អ្នក​ជំនាញ​ហិរញ្ញ​វត្ថុ​ថា​លោក ពូទីន​​ជា​អ្នក​មាន​បំផុត​លើ​លោក​ដោយ​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​

នាយកប្រតិបត្តិ​ក្រុមហ៊ុន Hermitage Capital លោក Bill Browder ស្បដ​មុននៅ​ក្នុង​សវនាការ​គណកម្មាធិការតុលាការសភាពីពាក់ព័ន្ធនឹងរុស្សីក្នុងការបោះឆ្នោតប្រធានាធិបតី២០១៦ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៧ កក្កដា ២០១៧។

អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​លោក Bill Browder បាន​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណកម្មការ​តុលាការ​ប្រចាំ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធីបតី​រុស្ស៊ី Vladimir Putin គឺ​ជា​បុរស​ដែល​មាន​ជាង​គេ​នៅ​លើ​ពិភពលោក ដោយ​សារ​តែ​បទ​ឧក្រិដ្ឋ​ដ៏​អាក្រក់​ដែល​រដ្ឋាភិបាល​លោក Putin បាន​ប្រព្រឹត្តិ​ដោយ​ពុំ​មាន​ការ​គំរាមកំហែង​ថា​នឹង​ទទួល​ទោសទណ្ឌ​អ្វី។

លោក Browder បាន​ថ្លែង​ថា៖«ខ្ញុំ​ជឿ​ថា​លោក​មាន​ទ្រព្យ​សម្បតិ្ត​ដល់​ទៅ​២០០ពាន់​លាន​ដុល្លារ។ គោល​បំណង​នៃ​របប​គ្រប់គ្រង​របស់​លោក Putin គឺ​ត្រូវ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដើម្បី​រក​បាន​ប្រាក់​ទាំង​នោះ ហើយ​លោក​មិន​ចង់​បាត់​បង់​ថវិកា​ទាំង​នោះ​ទេ។ ដូច្នេះ​លោក​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ប្រឈម​នឹង​ច្បាប់ Magnitsky‍»។

លោក Browder បាន​ថ្លែង​ថា​ដើម្បី​ការពារ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ លោក Putin បាន​ចេញ​យុទ្ធនាការ​មួយ​ដើម្បី​លុប​ចោល​ច្បាប់ Magnitsky‍ ដែល​ជា​ច្បាប់​មួយ​របស់​អាមេរិក​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមមន្ត្រី​របស់​រុស្ស៊ី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​មេធាវី​រុស្ស៊ី​មួយ​រូប​កាលពី​ឆ្នាំ​២០០៩ គឺ​លោក Sergei Magnitsky‍ ដែល​បាន​ស្លាប់​នៅ​ក្នុង​គុក​របស់​រុស្ស៊ី​ បន្ទាប់​ពី​លោក​ត្រូវ​បាន​លោក Browder ជួល​ឲ្យធ្វើ​ការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក Browder គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វិនិយោគ Hermintage Capital Management ដែល​ធ្លាប់​ជា​ក្រុម​ហ៊ុន​វិនិយោគ​ធំបំផុត​មួយ​នៅ​ក្នុង​ប្រទេសរុស្ស៊ី៕