មាន​ប្រទេស​តិច​ណាស់​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់

  • Lisa Schlein

រូបភាព​ឯកសារ៖ បុរស​ម្នាក់​ទទួល​ទាន​អាហារ​នៅ​ពី​ក្រោយ​ស្លាក​សញ្ញា​ប្រាប់​ថា ជា​កន្លែង​មិន​អាច​ជក់​បារី​បាន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

អង្គការ​សុខភាព​ពិភពលោក​ (WHO) កំពុង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​អនុវត្ត​វិធាន​ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់​។ អង្គការ​នេះ​​បាន​ឲ្យ​ដឹង​ថា វិធានការ​បែប​នេះ​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​បោះបង់​ចោល​ការ​ជក់​បារី។

របាយការណ៍​ថ្មី​របស់​អង្គការ WHO ក៏​បាន​រកឃើញ​ពី​ដំណើរ​វិវត្តន៍ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់ និង​រកឃើញ​ថា ការ​កាត់បន្ថយ​តម្រូវការ​ថ្នាំជក់​ជា​វិធានការ​កំពុង​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។

ការ​ស្ទង់​មតិ​មួយ​បាន​រកឃើញ​ថា ប្រទេស​ចំនួន​៣៦​បាន​អនុវត្ត​វិធានការ​មួយ​ឬ​ច្រើន​ ដើម្បី​ជួយ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បោះបង់​ការ​ជក់បារី។ មាន​តែ​ប្រទេស​តួកគី​និង​ប្រេស៊ីល​ទេ​ដែល​បាន​អនុវត្ត​វិធានការ​ទាំង​អស់​ដែល​ណែនាំ​ដោយ​អង្គការ WHO។ វិធានការ​នោះ​រួម​មាន រូបភាព​នៅ​លើ​កញ្ចប់​បារី​ដែល​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ជក់បារី ការ​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ពី​ថ្នាំ​ជក់ និង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់។

ខណៈ​ដែល​វិធានការនេះ​កំពុង​មាន​ការវិវត្តន៍​ទៅមុខ​ វា​ក៏​ពិបាក​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ជក់​នៅ​ទូទាំង​ពិភពលោក​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៨លាន​នាក់ ​ក្នុង​មួយ​ឆ្នាំៗ ហើយ​ប្រមាណ​ជា​៨០%​គឺ​ស្ថិត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក Vinayak Prasad ប្រធាន​កម្មវិធី​នៃ​ក្រុម​ការងារ​គ្រប់គ្រង​ថ្នាំ​ជក់​របស់​អង្គការ WHO បាន​បន្ទោស​ក្រុមហ៊ុន​ថ្នាំជក់​ពី​ភាពប៉ិនប្រសប់ និង​ការ​ប្រឹងប្រែង​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​បង្អាក់​ការ​រីកចម្រើនការ​ប្រយុទ្ធប្រឆាំង​នឹង​ថ្នាំ​ជក់។ លោក​និយាយ​ថា ក្រុមហ៊ុន​ថ្នាំជក់​កំពុង​បង្កើន​ក្តីសង្ឃឹម​ថ្មី ក្នុង​ការ​បិទបាំង​មុខ​មាត់​អាក្រក់​របស់​ខ្លួន និង​ដណ្តើម​យក​ភាព​ពេញ​និយម​មក​វិញ។

លោក​បាន​និយាយ​ថា៖

«នេះ​ជា​មូលហេតុ​មួយ​ ដែល​ប្រទេស​ជាច្រើនមាន​ការ​លំបាក​ក្នុង​ការធ្វើឱ្យ​ការងារ​នេះ​ដំណើរការ​ទៅ​មុខ​ ដោយសារ​តែ​ក្រុមហ៊ុន​ថ្នាំជក់​កំពុង​ច្នៃ​បង្កើត​ផលិតផល​ថ្មី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​រឹតត្បិត​ផ្នែក​ច្បាប់​តិចតួច។ នេះ​ជា​បញ្ហា​នៅ​គ្រប់​តំបន់​ទាំង​អស់​ក្នុង​ពិភពលោក»។

លោក​ Prasad បាន​និយាយ​ថា ក្រុមហ៊ុន​ថ្នាំជក់​បាន​ផលិត​ថ្នាំជក់​ក្នុង​ទម្រង់​ផ្សេងៗ​ជាច្រើន​ ដែល​ពួកគេ​បាន​អះអាង​ថា មាន​ភាព​គ្រោះថ្នាក់​តិច​ជាង​ការ​ជក់​បារី។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​បាន​បន្ថែម​ថា ផលិតផល​ថ្នាំ​ជក់​ថ្មីៗ​ ក៏​មាន​គ្រោះថ្នាក់​ដូច​បារី​ដែរ គ្រាន់​តែ​វា​មិន​មាន​បញ្ចេញ​ផ្សែង។ លោក​និយាយ​ថា បារី​អេឡិចត្រូនិក​មិន​មាន​ផ្ទុក​ថ្នាំ​ជក់​នោះ​ទេ ប៉ុន្តែ​វា​មាន​ជាតិ​នីកូទីន។ លោក​និយាយ​ថា មិន​មាន​ភស្តុតាង​បញ្ជាក់​ថា បារី​អេឡិចត្រូនិក​ជួយ​មនុស្ស​ឲ្យ​បោះបង់​ការ​ជក់​បារី​នោះ​ទេ។

លោក​ Prasad បាន​មាន​ប្រសាសន៍​ថា៖

«ជា​ឧទាហរណ៍ នៅ​ក្នុង​សហរដ្ឋអាមេរិក​គឺ​ថា សហរដ្ឋអាមេរិក​បើក​ទូលាយ​ឲ្យ​មាន​ការ​ជក់​បារី​អេឡិចត្រូនិក​ជិត​៧ ឬ​៨ឆ្នាំ​ហើយ។ ភ្លាមៗ​នោះ​ យើង​សង្កេត​ឃើញ​ថា ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ក្នុង​ស្រទាប់​យុវជន​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ​។ យុវជន​ចាប់​ផ្តើម​និយាយ​ថា ការ​ជក់​បែប​នេះ​មាន​សុវត្ថិភាព​ជាង វា​ល្អ​ណាស់។ អ៊ីចឹង​ យើង​នៅ​តែ​អាច​ជក់​បាន។ នេះ​ក៏​ជា​ផ្លូវ​មួយ​សម្រាប់​មនុស្ស​វ័យក្មេង​ក្នុង​ការ​បន្ត​ទៅ​ជក់បារី​ផង​ដែរ»។

អង្គការ​ WHO បាន​ព្រមាន​ថា ថ្នាំជក់​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព និង​សេដ្ឋកិច្ច។ អង្គការ​នេះ​និយាយ​ថា បារី​ជា​កត្តា​ហានិភ័យ​ខ្ពស់​លេខ១ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​ សរសៃ​ឈាម មហារីក​ និង​ជំងឺ​ផ្លូវ​ដង្ហើម។ អង្គការ​នេះ​និយាយ​ថា ការ​ជក់បារី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខាតបង់ចំនួន​១,៤ទ្រីលាន​ដុល្លារ ឬ​ជិត​២%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ទូទាំង​ពិភពលោក៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ