ភរិយាប្រធានាធិបតីគឺអ្នកស្រី Jill Biden នឹងធ្វើដំណើរទៅរដ្ឋ Alaska នៅថ្ងៃពុធមុនពេលអ្នកស្រីដឹកនាំគណៈប្រតិភូផ្លូវការរបស់សហរដ្ឋអាមេរិកនៅឯកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ។ នៅរដ្ឋ Alaska អ្នកស្រីគ្រោងទៅមណ្ឌលសុខភាពនិងប្រកាសឱ្យយកចិត្តទុកដាក់ចំពោះតម្រូវការសេវាសុខភាពនៅតាមតំបន់ជនបទ។ សេតវិមានបាននិយាយថា អ្នកស្រីក៏នឹងលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដែរ។
អ្នកស្រីគ្រោងនឹងចូលរួមក្នុងពិធីបើកកីឡាអូឡាំពិកនៅទីក្រុងតូក្យូនៅថ្ងៃសុក្រ។ អ្នករួមដំណើរក្នុងគណៈប្រតិភូរបស់អ្នកស្រីគឺលោក Raymond Greene ភារធារីអន្តរកាលស្ថានទូតអាមេរិកនៅទីក្រុងតូក្យូ។
លេខាធិការសេតវិមានអ្នកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «ក្រុមរបស់យើងអនុវត្តពិធីសារសុវត្ថិភាពនិងសុខភាពយ៉ាងតឹងរ៉ឹងដោយកំណត់ការធ្វើដំណើរជាសាធារណៈឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ក្រុមទប់ស្កាត់ជំងឺកូវីដ១៩របស់យើងនៅសេតវិមានក៏ដូចជាមន្រ្តីសុខាភិបាលនៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងរដ្ឋាភិបាលជប៉ុនយល់ស្របថាពិធីសារនិងវិធានការសុខភាពតឹងរ៉ឹងនឹងជួយការពារឱ្យគណៈប្រតិភូរបស់យើងឱ្យមានសុវត្ថិភាព»៕