ខណៈដែលបញ្ហាជួញដូរមនុស្សបានក្លាយជាចំណងជើងនៃព័ត៌មានអន្តរជាតិជាប្រចាំនោះ អ្នកជំនាញពីររូប ដែលចូលរួមនៅក្នុងកម្មវិធីបញ្ចាំងខ្សែភាពយន្តឯកសារបែបស៊ើបអង្កេតនៅសហរដ្ឋអាមេរិក បានពិភាក្សាអំពីភាពក្រីក្រ ភាពងាយរងគ្រោះថ្នាក់ និងអំពើពុករលួយ ដែលបានក្លាយជាមូលហេតុបណ្តាលឲ្យមនុស្សក្លាយជាទាសករពលកម្ម។
កាលពីថ្ងៃទី២ ខែតុលាកន្លងទៅនេះ នៅឯវិចិត្រសាលគំនូរជាតិសហរដ្ឋអាមេរិក កម្មវិធីបញ្ចាំងខ្សែភាពយន្តឯកសារបែបស៊ើបអង្កេត (The Investigative Film Festival) ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមលើរបាយការណ៍បែបស៊ើបអង្កេតនៅជុំវិញពិភពលោក។
កម្មវិធីនេះគឺជាគម្រោងមួយ ដែលត្រូវបានរៀបចំឡើងដោយអ្នករាយការណ៍ព័ត៌មានប្រមាណ១០០នាក់នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
នៅក្នុងកម្មវិធីនោះ ខ្សែភាពយន្តឯកសារឈ្មោះ «មេខ្យល់» ឬ «The Storm Makers» ដែលឆ្លុះបញ្ចាំងពីតថភាពនៃជីវិតរបស់ស្ត្រីខ្មែរវ័យក្មេង ដែលត្រូវបានបោកបញ្ឆោតឲ្យធ្វើការនៅប្រទេសម៉ាឡេស៊ីក្នុងស្ថានភាពជាទាសករ ក៏ត្រូវបានចាក់បញ្ចាំងជូនទស្សនិកជនផងដែរ។ ក្រោយពីការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះរួច អ្នកជំនាញខាងសិទ្ធិមនុស្ស និងប្រឆាំងការជួញដូរមនុស្ស បានបើកវេទិកាពិភាក្សាអំពីមូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនក្នុងការងារបែបទាសភាព។
លោក Terry Fitzpatrick នាយកផ្នែកទំនាក់ទំនងនៃអង្គការដោះលែងទាសករ ឬ Free the Slaves បានឲ្យដឹងថា កាលណាជម្រើសសេដ្ឋកិច្ចរបស់ប្រទេសមួយមិនមានគ្រប់គ្រាន់សម្រាប់ប្រជាជនទេ ប្រជាជនក្នុងប្រទេសនោះត្រូវតែបង្ខំចិត្តធ្វើចំណាកស្រុកពីជនបទទៅទីក្រុង ឬឆ្លងប្រទេសដើម្បីរកការងារធ្វើ។ ហើយវិបត្តិនេះអាចបណ្តាលឲ្យពួកគេងាយរងគ្រោះថ្នាក់ពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
«យើងដឹងថា ចំនួនប្រជាជននៅប្រទេសកម្ពុជាបានកើនឡើងយ៉ាងគំហុក ក៏ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាមិនមានភាពប្រសើរឡើងណាស់ណាទេ។ នេះមានន័យថា ពួកគេត្រូវតែចាកចេញពីសហគមន៍របស់គេដើម្បីទៅធ្វើការនៅកន្លែងណាមួយ ដែលនេះអាចបណ្តាលឲ្យពួកគេងាយរងគ្រោះថ្នាក់ដោយសារការធ្វើចំណាកស្រុកនេះ»។
នៅក្នុងខ្សែភាពយន្តឯកសារ«មេខ្យល់»នេះ នាងអាយ៉ា មានអាយុ១៦ឆ្នាំ នៅពេលដែលនាងត្រូវបានម្តាយនាងជំរុញឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅទីនោះ នាងត្រូវបានគេវាយធ្វើបាប និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ នៅពេលដែលនាងរត់ចេញពីការធ្វើការងារបែបទាសភាពនោះ នាងត្រូវបានបុរសម្នាក់ចាប់រំលោភ និងឃុំខ្លួនរហូតដល់ពេលដែលប៉ូលិសម៉ាឡេស៊ីធ្វើអន្តរាគមន៍។
យោងតាមអង្គការដោះលែងទាសករបានឲ្យដឹងថា មនុស្សប្រមាណ៣៦លាននាក់នៅទូទាំងពិភពលោកត្រូវបានជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ហើយជារៀងរាល់ឆ្នាំ ការជួញដូរនេះបានបង្កើតប្រាក់ចំណូលប្រមាណ១៥០លានដុល្លារដល់ក្រុមជួញដូរមនុស្ស។
កត្តាដែលបណ្តាលឲ្យប្រជាពលរដ្ឋក្នុងប្រទេសមួយងាយរងគ្រោះពីការងារបែបទាសភាព និងការជួញដូរមនុស្សគឺមួយផ្នែកដោយសារតែការពង្រឹងច្បាប់ពលកម្មរបស់ប្រទេសនោះមានភាពទន់ខ្សោយ។ នេះបើយោងតាមលោក Terry Fitzpartrick។
លោកTerry ក៏បានបន្ថែមទៀតថា នៅពេលដែលការងារខាងផលិតកម្មគ្រឿងចក្រត្រូវបានផ្លាស់ប្តូរពីប្រទេសដែលមានច្បាប់ពលកម្មរឹងមាំទៅកាន់ប្រទេសដែលមានច្បាប់ពលកម្មទន់ខ្សោយ មានការធ្វើការងារបែបទាសភាពក៏កាន់តែច្រើនឡើង។
ជាមួយគ្នានេះ អំពើពុករលួយក៏ជាកត្តាប្រឈមមួយ ដែលរារាំងដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ការពារពលករចំណាកស្រុកដើម្បីជួយទប់ស្កាត់ការជួញដូរមនុស្ស។ នេះបើយោងតាមលោកស្រី Sara Colm អ្នកស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងជាអតីតអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ។
«យើងសង្កេតឃើញថា កម្ពុជានៅតែជាប្រទេសក្រីក្រដែលមានការអប់រំទន់ខ្សោយ។ ដូច្នេះការអនុវត្តច្បាប់ពិតជាពិបាក។ ហើយសំខាន់ជាងនេះគឺបញ្ហាអំពើពុករលួយ»។
លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលដែលពុករលួយអាចជាប់ពាក់ព័ន្ធនឹងពលកម្មបែបទាសភាពតាមរូបភាពជាច្រើន។
«នៅពេលដែលការជួញដូរមនុស្សបានក្លាយជាការរកស៊ីមានទ្រង់ទ្រាយធំ មានន័យថា វាបង្កើតប្រាក់ច្រើនណាស់ ហើយមានការជាប់ពាក់ព័ន្ធជាច្រើនរវាងក្រុមហ៊ុនរកស៊ីជួញដូរមនុស្សបែបខុសច្បាប់នេះជាមួយនឹងមន្ត្រីរដ្ឋាភិបាល»។
ដើម្បីបញ្ឈប់ពលកម្មបែបទាសភាពនេះ លោក Terry Fitzpartrick យល់ថា ការពង្រីកឱកាសការងារក្នុងប្រទេសឲ្យកាន់តែច្រើន និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិរបស់ពួកគេ អាចជាដំណោះស្រាយល្អបំផុតមួយ។
«ការងារក្នុងសហគមន៍សំខាន់ណាស់។ នៅពេលដែលយើងធ្វើការនៅតាមសហគមន៍ដើម្បីជួយបង្កើតគម្រោងសន្សំប្រាក់ គម្រោងមីក្រូហិរញ្ញវត្ថុ និងជួយអប់រំដល់ក្មេងស្រី មានន័យថា យើងជួយដល់សមត្ថភាពដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងសហគមន៍»។
បន្ថែមលើនេះ សារព័ត៌មានក៏អាចនាំឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើបញ្ហានេះ ដែលអាចជួយឲ្យមានអន្តរាគមន៍។ នេះបើយោងតាមលោកស្រី Sara Colm។
«ខ្ញុំយល់ថា សារព័ត៌មានដើរតួនាទីដ៏សំខាន់ ពីព្រោះថា មនុស្សជាច្រើនមិនដឹងពីបញ្ហានេះទេ។ ឧទាហរណ៍ បុរសដែលធ្វើការតាមទូកក្នុងសមុទ្រ។ តើយើងអាចដឹងពីស្ថានភាពការងាររបស់ពួកគេទេ? ដូច្នេះ ការយកព័ត៌មានពីរឿងនេះ និងការអន្តរាគមន៍ពីក្រុមសិទ្ធិមនុស្សសំខាន់ណាស់»។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៨មក ស្ត្រីនិងក្មេងស្រីប្រមាណ៤០ម៉ឺនទៅ៥០ម៉ឺននាក់បានធ្វើដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៕