សមាគម​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ស្នើ​អង្គការ​សង្គម​ស៊ីវិល​កែ​តម្រូវ​របាយ​ការណ៍​បំណុល

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិក ​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤​ ដោយ​ស្នើ​ឲ្យ​កែ​តម្រូវរបាយ​ការណ៍​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ​ ទាក់ទង​នឹង​ការ​ខ្ចី​បុល​ដោយ​លើក​ឡើង​ថា​ របាយ​ការណ៍​ទាំង​នោះ ​«សរសេរ​ផ្ទុយ​ពី​ការណ៍​ពិត»។​

អង្គការ​ទាំង​នោះ​រួម​មាន​អង្គការ​លីកាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​(សង់ត្រាល់) ​និង​សមាគម​ធាង​ត្នោត។​ របាយ​ការណ៍​ទាំង​នោះ​មាន​ចំនួន​៣ ​ដែល​ ២​ ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​ និង​ខែ​មិថុនា​ឆ្នាំ​នេះ​ ទាក់​ទង​នឹង​ «ការ​នាំ​ឲ្យ​មាន​ចំណាក​ស្រុក» ​និង​ «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក»។​ ចំណែក​របាយ​ការណ៍​មួយ​ទៀត​ទាក់​ទង​នឹង​ «ការ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ» ដែល​ចេញ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៩។​

លិខិត​ចំហ​ចុះ​ហត្ថលេខា​ដោយ​លោក ​អ៊ិន ចាន់នី​ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ និង​លោក ​គា បូរាណ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។​

សមាគម​លើក​ឡើង​ថា ​អង្គ​ការ​និង​សហជីព​ទាំង ​៤ ​នោះ​បាន​ចេញ​ផ្សាយ​ «របាយ​ការណ៍​មិន​ពិត​ជា​បន្ត​បន្ទាប់»។​

សមាគម​ដែល​មាន​សមាជិក​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ បាន​ចាត់​ទុក​របាយ​ការណ៍​ទាំង​នោះ​ «គ្មាន​មូលដ្ឋាន​វិទ្យាសាស្រ្ត​ខ្វះ​តម្លាភាព​ជាពិសេស​មិន​ដែល​បាន​សាកសួរ​ ឬ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ»។​ ពួក​គេ​បញ្ជាក់​ថា ​ការ​ផ្សាយ​របាយ​ការណ៍​នេះ​បាន​ផ្តល់​ឱកាស​ដល់​ «ជន​ខិល​ខូច​មួយ​ចំនួន»​ យក​ទៅ​ផ្សព្វផ្សាយ​ «ក្នុង​ចេតនា​ញុះញង់​បង្ក​ចលាចល​ដល់​សង្គម​ជាតិ» ​និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ។​

លិខិត​នេះ​បញ្ជាក់​ថា៖​ «អាស្រ័យ​ហេតុ​នេះ​ សមាគម​យើង​ខ្ញុំ​សូម​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ខាង​លើ​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​អត្ថបទ​ ដែល​ជា​ការ​សន្មត​ផ្ទាល់​ខ្លួន​ និង​សរសេរ​ផ្ទុយ​ពី​ការណ៍​ពិត​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត»។​

ប៉ុន្តែ​លិខិត​ចំហ​នេះ​មិន​បាន​បញ្ជាក់​ថា​ តើ​ចំណុច​អ្វី​ដែល​ត្រូវ​កែ​តម្រូវ​នោះ​ទេ​ ជា​ពិសេស​ទាក់​ទង​នឹង​របាយ​ការណ៍​ចុង​ក្រោយ​របស់​អង្គការ​សង្គម​ស៊ីវិល។​

កាល​ពី​ចុង​ខែ​មិថុនា​ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​ គឺ​អង្គការ​លីកាដូ​ អង្គការ​សង់ត្រាល់​ និង​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ ដែល​សិក្សា​អំពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​អំពី​ «ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់» ​ក្នុង​វិស័យ​នេះ ​ដែល​អាច​នាំ​ឲ្យ​កម្មករ​បង្ខំ​ចិត្ត​លក់​ដី​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​ និង​ខ្ចី​គេ​បន្ថែម​ទៀត​ ដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក» ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចង​ក្រង​ដោយ​សម្ភាស​កម្មករ​កាត់​ដេរ​ចំនួន​ ១៦២​ នាក់ ​ភាគ​ច្រើន​ជា​ស្រ្តី​ នៅ​ចន្លោះ​ពី​ខែ​មីនា​ដល់​ខែ​ឧសភា ឆ្នាំ​២០២០។​រ បាយ​ការណ៍​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​ធនាគារ​អេស៊ីលីដា​ផង​ដែរ​ ដោយសារ​របាយ​ការណ៍​នេះ​បាន​ដកស្រង់​សម្តី​របស់​អ្នក​ជំពាក់​ប្រាក់​ធនាគារ​អេស៊ីលីដា។​

ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​ និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ លោក ​កាំង តុងងី​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កន្លង​ទៅ ​អង្គការ​ទាំង​នោះ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​របាយ​ការណ៍​របស់​ពួកគេ​ ទាក់ទង​នឹង​ចំណាក​ស្រុក​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​រក​ឃើញ​ថា​ ខុស​ការណ៍​ពិត​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «មែន​ទែន​ទៅ​លិខិត​នេះ​ យើង​ផ្ញើ​ជូន​គាត់​ដោយ​សារ​កន្លង​ទៅ​ យើង​ធ្លាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី ​ដែល​យើង​រក​ឃើញ​កន្លង​មក​ ​ប៉ុន្តែ​វា​អត់​ទាន់​មាន​ឃើញ​ការ​ឆ្លើយ​តប​ពី​គាត់។​ អ៊ីចឹង​យើង​ដាក់​លិខិត​មួយ​ទៀត​បន្ថែម​ផ្ទាល់​ទៅ​គាត់​ហ្នឹង ​ដើម្បី​សុំ​ឲ្យ​គាត់​កែ​តម្រូវ​ ដោយសារ​យើង​រក​ឃើញ​របាយ​ការណ៍​របស់​គាត់​មួយ​ ទាក់ទង​នឹង​ចំណាក​ស្រុក​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹង ​គឺ​វា​មាន​ភាព​ខុស​ឆ្គង​ គឺ​យើង​ចាប់​ភស្តុតាង​បាន។​ យើង​រក​ឃើញ​អ្វី​ដែល​គាត់​រក​ឃើញ​ហ្នឹង​វា​ខុស»។

ភាព​មិន​ប្រក្រតី​នោះ​មាន​ការ​សម្ភាស​អ្នក​ជំពាក់​ប្រាក់​ពីរ​នាក់​ដែល​ម្នាក់​ឈ្មោះ ​ខុន រ៉េត ​និយាយ​ថា​ មិន​ដែល​ខ្ចី​ប្រាក់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​មួយ​ឡើយ​ ហើយ​ការ​រស់​នៅ​របស់​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឆ្ងាយ​ ខុស​ពី​អ្វី​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​នេះ​ចុះ​ថ្ងៃ​ទី​៣​ខែ​មិថុនា។​ ចំណែក​ម្នាក់​ទៀត​ជំពាក់​បំណុល​គេ​ចំនួន​ ១១​ ម៉ឺន​បាត​ (ប្រមាណ​១៤៣០ម៉ឺនរៀល)​ ដែល​ក្នុង​នោះ​កម្ចី​ពី​អ្នក​ចង​ការ​ប្រាក់​ឯកជន​ចំនួន​ ៩​ម៉ឺន​បាត ​(ប្រមាណ​១១៧០​ម៉ឺនរៀល​ ហើយ​កម្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​ចំនួន​ ២​ម៉ឺន​បាត​ (ប្រមាណ​២៦០ម៉ឺនរៀល)​ តែ​ប៉ុណ្ណោះ។​

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​បញ្ជាក់​ថា​ នេះ​ជា​កម្ចី​ក្រុម​ដែល​មិន​មាន​ដាក់​ទ្រព្ យ​ឬ​ប្លង់​ធានា​អ្វី​ទាំង​អស់​ ហើយ​ដូច្នេះ​ការ​ចោទ​ប្រកាន់​ថា​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នាំ​ឲ្យ​មាន​ការ​ចំណាក​ស្រុក ​គឺ​ជា​«រឿង​មិន​ត្រឹមត្រូវ​និង​មិន​អាច​ទទួល​យក​បាន»។​

ប៉ុន្តែ​លោក​ កាំង តុងងី ​មិន​ទាន់​អាច​បញ្ជាក់​ តើ​នឹង​មាន​ចំណាត់​ការ​អ្វី​បន្ត​ទៀត​នោះ​ទេ​ ប្រសិន​បើ​មិន​មាន​ការ​កែ​តម្រូវ​ពី​អង្គការ​ទាំង​នោះ។​ លោក​បន្ថែម​ថា៖​ «យើង​អត់​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ​តើ​យើង​នឹង​ធ្វើ​ម៉េច​ ដោយសារ​យើង​ចាំ​មើល​គាត់​សិន។​ ហើយ​បើ​សិន​អត់​កែ​តម្រូវ​ទេ យើង​នឹង​ជជែក​គ្នា​នៅ​ក្នុង​ផ្ទៃ​ក្នុង​នៅ​ក្នុង​វិស័យ​ទាំង​មូល​ថា​ តើ​យើង​គួរ​តែ​ធ្វើ​អី»។

នៅ​ពេល​សួរ​ថា​ តើ​នឹង​មាន​ការ​ប្តឹង​ទៅ​តុលាការ​ឬ​យ៉ាងណា​ ប្រសិន​បើ​ពុំ​មាន​ការ​កែ​តម្រូវ​ លោក ​កាំង តុងងី​ បញ្ជាក់​ថា៖​ «យើង​មិន​ទាន់​មើល​ទៅ​លើ​ជម្រើស​នេះ​នៅ​ឡើយ​ទេ»។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ិន ចាន់នី ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា ​អង្គការ​នេះ​បាន​ទទួល​លិខិត​ចំហ​នេះ។​ លោក​បញ្ជាក់​ថា ​អង្គការ​ទាំង​ ៤​ នៅ​តែ​កាន់​ជំហរ​ថា​ របាយ​ការណ៍​របស់​ខ្លួន​ត្រឹម​ត្រូវ​ ហើយ​ធ្វើ​ឡើង​ដោយ​ស្មោះ​ត្រង់។​

លោក​ថ្លែង​ប្រាប់​ VOA ​ថា៖ ​«អង្គការ​ទាំង​៤​ យើង​ប្រកាន់​ជំហរ​នៃ​ការ​ស្រាវ​ជ្រាវ​របស់​យើង​ ហើយ​នេះ​មិន​មែន​តែ​អង្គការ​ទាំង ​៤​ នេះ​ទេ ​ដែល​បាន​ពិនិត្យ​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ សូម្បី​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន​ ក៏​បាន​ចុះ​ទៅ​ធ្វើ​ការ​យក​ព័ត៌មាន​ ទាក់ទង​ក្នុង​វិស័យ​នេះ​ដូច​គ្នា​ផង​ដែរ»។​

លោក​បន្ថែម​ថា៖​ «ហើយ​អ្វី​ដែល​យើង​បាន​ធ្វើ​ជា​ឯកសារ​កន្លង​មក​នេះ​ គឺ​ជា​ការ​រាយ​ការណ៍​ដោយ​ពិត​ប្រាកដ ​និង​ស្មោះត្រង់ ​និង​ត្រឹមត្រូវ»។​

របាយ​ការណ៍​ចុង​ក្រោយ​របស់​អង្គការ​សង្គម​ស៊ីវិល​ស្តីពី​បំណុល​ក្នុង​វិស័យ​កាត់​ដេរ​ ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ​ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ១៩។​

របាយ​ការណ៍​បញ្ជាក់​ថា៖​ «បញ្ហា​នេះ​បង្កើត​ឲ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ​ដែល​នាំ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ និង​ធ្វើ​ឲ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់ ​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»៕