៥០​គីឡូក្រាម ឬ​១០០​គីឡូក្រាម ដើម្បី​ដឹកចែក​ចាយ​លក់​តាម​ភូមិ​នៅ​តាម​ផ្លូវ​ជន​បទ។

រូបឯកសារ៖ អ្នក​ចិញ្ចឹមត្រីឈរ​នៅ​ពី​មុខ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ក្នុងភូមិបាទី ​ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ចំណែក​លោក ​ខៃ ហេង​ អាយុ​៦០​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​ទៀតក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ​ឲ្យដឹង​ថា​ ត្រី​ប្រា​របស់​លោក​ដែល​លក់​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០ មាន​តម្លៃ ៤​ពាន់​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ដែល​លោក​ថា​ គួរ​តែ​ខ្ពស់​ជាង​ហ្នឹង។ លោក​បន្ត​ថា​ ការ​ធ្លាក់​តម្លៃ​ត្រី​នេះ ដោយ​សារ​ត្រី​មាន​ចំនួន​ច្រើន ​ជាពិសេស​គឺ​ត្រី​នាំ​ចូល​ពី​ប្រទេស​វៀតណាម។

កសិករ​ដែល​ចិញ្ចឹម​ត្រី​ប្រា​ជាង​ ២​ម៉ឺន​ក្បាល ហើយ​ប្រហែល​អាច​លក់​បាន​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ មាន​ប្រសាសន៍​ថា៖ «ចង់​បាន​ការ​ទប់​ស្កាត់​អញ្ចឹង​ដែរ សម្រាប់​ឲ្យ​ត្រី​យើង​បាន​ថ្លៃ។ ខ្ញុំ​យល់​ថា​ ល្អ។ ចំណាត់​ការ​ហ្នឹង ​ល្អ សម្រាប់​កសិករយើង។ ដោយសារ​តែ​បើ​ត្រី​យើង​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុកយ៉ាងណា ក៏​ត្រី​យើង​បាន​ថ្លៃ​បន្តិច​ដែរ»។

កសិករ​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ ការ​ចិញ្ចឹម​ត្រី​នៅ​តំបន់​របស់​លោក​មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​នឹង​ពេល​មុន។ លោក​បន្ត​ថា​ តម្លៃ​ត្រី​ប្រែ​ប្រួលជា​បញ្ហា​មួយ​សម្រាប់​កសិករ​ខ្មែរ។

កសិករ​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​ពាមរក៍​នេះ បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​ខ្មែរត្រូវ​នាំ​ចូល​ពី​វៀតណាម ដែល​នាំ​ឲ្យត្រី​ដែល​ចិញ្ចឹម​ធំធាត់ថ្លៃ​ជាង​ត្រី​វៀតណាម ​ព្រោះ​ចំណាយ​ខ្ពស់​ជាង។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អេង ជាសាន ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ការ​ផ្អាកនាំ​ចូលត្រី​មួយ​ចំនួនក្នុងពេល​នេះ គឺ​ដើម្បី​លើក​កម្ពស់​ទីផ្សារ​ផលិត​ផល​ក្នុង​ស្រុក ខណៈ​កម្ពុជា​ចង់​ជំរុញ​ឲ្យមាន​វារីវប្បកម្ម​ក្នុង​ស្រុក​កាន់​តែ​ច្រើន។

លោក​បន្ត​ថា ​ក្រសួងលើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ ​ឲ្យ​វិនិយោគលើ​រោងចក្រ​ផលិត​ចំណី​សម្រាប់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​ផង​ដែរ។

លោក ថេង​ សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​ប្រសាសន៍​ថា ចំណាត់​ការ​ផ្អាកការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង​នេះ គួរ​តែ​ធ្វើ​ឡើង​តាំង​ពី​មុន ព្រោះ​កសិករ​ចិញ្ចឹម​ត្រី​បាន​ត្អូញ​ត្អែរ​យូរ​មក​ហើយ។

លោក​បន្ត​ថា​ ការ​បិទ​ការ​នាំ​ចូល​ត្រី​ពី​ក្រៅ​ប្រទេស​អាច​ឲ្យ​កសិករ​បង្កើន​ការ​ចិញ្ចឹម​ក្នុ​ងស្រុក​ដើម្បីផ្គត់​ផ្គង់​តម្រូវ​ការ​និង​បង្កើន​ការ​រក​ចំណូល​របស់​កសិករ។

លោក​បញ្ជាក់​ថា៖ «មិន​មែន​ទាល់​តែ​ពេលប្រជាពលរដ្ឋ​លើក​ឡើង​ពី​ក្តី​កង្វល់​និង​បញ្ហា ឬ​ក៏​ផល​ប៉ះពាល់ដែល​កើត​មាន​ឡើង​ ដោយសារ​តែ​ការ​នាំ​ចូល​ត្រី​ពីបណ្តា​ប្រទេស​ជិត​ខាង ទើប​ធ្វើ​កិច្ចការ​ងារ​នេះ​ទេ»។

លោក​បន្ត​ថា​ សម្រាប់​ត្រី​ សាច់​ ម្ហូប និង​បន្លែ កម្ពុជា​នៅតែ​ពឹងដង្ហើម​ប្រទេស​ជិត​ខាង​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជាកត់​សម្គាល់​ថា ​របរ​កសិកម្មមិន​លូត​លាស់ ដោយសារ​តែ​ការ​វិនិយោគ​មាន​កម្រិត​ទាប ថ្លៃ​ដើម​ខ្ពស់ បញ្ហា​រំខាន​បំផ្លាញ​ដោយ​អាកាសធាតុ​មិន​ថេរ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ទីផ្សារ​នៅ​ទន់​ខ្សោយ។

ខណៈ​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ចដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង​វិស័យ​ទេសចរណ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កន្លង​មក​ បាន​ប្រកាសឲ្យ​ប្រជា​ពលរដ្ឋ​ ងាក​មក​ប្រកប​របរ​ខាង​វិស័យ​កសិកម្ម​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​ ដូចជា​ត្រី​ជាដើម​វិញ៕