គណៈកម្មាធិការស៊ើបការសម្ងាត់ព្រឹទ្ធសភាអាមេរិកនិយាយថា អតីតប្រធាន FBI លោក James Comey បានយល់ព្រមផ្តល់សក្ខីកម្មជាសាធារណៈអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។
ប្រធានគណៈកម្មាធិការស៊ើបការសម្ងាត់ព្រឹទ្ធសភាបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Comey នឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការនេះ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។
លោកសមាជិកព្រឹទ្ធសភា Richard Burr ខាងគណបក្សសាធារណរដ្ឋដែលជាប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា លោក Comey នឹងផ្តល់សក្ខីកម្មដល់ប្រជាជនអាមេរិកចំពោះព្រឹត្តិការណ៍នាពេលថ្មីៗនេះ ដែលត្រូវបានគេរាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ»។
លោក Mark Warner សមាជិកខាងគណបក្សប្រជាធិបតេយ្យសំខាន់មួយរូបនៅក្នុងគណៈកម្មាធិការស៊ើបការសម្ងាត់ព្រឹទ្ធសភាបានថ្លែងថា «ខ្ញុំសង្ឃឹមថា សក្ខីកម្មរបស់លោក Comey នឹងជួយឆ្លើយនូវសំណួរមួយចំនួនដែលចេះតែកើនឡើង ចាប់តាំងពីលោក Comey ត្រូវបានលោកប្រធានាធិបតីបណ្តេញចេញភ្លាមៗមក»។
កាលពីព្រឹកថ្ងៃសុក្រ កាសែត The New York Times បានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump បានប្រាប់ដល់ក្រុមមន្ត្រីរុស្ស៊ីនៅក្នុងការិយាល័យប្រធានាធិបតីកាលពីដើមខែនេះថា លោកទើបតែបញ្ឈប់ការងាររបស់លោក Comey ដោយហៅលោក Comey ថា «ធ្វើការងារល្ងីល្ងើ»៕