អង្គការ Peace Corps នឹងធ្វើប្រតិបត្តិការក្នុងប្រទេសវៀតណាមជាលើកដំបូង ដោយសារការផ្តើមគំនិតបើកការទាក់ទងដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាមួយប្រទេសជាតិនេះក្នុងទ្វីបអាស៊ីអាគ្នេយ៍។
នៅក្នុងឱកាសទស្សនកិច្ចរបស់លោកក្នុងប្រទេសវៀតណាម លោក អូបាម៉ាបានសុំដល់រដ្ឋាភិបាលនៃប្រទេសវៀតណាមឱ្យបើកឱ្យអង្គការស្ម័គ្រចិត្តនេះចាត់ចែងកម្មវិធីមួយនៅទីនោះដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការបង្រៀនភាសាអង់គ្លេស។
រដ្ឋាភិបាលនៃប្រទេសវៀតណាមបានយល់ព្រមតាមសំណើសុំនេះ ដែលជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំដោយអង្គការ Peace Corps ដើម្បីឱ្យបានចូលក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១២ លោក Aaron Williams ដែលកាលនោះជានាយកនៃអង្គការ Peace Corps បានទៅទស្សនាប្រទេសវៀតណាមបីថ្ងៃដើម្បីពិនិត្យមើលលទ្ធភាពនៃការចាត់ចែងកម្មវិធីនៅទីនោះ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីហាណូយថា៖ «ខ្ញុំមានការពេញចិត្តខ្លាំងណាស់ដែលជាលើកដំបូងអង្គការ Peace Corps នឹងមកកាន់ប្រទេសវៀតណាម។ ពួកអ្នកស្ម័គ្រចិត្តនៃអង្គការ Peace Corps របស់យើងនឹងផ្តោតការយកចិត្តទុកដាក់លើការបង្រៀនភាសាអង់គ្លេស ហើយមិត្តភាពដែលប្រជារាស្ត្ររបស់យើងបានធ្វើឱ្យមានឡើងនឹងនាំឱ្យយើងមានភាពជិតស្និទ្ធជាមួយគ្នាជាងមុនក្នុងពេលជាច្រើនទសវត្សរ៍ខាងមុខ»។
អង្គការ Peace Corps បាននិយាយប្រាប់វីអូអេថា ខ្លួនបានធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេសវៀតណាមហើយដើម្បីរៀបចំបញ្ចប់និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតកម្មវិធីនេះ។ អង្គការស្ម័គ្រចិត្តនេះបានថ្លែងថាវាជាឱកាសមួយសម្រាប់ប្រទេសទាំងពីររបស់យើងបន្តអភិវឌ្ឍការទាក់ទងគ្នាមួយដែលខ្លាំងនិងឋិតថេរ និងពង្រឹងថែមទៀតនូវចំណងទាក់ទងគ្នារវាងប្រជារាស្ត្រនិងប្រជារាស្ត្រ។
បន្ថែមពីលើការសិក្សាអប់រំ ពួកអ្នកស្ម័គ្រចិត្តនៃអង្គការ Peace Corps ចំណាយពេល២៧ខែនៅក្នុងប្រទេសដែលទទួលពួកគេឱ្យស្នាក់អាស្រ័យដើម្បីជួយក្នុងវិស័យកសិកម្ម ការអភិវឌ្ឍសហគមន៍ បរិស្ថាន សុខភាពនិងវិស័យយុវជន។
លោកប្រធានាធិបតី John F. Kennedy បានបង្កើតអង្គការ Peace Corps កាលពីឆ្នាំ១៩៦១ ដើម្បីឧបត្ថម្ភផ្ចុងផ្តើមសន្តិភាពពិភពលោកនិងមិត្តភាព។ ចាប់តាំងពីពេលនោះមក មានអ្នកស្ម័គ្រចិត្តអាមេរិកាំង២២០.០០០នាក់បានបម្រើការនៅក្នុងប្រទេស១៤១៕