សាកល​វិទ្យាល័យ​ស្តង់ដារ​ចក្រភព​អង់គ្លេស​បើក​សម្ពោធ​នៅ​កម្ពុជា

សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) ដែលជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ សីហា ២០២៤។ (Facebook/Samdech Thipadei Hun Manet)

សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត ​យូនីវើស៊ីធី ​(De Montfort University)​ដែល​មាន​ស្តង់ដារ​មក​ពី​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

សាកល​វិទ្យាល័យ​ដែល​មាន​អាយុ​កាល​ជាង​១៥០​ឆ្នាំ​នេះ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ សាកល​វិទ្យាល័យ​នេះ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ។​

ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​សាកល​វិទ្យាល័យ​ ដឺ ម៉ុនហ្វត​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​ដែល​ចូល​រួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​នោះ​ បាន​សាទរ​ចំពោះ​វត្តមាន​នៃ​សាកល​វិទ្យាល័យ​មួយ​នេះ ​ដែល​នាំ​មក​នូវ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ដែល​មាន​ស្តង់ដារ​ខ្ពស់​មក​កាន់​ប្រទេស​កម្ពុជា។​ លោក ​ហ៊ុន ម៉ាណែត ​ដែល​ធ្លាប់​ទទួល​បាន​ការ​អប់រំ​នៅ​អង់គ្លេស​ ចាត់​ទុក​ថា​ សាកល​វិទ្យាល័យ​អង់គ្លេស​បោះ​មូលដ្ឋាន​នៅ​កម្ពុជា​ ដោយ​សារ​មើល​ឃើញ​ការ​ផ្ដល់​តម្លៃ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត ​បាន​សម្រេច​ជ្រើស​រើស​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​សម្រាប់​បើក​សាខា​របស់​ខ្លួន​ ដោយ​សារ​តែ​សាកល​វិទ្យាល័យ​នេះ​បាន​ទទួល​ស្គាល់​ថា​ ប្រទេស​កម្ពុជា​ផ្តល់​តម្លៃ​លើ​វិស័យ​អប់រំ​តាំង​ពី​កម្រិត​មូលដ្ឋាន​រហូត​ដល់​កម្រិត​ឧត្តម​សិក្សា។ ​សាកល​វិទ្យាល័យ​ដឺ ម៉ុន​ហ្វត ​បាន​មើល​ឃើញ​ថា​ ការ​អប់រំ​កំពុង​មាន​ឥទ្ធិពល​លើ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ​ខណៈ​រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឥត​ឈប់​ឈរ​នូវ​ការ​ពង្រឹង​គុណភាព ​និង​ការ​បង្កើន​សក្តានុពល​របស់​វិស័យ​អប់រំ ​ព្រម​ទាំង​លើក​កម្ពស់​អន្តរជាតិ​ន័យកម្ម»។​

លោក ​ហ៊ុន ម៉ាណែត ​បន្ត​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​កត្តា​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចំណូល​ខ្ពស់​ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។​

លោក​លើក​ទឹក​ចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត​ សហការ​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​ធុរៈកិច្ច​របស់​ចក្រភព​អង់គ្លេស​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​ ដើម្បី​ជំរុញ​ដល់​ការ​ផ្សារ​ភ្ជាប់​ទីផ្សារ​ការងារ​ និង​ទទួល​បាន​ការ​គាំទ្រ​ផ្សេងៗ​ទាក់ទង​នឹង​ការ​បណ្តុះ​សហគ្រិន​ភាព ​ក្នុង​ការ​បង្កើត​ការងារ​ជាក់​ស្តែង​នៅ​កម្ពុជា ​បន្ទាប់​ពី​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត។​

លោក ​ហ៊ុន ម៉ាណែត ​បន្ថែម​ថា៖​ «នៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ចង់​ឃើញ​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត ​ក្លាយ​ជា​ទី​ប្រមូល​ផ្តុំ​ និង​ដែក​ឆក់ ​និង​ការ​វិនិយោគ​មក​ពី​ចក្រភព​អង់គ្លេស​ដែល​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ធនធាន​មនុស្ស​ និង​អនាគត​អ្នក​ដឹកនាំ​ដែល​សាកល​វិទ្យាល័យ​បាន​ខិត​ខំ​បណ្តុះ​បណ្តាល​ ជា​មួយ​នឹង​តួអង្គ​ទីផ្សារ​វិនិយោគិន ​និង​ឧស្សាហ​កម្ម​នា​អនាគត​របស់​ចក្រភព​អង់គ្លេស»។​

លោក​បន្ថែម​ថា​ ការ​បើក​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត នៅ​កម្ពុជា​ក៏​ជា​ការ​លើក​ស្ទួយ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អង់គ្លេស​បន្ថែម​ទៀត​ផង​ដែរ។​

សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៧០​និង​មាន​ប្រវត្តិ​នៃ​ការ​បង្រៀន​ជាង​១៥០​ឆ្នាំ ​និង​មាន​និស្សិត​ប្រមាណ​៣៥.០០០​នាក់​កំពុង​សិក្សា​នៅ​ចក្រភព​អង់គ្លេស និង​ក្រៅ​ប្រទេស។ សាកល វិទ្យាល័យ​នេះ​មាន​សាខា​នៅ​ចក្រភព​អង់គ្លេស ​ មជ្ឈិម បូព៌ា ​(ឌូបៃ)​ អាស៊ី​បូព៌ា ​(កាហ្សាក់ស្ថាន)​ និង​បច្ចុប្បន្ន​នៅ​អាស៊ី​អាគ្នេយ៍ ​(កម្ពុជា)។ ​សាកល​វិទ្យាល័យ​នេះ​មាន​បុគ្គលិក ​និង​និស្សិត​មក​ពី​ ប្រទេស​ជាង​១៤០​ និង​មាន​កិច្ច​ព្រម​ព្រៀង​សហការ​ដៃ​គូ​ (Progression and Articulation Agreements)​ជា​មួយ​នឹង​ស្ថាប័ន​ជាង​១០០​នៅ​ទូទាំង​ពិភព​លោក។ ​នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន ម៉ាណែត។​

លោក ​ដូមីនីក វីលៀមស៍​(Dominic Williams) ​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ ​បាន​ថ្លែង​ថា​ លោក​អបអរ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ការ​បើក​សម្ពោធ​សាកល​វិទ្យាល័យ​នៃ​ចក្រភព​អង់គ្លេស​ជា​លើក​ដំបូង​ ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់រំ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។​

លោក​ថ្លែង​ជា​ភាសា​ខ្មែរ​ថា៖​ «ខ្ញុំ​រំភើប​ចិត្ត​ដែល​ចូល​រួម​បើក​សម្ពោធ​សាកល​វិទ្យាល័យ​អង់គ្លេស​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ [...] ​ចាប់​ផ្តើម​ពី​វិនាទី​ដំបូង​ ដែល​ខ្ញុំ​ទាក់ទង​ជា​មួយ​ឧប​នាយក​រដ្ឋ​មន្រ្តី​ ឯកឧត្តម​ ហង់ ជួន ណារ៉ុន ​យើង​មាន​ការ​គាំទ្រ​ពេញ​លេញ​ពី​រាជ​រដ្ឋាភិបាល។​ ការ​គាំទ្រ​នេះ​ជួយ​ដល់​De Montfort University ​បង្កើត​ស្ថាប័ន​នេះ​យ៉ាង​លឿន។​ បទ​ពិសោធន៍​របស់ ​De Montfort University ​បាន​បង្ហាញ​ថា​ រាជ​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​នៅ​លើ​វិស័យ​អប់រំ​ និង​បង្ហាញ​ថា​ កម្ពុជា​មាន​បរិយាកាស​ដ៏​ល្អ​ដល់​ការ​វិនិយោគ​បរទេស»។​

លោក ​ដេត សុខឧត្តម ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​Paragon Education ​ប្រាប់​វីអូអេ​ថា​ ការ​បើក​សម្ពោធ​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត ​គឺ​ជា​ការ​ចូល​រួម​អភិវឌ្ឍ​វិស័យ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​បង្កើន​ជម្រើស​កាន់​តែ​ច្រើន ​និង​ងាយ​ស្រួល​សម្រាប់​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ ​លោក​បន្ថែម​ថា​ វត្ត​មាន​សាកល​វិទ្យាល័យ​ដែល​មក​ពី​ក្រៅ​ប្រទេស​មាន​តិច​តួច​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«តាម​ពិត​ទៅ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ គឺ​មាន​សាកល​វិទ្យាល័យ​ច្រើន​ដែរ​ហើយ ​តែ​សាកល​វិទ្យាល័យ​ដែល​មក​ពី​ក្រៅ​ប្រទេស​គឺ​មិន​សូវ​ជា​មាន។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ យ៉ាង​ហោច​ណាស់​វា​ជា​ជម្រើស​មួយ​សម្រាប់​ឪពុក​ម្តាយ​ សិស្ស​ដែល​គាត់​ចង់​ទៅ​រៀន​នៅ​ប្រទេស​គេ​ ប៉ុន្តែ​គាត់​អាច​កាត់​បន្ថយ​ការ​ចំណាយ​តាម​រយៈ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មួយ​ដែល​មាន​កម្រិត​ស្មើ​ឬ​ប្រហាក់​ប្រហែល​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ដើម​ដែល​នៅ​ប្រទេស​របស់​គេ​ហ្នឹង»។​

លោក​សង្ឃឹម​ថា​ វត្តមាន​នៃ​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត​នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​កម្រិត​គុណភាព​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង​ និង​អាច​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​មាន​សមត្ថភាព​ប្រឡូក​កិច្ចការងារ​បាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​

កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​របស់​សាកល​វិទ្យាល័យ​ដឺ ម៉ុនហ្វត​កម្ពុជា​ រួមមាន​ពាណិជ្ជ​កម្ម​ ព័ត៌មាន​វិទ្យា ​និង​ហិរញ្ញ​វត្ថុ។ ​ថ្លៃ​សិក្សា​កម្រិត​ថ្នាក់​បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យាល័យ​មួយ​នេះ​មាន​តម្លៃ​១​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមរិក​ក្នុង​មួយ​ឆ្នាំ ​និង​សម្រាប់​ថ្នាក់​អនុបណ្ឌិត​មាន​តម្លៃ​១​ម៉ឺន​៥​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមរិក​សម្រាប់​រយៈ​ពេល​២​ឆ្នាំ។ ​ សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រូវ​មាន​លក្ខខណ្ឌ​ដូចជា​លិខិត​ចំណាប់​អារម្មណ៍​របស់​សិស្ស ​ព្រឹត្តិ​បត្រ​ពិន្ទុ ​ឬ​វិញ្ញា​បនបត្រ ​និង​កម្រិត​ភាសា​អង់គ្លេស ​(IELTs)​ចាប់​ពី​៥​ឡើង​ទៅ​សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ ​និង​៦​ឡើង​សម្រាប់​ថ្នាក់​អនុបណ្ឌិត។ ​និស្សិត​នឹង​អាច​ទទួល​បាន​ឱកាស​ការងារ ​ធ្វើ​ការ​ងារ​ជា​មួយ​ក្រុមហ៊ុន​ដៃ​គូ ​ការ​ចូល​រួម​កម្ម​វិធី​សិក្ខាសាលា​ វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​ ការ​ប្រឹក្សា​ពី​អាជីព​ការងារ​ និង​ទទួល​បាន​ទិដ្ឋាការ​សម្រាប់​ធ្វើ​ការងារ​២​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស ​បន្ទាប់​ពី​បញ្ចប់​ឆ្នាំ​ទី​៤។​ នេះ​បើ​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​សាកល​វិទ្យាល័យ​នេះ៕