ប្រធានបទ​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden ត្រូវ​បាន​បង្ហាញ

រូបឯកសារ៖ បដាគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ត្រូវបានដាក់នៅមុខមណ្ឌលបោះឆ្នោតមួយកន្លែងនៅក្រុង Fairfax រដ្ឋ Virginia កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០។

អ្នក​សម្រប​សម្រួល​សម្រាប់​ការ​ជជែក​ដេញដោល​រវាង​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ខាង​មុខ បាន​ផ្សព្វផ្សាយ​ប្រធានបទ​ចំនួន ៦ សម្រាប់​ការ​ជជែក​ដេញដាល​លើក​ទីមួយ​នេះ។

លោក Trump និង​លោក Biden នឹង​ជជែក​ដេញដោល​អំពី​ប្រវត្តិ​ការងារ​សាធារណៈ​របស់​ខ្លួន តំណែង​ចៅក្រម​តុលាការ​កំពូល​ដែល​នៅ​ទំនេរ​បច្ចុប្បន្ន ជំងឺ​កូវីដ១៩ បញ្ហា​សេដ្ឋកិច្ច បញ្ហា​ជាតិ​សាសន៍​ និង​អំពើ​ហិង្សា​នៅ​តាម​ទី​ក្រុង​នានា ​ក្នុង​សហរដ្ឋ​អាមេរិក និង​សុចរិតភាព​នៃ​ការ​បោះឆ្នោត។

ប្រធានបទ​ទាំង​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​លោក Chris Wallace អ្នក​សារព័ត៌មាន​ប្រចាំ​ទូរទស្សន៍ Fox News ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញដោល​នេះ។

ចាប់ពី​ម៉ោង ៩ យប់ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ខាង​មុខ លោក Trump និង​លោក Biden មាន​រយៈពេល ១៥ នាទី​ម្នាក់​ ដើម្បី​ជជែក​ដេញដោល​លើ​ប្រធានបទ​នីមួយៗ ក្នុង​អំឡុង​ពេល​សរុប ៩០ នាទី ដែល​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​រំខាន។

ប្រធានបទ​ទាំង​នេះ​អាច​នឹង​ប្រែប្រួល​អាស្រ័យ​លើ​ការ​វិវត្ត​របស់​ព័ត៌មាន។

ការ​ជជែក​ដេញដោល​លើក​ទី​មួយ​នេះ គ្រោង​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Case Western Reserve University និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Cleveland Clinic ក្នុង​ទីក្រុង Cleveland រដ្ឋOhio៕