អាជ្ញាធរ​រក​ឃើញ​សាកសព​ចំនួន​២៤​នាក់​នៅ​ក្នុង​អគ្គីភ័យ​នៅ​កន្លែង​ជប់លៀង​ក្នុង​រដ្ឋ California

លោក​ស្រី Teresa Deloche-Reed ប្រធាន​ទីភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​នៅ​ទីក្រុង Oakland ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​មាន​អគ្គិភ័យ​ដ៏​ប្រល័យ​មួយ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ក្នុង​ក្រុង Oakland រដ្ឋ California កាលពី​ថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០១៦។

ឃ្លាំង​ផ្ទុក​ទំនិញ​មួយ​នៅ​ទីក្រុង Oakland រដ្ឋ California ដែល​ត្រូវ​បាន​គេ​កែច្នៃ​ឲ្យ​ទៅ​ជា​ស្ទូឌីយោ​បែប​សិល្បៈ បាន​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ អគារ​នេះ​មិន​មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​រស់​នៅ​ ឬ​សម្រាប់​កម្សាន្ត​នោះ​ទេ។

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​អគ្គីភ័យ​នោះ​បាន​កើន​ដល់​២៤​នាក់​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ហើយ​តួលេខ​នេះ​អាច​កើន​ដល់​៤០​នាក់ ខណៈ​ដែល​ក្រុម​អ្នកស៊ើបអង្កេត​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ​បន្ថែម​ទៀត​នៅ​ក្នុង​អគារ​ដែល​បាន​រៀបចំ​ពិធី​រាំរែក​នោះ។ ​

អាជ្ញាធរ​បាន​និយាយ​ថា មក​ទល់​នឹង​ពេល​នេះ ក្រុមការងារ​ស្វែងរក​ទើប​តែ​បាន​ចូល​ប្រតិបត្តិការ​ក្នុង​អគារ​នោះ​ប្រហែល​២០​ភាគរយ​ប៉ុណ្ណោះ។ មន្ត្រី​ពន្លត់​អគ្គីភ័យ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Melinda Dayton បាន​និយាយ​សម្តី​ដើម​ថា «ដំណើរការ​ស្វែងរក​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​និង​មាន​ការ​លំបាក ប៉ុន្តែ​យើង​ចង់​ឲ្យ​ប្រាកដ​ថា យើង​គោរព​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​និង​សុវត្ថិភាព​របស់​ក្រុមការងារ​ពន្លត់​អគ្គីភ័យ​ផង​ដែរ»។

នៅ​យប់​ថ្ងៃ​កើតហេតុ មាន​កម្មវិធី​រាំរែក​កំពុង​ប្រព្រឹត្ត​ទៅ។ ក្រុមមន្ត្រី​បាន​និយាយ​ថា មធ្យោបាយ​តែ​មួយ​គត់​គេ​មនុស្ស​ម្នា​អាច​ចុះ​ពី​ជាន់​ទី​២​បាន​គឺ​តាមរយៈ​ជណ្តើរ​ជើង ដែល​ធ្វើ​ឡើង​ពី​ឈើ​សុទ្ធ។

ក្រុមមន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជនរងគ្រោះ​ជាច្រើន​ស្ថិត​ក្នុង​វ័យ​២០​និង​៣០​ឆ្នាំ។

លោក​ស្រី Teresa Deloche-Reed ប្រធាន​ទីភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​នៅ​ទីក្រុង Oakland បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៥​នាក់​មិន​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​ដែល​អាជ្ញាធរ​ហៅ​ថា​ជា​អគ្គីភ័យ​ឆេះ​អគារ​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​ទីក្រុង​នេះ នា​ពេល​ថ្មីៗ​នេះ​ទេ។

អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ អំពី​មូលហេតុ​ដែល​ធ្វើ​អគ្គីភ័យ​នេះ​ឆាបឆេះ​ឡើង​នៅ​ក្នុង​អគារ​រាយប៉ាយ ដែល​មិន​មាន​បំពាក់​ឧបករណ៍​បាញ់​ទឹក​នេះ។​
មន្ត្រី​ត្រួតពិនិត្យ​អគ្គីភ័យ​ត្រូវ​បាន​គេ​ទូរស័ព្ទ​ឲ្យ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ។​

ប្រធាន​កងវរសេនាតូច លោកស្រី Lisa Baker បាន​ថ្លែង​ប្រាប់​កាសែត East Bay Times ថា ដើម្បី​ពន្លត់​អគ្គីភ័យ​នោះ គេ​ត្រូវ​ការ​ក្រុមការងារ​ពន្លត់​អគ្គីភ័យ​ចំនួន​៥៥​នាក់​និង​ចំណាយ​ពេល​វេលា​អស់​ប្រហែល​៤​ម៉ោង៕