មេដឹកនាំ​ប្រទេស​ហ្វាំងឡង់​គាំទ្រ​ការចូលរួម​ជា​មួយ​អង្គការ​អូតង់

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson (ឆ្វេង) និង​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto ចុះ​ហត្ថលេខា​ធានា​សន្ដិសុខ​មួយ​ នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំង​ឡង់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​ប្រទេស​ហ្វាំងឡង់លោក Sauli Niinisto និង​នាយករដ្ឋមន្ត្រី​ប្រទេស​ហ្វាំងឡង់​លោក​ស្រី Sanna Marinនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្តែងនូវការ​យល់ព្រមរបស់​គេក្នុង​ការ​ចូលរួម​ជាមួយ​អង្គការ​អូតង់​ដែល​ជា​ចំណាត់ការ​មួយ​ក្នុង​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រទេស​នេះ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ីលើ​អ៊ុយក្រែន។

នៅក្នុង​សេក្តីថ្លែងការណ៍​រួម​គ្នា​មួយ មេដឹកនាំ​ទាំង​ពីរ​រូប​នៃ​ប្រទេស​នេះបាន​និយាយ​ថា៖ «ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នឹងពង្រឹង​នូវ​សន្តិសុខ​របស់​ហ្វាំងឡង់។ ក្នុងនាម​ជា​សមាជិករបស់​អង្គការ​អូតង់ ហ្វាំងឡង់​នឹង​ពង្រឹងសម្ពន្ធភាពការពារ​ជាតិ​ទាំង​មូល។ ហ្វាំងឡង់​ត្រូវ​តែ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ ដោយ​មិន​ត្រូវពន្យារពេល​នោះ​ឡើយ។ យើង​សង្ឃឹម​ថា​ ជំហាន​នានា​ក្នុង​ស្រុក​ដែលពាក់ព័ន្ធ​នឹងសេចក្តី​សម្រេច​នេះ​នឹង​ត្រូវធ្វើ​ឡើងជា​បន្ទាន់​ក្នុង​ពេល​ពីរបី​ថ្ងៃខាង​មុខ​នេះ»។

មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេបាន​សម្រេច​ចិត្ត​រួម​គ្នា ក្រោយ​ពីទុក​ពេល​ឱ្យ​សភា​ហ្វាំងឡង់​និង​សាធារណជន​ពិចារណា​បញ្ហា​នេះ​និងដើម្បី​ពិភាក្សា​គ្នា​ជាមួយអង្គការ​អូតង់​ និង​ប្រទេស​ស៊ុយអែត​ដែលនៅ​ក្បែរ​ខាង។

ទន្ទឹម​នេះ​ដែរ មន្ត្រីនៅ​ក្នុង​ប្រទេស​ស៊ុយអែតត្រូវ​គេ​រំពឹង​ថា នឹង​ពិចារណា​ការដាក់​ពាក្យ​សុំ​ចូល​អង្គការ​អូតង់​នេះផង​ដែរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

អគ្គលេខាធិការ​អង្គការ​អូតង់​លោកJens Stoltenbergបាន​និយាយកាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅថា ប្រសិន​បើ​ហ្វាំឡង់​និង​ស៊ុយអែត​ចង់​ដាក់​ពាក្យ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​នោះ «ប្រទេស​ទាំង២នឹង​ទទួល​បាន​ការស្វាគមន៍​ហើយ​ខ្ញុំ​សង្ឃឹមថា ដំណើរ​ការ​ពិនិត្យ​មើល​ពាក្យ​សុំ​ចូល​នោះ​នឹង​ដំណើរការ​ដ៏​ឆាប់រហ័ស»។

ប្រទេស​រុស្ស៊ី​បាន​ព្រមានប្រឆាំង​នឹង​ការពង្រីក​របស់​អង្គការ​អូតង់​ហើយ​ធ្លាប់​បាន​និយាយ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថា ប្រសិន​បើ​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ចូល​ជាសមាជិក​របស់​អង្គការ​នេះ​នោះ​វា​នឹង​មាន​ផលវិបាក​ខាង​យោធា​និងនយោបាយ​ដ៏​ធ្ងន់ធ្ងរ»។

ការប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន​មាន​ហួស​ពី​សមរភូមិ​ទៅ​ទៀត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​កាត់ផ្តាច់​បំពង់​បង្ហូរ​ឧស្ម័នធម្មជាតិ​របស់​រុស្ស៊ី​ដែល​ផ្គត់ផ្គង់ទៅ​ឱ្យ​លំនៅដ្ឋាន​និង​ឧស្សាហកម្ម​នៅ​អឺរ៉ុប ខណៈដែល​មន្ត្រី​ដែល​បាន​ដាក់​បន្ទុក​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​ត្បូង​បាន​និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​កាន់កាប់​តំបន់ Kherson បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ត្រួតត្រា​តំបន់​នោះ៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAP, AFPនិង Reuters