វិធានការជាឯកតោភាគីណាមួយដោយប្រទេសអេត្យូពីក្នុងការបង្ហូរទឹកបំពេញសម្រាប់គម្រោងវារីអគ្គិសនីរបស់ខ្លួន ដែលមានឈ្មោះថា Renaissance នៅក្នុងខែកក្កដាខាងមុខនេះ នឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសស៊ូដង់។ នេះបើតាមការលើកឡើងរបស់លោក Yasser Abbas រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងប្រព័ន្ធធារាសាស្រ្តស៊ូដង់ កាលពីថ្ងៃសៅរ៍។
ប្រទេសស៊ូដង់កំពុងស្នើឲ្យមានតួនាទីសម្របសម្រួលមួយពីសហរដ្ឋអាមេរិកសហភាពអឺរ៉ុប អង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក ដើម្បីស្វែងរកដំណោះស្រាយមួយពីភាពជាប់គាំង នៅក្នុងការពិភាក្សាគ្នាអំពីទំនប់វារីអគ្គិសនីនេះរវាងប្រទេសស៊ូដង់ អេហ្ស៊ីប និងប្រទេសអេត្យូពីនោះ។ នេះបើតាមការបញ្ជាក់របស់លោក Abbas ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយ។
ការលើកឡើងរបស់លោកកើតមានឡើង ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសស៊ូដង់និងប្រទេសអេត្យូពី ជុំវិញជម្លោះដីស្រែនៅក្បែរព្រំដែនរួមគ្នានោះ។
រឿងនេះបង្កឲ្យមានភាពតានតឹងបន្ថែមទៀតពីលើភាពតានតឹង ពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដ៏ធំរបស់ប្រទេសអេត្យូពី ដែលកំពុងសាងសង់នៅលើដងទន្លេ Blue Nile ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសស៊ូដង់នោះ។
ប្រទេសអេត្យូពីបានចាប់ផ្តើមបង្ហូរទឹកបំពេញក្នុងអាងស្តុកបម្រុងទុកទឹកដ៏ធំមួយ នៅខាងក្រោយទំនប់វារីអគ្គិសនីរបស់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ក្នុងរដូវក្តៅកាលពីឆ្នាំកន្លងទៅ បើទោះបីជាមានការទាមទារពីប្រទេសអេហ្ស៊ីបនិងប្រទេសស៊ូដង់ថា ប្រទេសអេត្យូពីគួរទទួលបានការយល់ព្រមរួមគ្នាជាមុនសិន មុនពេលចាប់ផ្តើមធ្វើប្រតិបត្តិការទៅលើទំនប់វារីអគ្គិសនីនោះ។
ប្រទេសអេហ្ស៊ីបយល់ឃើញថា ទំនប់វារីអគ្គិសនីនេះជាការគំរាមកំហែងដ៏ធំមួយ ចំពោះការផ្គត់ផ្គង់ទឹកប្រើប្រាស់របស់ខ្លួនដែល ៩០ ភាគរយនៃទឹកទាំងនោះ មានប្រភពមកពីទន្លេនីល។ ទន្លេ Blue Nile ហូរទៅភាគខាងជើងកាត់ប្រទេសស៊ូដង់ ហើយបន្ដហូរចាក់ទៅប្រទេសអេហ្ស៊ីប ដែលជាដៃទន្លេនីលដ៏សំខាន់នោះ។
ប្រទេសអេត្យូពីបានឲ្យដឹងថា ទំនប់វារីអគ្គិសនីនេះមានសារៈសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
លោក Abbas រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងប្រព័ន្ធធារាសាស្រ្តស៊ូដង់ ថ្លែងថា៖ «ការបង្ហូរទឹកបំពេញទំនប់វារីអគ្គិសនី Renaissance ដោយភាគីតែម្ខាងនៅខែកក្កដាខាងមុខនេះ បង្ហាញពីការគំរាមកំហែងដោយផ្ទាល់មួយទៅលើសន្ដិសុខជាតិរបស់ប្រទេសស៊ូដង់»។
លោកបានថ្លែងថា ការបង្ហូរទឹកបំពេញអាងស្ដុកទឹកដោយឯកតោភាគីនេះបានគំរាមកំហែងដល់ការផលិតអគ្គិសនីរបស់ទំនប់វារីអគ្គិសនី Merowe និងទំនប់វារីអគ្គិសនី Roseires របស់ស៊ូដង់ ក៏ដូចជាដល់សុវត្ថិភាពរបស់ទំនប់វារីអគ្គិសនី Roseires និងប្រជាពលរដ្ឋស៊ូដង់ចំនួន ២០ លាននាក់ដែលរស់នៅខ្សែទឹកខាងក្រោមទំនប់វារីអគ្គិសនី Renaissance នោះផងដែរ។
លោកបានបន្ថែមទៀតថា ស្ថានីយ៍ទឹកស្អាតរបស់ស៊ូដង់ក៏អាចប្រឈមនឹងហានិភ័យដែរ៕