ប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារបានរាយការណ៍អំពីករណីស្លាប់ដំបូងពីជំងឺកូវីដ១៩នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ដែលស្ថិតក្នុងចំណោមជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់លាននាក់ដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនដ៏ណែនណាន់តាន់តាប់របស់ប្រទេសនេះ។
មន្ត្រីសុខាភិបាលបង់ក្លាដែសថ្លែងប្រាប់អ្នកកាសែតថា អ្នកស្លាប់នោះ គឺបុរសអាយុ៧១ឆ្នាំម្នាក់ដែលបានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅកន្លែងដាក់ឲ្យនៅដោយឡែកមួយកន្លែងនៅទីប្រជុំជន Cox’s Bazar។ លោកស្ថិតនៅក្នុងចំណោមជនរ៉ូហ៊ីងយ៉ា ២៩នាក់ដែលត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានថាមានវិរុសដែលបង្កជំងឺកូវីដ១៩ ក្នុងប៉ុន្មានសប្តាហ៍នេះ។
រដ្ឋាភិបាលបង់ក្លាដែសនិងអង្គការមនុស្សធម៌អន្តរជាតិបានបង្កើតកន្លែងដាក់ឲ្យនៅដោយឡែកក្នុងជំរំដែលមានជនភៀសខ្លួនរហូត ៧០០.០០០នាក់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ ពួកគេបានព្រមានកន្លងមកថា កូវីដ១៩អាចឆ្លងយ៉ាងលឿននៅក្នុងជំរំដែលមានជនភៀសខ្លួនរស់នៅគៀកគ្នានិងពិបាករក្សាគម្លាតពីគ្នា៕