អ្នក​ច្បាប់៖ អំណាច​ក្រុម​ប្រឹក្សា​នៅ​តែ​ក្នុង​ដៃ​ចៅហ្វាយ​ខេត្ត​និង​ស្រុក

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា​ឆ្នាំ​២០១៤ ​​កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​​។

នៅ​សល់​ត្រឹម​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​អសកល​នៃ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌ​អាណត្តិ​ទី​២​នឹង​ចាប់​ផ្តើម។ ​រយៈពេល​ ៥​ឆ្នាំ​នៃ​អាណត្តិ​មុន​បាន​កន្លង​ផុត​ទៅ​យ៉ាងណា​ក្តី​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​តាមបណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​មិន​បាន​ស្គាល់​ ​និង​យល់​ដឹង​ពី​តួនា​ទី​របស់​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ​ទេ។

​ប្រជាពលរដ្ឋ​ដែល​វីអូអេ​បាន​ធ្វើ​បទសម្ភាសន៍​ចាត់​ទុក​ថា​ការ​បោះឆ្នោត​នេះ​មិន​សំខាន់​ដោយ​វា​ជា​ការ​បោះឆ្នោតអសកល។ ខ្លះ​ទៀតលើក​ឡើង​ថា​គេ​កម្រ​ឃើញ​ក្រុម​ប្រឹក្សា​ទាំង​នោះ​ចុះ​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​ដែល​គេ​រស់នៅ។​

លោក​ មឿន​ សំអង ​ជា​កសិករ​នៅ​រស់​នៅ​ខេត្ត​ព្រៃ​វែង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​បាន​ដឹង​ខ្លះ​ដែល​អំពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​ក្រុង​ស្រុ​ក​ខណ្ឌ​តាម​រយៈ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​កន្លង​មក។​ គណបក្ស​ពីរ​ដែល​លោក​បាន​ឃើញ​មាន​ការ​ឃោសនា​គឺ​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ។

​សម្រាប់​បុរស​អាយុ​ ៣៩​ឆ្នាំរូប​នេះ​ការ​បោះឆ្នោត​អសកល​នេះហាក់​មិន​មាន​សារៈ​សំខាន់​ទេ​ដោយ​ហេតុថា​ប្រជាពលរដ្ឋ​ទូ​ទៅ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត។

លោក​ មឿន​ សំអង​ បាន​ត្អូញត្អែរ​ថា​កន្លង​មក​លោក​មិនដែល​ស្គាល់​ពី​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុកខណ្ឌ​ទាំងនោះ​ឡើយ​ ហើយក៏​មិនឃើញ​មាន​ក្រុមប្រឹក្សា​ក្នុងស្រុក​របស់​លោក​យក​ចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ដែរ។​

លោក​បាន​បន្ថែម​ថា៖​ «និយាយ​ពី​បញ្ហា​ដំណាំ​អ្វី​ហ្នឹង​ អា​ហ្នឹង​សូន្យ​តែ​ម្តង​គ្មាន​ដែល​ណែនាំ​ថា​ឲ្យ​ធ្វើ​យ៉ាងម៉េច​ទេ។ ប្រជា​ពលរដ្ឋ​សង្ឃឹម​ខ្លួន​ឯង​ ដាំបាន​ប៉ុន្មាន​លក់ចេញ​ម៉េច​ អា​ហ្នឹង​គិត​ខ្លួន​ឯង​ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ស៊ី​ខ្លួន​ឯង។​ អត់​មាន​ជួយ​ទេ​មាន​តែ​គាប​ថែម»។

អ្នក​ស្រី​ អ៊ួន ​សំអុល​គឺជា​ម្ចាស់​តូប​លក់​ផ្លែឈើ​នៅ​ម្តុំ​រម្មណីយដ្ឋាន​វត្តភ្នំ។ កំពុង​អង្គុយ​លក់​ផ្លែឈើ​ស្រ្តី​អាយុ ​៥៤​ឆ្នាំ​រូប​នេះ​និយាយ​ថា​គាត់​មិន​បាន​ដឹង​អ្វី​ឡើយ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌ​នេះ​ទេ។ ​ម៉្យាង​វិញ​ទៀត​អ្នកស្រី​ក៏​មិន​ដែល​បាន​ឃើញ​មាន​អ្នក​ចុះអប់រំ​គាត់​ឲ្យ​យល់​ដឹង​ពី​តួនាទី​របស់ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែល​អ្នក​ស្រី​រស់​នៅ​ដែរ។

«អត់​ទេ​អូន​អើយ​គ្មាន​ដឹង​អ្វី​ទេ​ នៅ​តែ​អង្គុយ​ចឹង​រហូត។ អត់​សូវ​ឃើញ​មាន​នណា​មក​ចុះសួរអ្វី​ផង»។

យោង​តាម​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​រាជធានី​ ខេត្ត​ក្រុងស្រុក​ខណ្ឌ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពីឆ្នាំ​២០០៨ ​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌត្រូវ​បង្កើត​ឡើង​ ​ក្នុង​គោល​បំណង​បង្កើត​ នឹង​ជំរុញ​ឲ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍន៍​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​នយោបាយ​វិមជ្ឈការ​ និង​សហវិមជ្ឈការ​ ពោល​គឺ​ការ​ផ្ទេរ​អំណាច​ ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ។​

ក្រុម​ប្រឹក្សា​ទាំង​អស់​មាន​អាណត្តិ​ចំនួន​៥​ឆ្នាំ។​ ក្រុមប្រឹក្សា​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​អំពី​ជម្រើស​ជា​អាទិភាព​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

​ការ​បោះឆ្នោត​នេះ​មានអង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ទូទាំង​ប្រទេស​ចំនួន​១១.៤៥៩​នាក់។ ខណៈ​ពេល​ដែល​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​មាន ២.៩៣១​អាសនៈ ​និង​អាសនៈ​សរុប​របស់​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​វិញ​មាន​ចំនួន​៣៩៣​អាសនៈ។

​ដូច្នេះ​ប្រជាពលរដ្ឋ​ទូទៅនឹង​មិន​តម្រូវ​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ទេ។​

លោក​ សូ ​សាវ៉ាត ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល​និង​ជា​អ្នក​រត់​រ៉ឺម៉កកង់​បី​នៅ​ម្តុំ​ធនាគារ​កាណាឌីយ៉ា​ថ្លែង​ថា លោក​បានដឹង​តិច​តួច​ប៉ុណ្ណោះ​អំពី​ការ​បោះឆ្នោត​អសកល​នេះ។ បុរស​អាយុ​៤២​ឆ្នាំ​ហៅ​ចាត់​ទុក​ការ​បោះឆ្នោត​បែប​អសកល​នេះ​គ្រាន់​តែ​ជា​ការ​រៀប​ជើង​ព្រួល​សម្រាប់​ការ​ពង្រឹង​អំណាច​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ​ ដោយ​ហេតុ​ថា​ បក្ស​នេះ​មាន​សមាជិក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ច្រើន​ជាង​គេ។

ពាក់​អាវ​ដៃ​ខ្លី​ពណ៌​ក្រម៉ៅ​ លោក​ សូ ​សាវ៉ាត​ និយាយ​ថា​ លោក​មិន​បាន​ដឹង​លម្អិត​ពី​តួនាទី​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​មូលដ្ឋាន​ដែល​លោក​រស់​នៅទេ។​ ក៏ប៉ុន្តែ​លោក​ឃើញ​មុខ​ក្រុមប្រឹក្សា​ទាំងនោះ​យូរៗ​ម្តង​ចុះ​ទៅ​ឃោសនា​បក្ស​ក្នុង​អំឡុង​ពេល​មុន​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

«បើ​សិន​ជិត​បោះឆ្នោត​ចឹង​ទៅ​ឃើញ​គេ​សាកសួរ​តិច​តួច​ចឹង​ទៅ​ចង់​ឃោសនា​ឲ្យ​យើង​ដឹង​គុណ​អីចឹង​តិចតួច​ទៅ។​ បើ​ឲ្យ​គេ​ទៅ​សួរ​នាំ​ឲ្យ​យើង​ថា​ យើង​ខ្វះ​អ្វី​ ត្រូវការ​អ្វី​ ផលិត​ផល​យើង​មាន​ទីផ្សារ​អត់​មិន​ដែល​ឃើញ​សួរ​ផង។ វា​ពិបាក​ចឹង»។

រីឯ​លោក​ ប៉ូ សុផា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា​ក៏​មិន​ខុស​នឹង​លោក ​សូ ​សាវ៉ាត​ ដែរ។ ក្នុងវ័យ​៤២​ឆ្នាំ​ លោក​និយាយ​ថា​លោក​បាន​ដឹង​តែ​ថា​មានការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ ប៉ុន្តែ​មិន​បាន​ដឹង​ថា​បោះឆ្នោត​ដើម្បី​អ្វី​ឡើយ។​

ជាង​នេះ​ទៅ​ទៀត​លោក​ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​ក្នុង​សង្កាត់ឬខណ្ឌ​ចុះ​តាម​មូលដ្ឋាន​ដើម្បី​សាកសួរ​ប្រជាពលរដ្ឋ​ច្រើន​ឡើយ។​

«ការ​សំខាន់​ខ្ញុំ​មិន​សូវ​ជា​អ្នក​[ចាប់​អារម្មណ៍]​ផង។​ ខ្ញុំ​មិន​ដឹង​ផង។ មើល​ទៅ​មិន​ដែល​ឃើញ​ធ្វើ​សកម្មភាព​អ្វី​ផង​ ដល់​ពេល​ឃោសនា​ ឃោសនា​ចឹង​ទៅ​ម្តង»។

ច្បាប់​ដដែល​មាត្រា​ទី​៣៨​បាន​ចែង​ថា​ក្រុមប្រឹក្សា​រាល់​ការ​សម្រេច​ចិត្ត​ រៀបចំ​ ឬ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ផ្សេងៗ​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​សិន។​

រីឯ​មាត្រា​ទី​៣៩​វិញ​ចែង​ថា​ពួកគេ​ត្រូវ​ចំ​ផែន​ការអភិវឌ្ឍ​បច្ចុប្បន្ន​ និង​អនាគតក្នុង​ទីតាំង​ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដូចជា​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ បញ្ហា​ការងារ​របស់​យុវជន​និង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​និង​ការ​កាត់​បន្ថយ​ភាពក្រី​ក្រី​ ឬ​ជន​ជាតិ​ដើម​ភាគតិច។ ​ការ​រៀប​ចំ និង​គ្រប់​គ្រង​ដីធ្លី​ ធនធាន​ធម្មជាតិ។​ ក៏​ដូច​ជា​ការ​ស្នើ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ក្នុង​សហគមន៍។

ដោយ​ឡែក​ចាប់​ពី​មាត្រា​ ៤០​ រហូត​ដល់​មាត្រា​៥២​វិញ​បានរៀប​រាប់​បន្ថែមអំពី​តួនាទី​របស់​ក្រុ​ម​ប្រឹក្សា​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ ខណ្ឌ​ទៀត​ថា​ ពួក​គេ​ត្រូវ​មាន​តួនាទី​ចុះ​អប់​រំផ្សាយ​ពី​ព័ត៌មាន​សំខាន់ៗ​ ឬ​ការ​សម្រេច​ភ្លាម​ៗនិង​ជាប្រចាំ​ដល់​សាធារណជន។​ ក៏​ប៉ុន្តែ​ក្រុម​ប្រជាពល​រដ្ឋមិន​បាន​ឃើញ​សកម្មភាព​ទាំងនេះ​ទេ។

សម្រាប់​លោក​មៃ​ សារឿន​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ថ្លែងថា​លោក​បាន​ដឹង​អំពី​ដំណើរ​ការ​នៃ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែរ​ក៏ប៉ុន្តែ​លោក​ចាត់​ទុក​ថា​ការ​បោះឆ្នោត​នេះ​មិនសំខាន់​គឺ​នៅត្រង់​ថា​បក្ស​ណា​មាន​សមាជិក​ក្រុម​ប្រឹក្សា​ច្រើន​គណបក្ស​នោះ​នឹង​ទទួលបាន​សំឡេង​គាំទ្រ​ច្រើន។

គ្រូ​បង្រៀន​រូបនេះ​បន្ថែមថា​យូរៗ​ម្តង​លោក​ឃើញ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​កន្លែង​ដែល​លោក​រស់នៅ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​ពន្យល់​ណែនាំ​ និង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ខ្លះ​តែ​ប៉ុណ្ណោះ។​

លោក​មៃ សារឿន​បន្ថែម​ថា៖​ «មិន​សំខាន់​តែ​ម្តង​បើ​តាម​មែន​ទែន​ទៅ​ដូច​គ្មាន​បាន​អ្វី​ផង​ ដូច​នៅ​តែ​ដដែល។ក្រុម​ប្រឹក្សា​ដូច​មិន​ដែល​ឮ​សូរ​សូវ​ផ្សព្វផ្សាយ​យល់​ដឹង​ពី​បញ្ហា​អ្វី​ផង។ ខ្ញុំ​អត់​ដែល​បាន​ចូលរួម​ផង។ តាម​ពិត​ទៅ​អាហ្នឹង​គេ​ចូលរួម​ប្រជុំ​១​ខែ​ម្តង​តែ​ខ្ញុំ​មិន​ដែល​បាន​ចូល​រួម​ផង»។

​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ​គ្រោង​នឹងចំណាយ​ទឹក​ប្រាក់​សរុប​ប្រហែល​ជាង​ ១​លាន​ ៧សែន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោក​ សុខ ​សំអឿន ​ប្រធាន​ក្រុ​មអ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ថ្លែង​ច្បាប់មួយ​អាណត្តិ​កន្លង​នេះ​លោក​មើល​ឃើញ​ថា​ប្រសិទ្ធិភាព​ការងារ​របស់​ក្រុម​ប្រឹក្សា​ទាំង​នោះ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ដោយ​ហេតុ​ថា​អំណាច​នៅ​តែ​ប្រមូល​ផ្តុំក្នុង​ដៃ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ និង​រាជធានី​ដដែល។ លោក​ជំរុញ​ឲ្យ​មាន​ការ​កែ​ប្រែ​សម្រាប់​អាណត្តិ​ថ្មី​នេះ​។

«ប្រជុំ​ជជែក​គ្នា​ទៅ​តើ​ទើស​ត្រង់ណា​ ប្រសិទ្ធភាព​ត្រង់​ណា​ មាន​ប្រយោជន៍​អត់​ ហើយ​គួរ​តែ​ផ្តល់​អំណាច​ដល់​ក្រុមប្រឹក្សា​ហ្នឹង​បែប​ណា​ អំណាច​របស់​ចៅហ្វាយ​ខេត្ត​ ក្រុងហ្នឹង​ម៉េច​ខ្លះដែរ។ក្នុងទិដ្ឋភាព​ច្បាប់​ខ្ញុំ​មើល​ឃើញ​ថា​អំណាច​តួនាទី​របស់​គាត់​អត់​ច្បាស់​លាស់​ចឹង​ទៅ ដូច​អត់សូវមាន​ប្រសិទ្ធភាព»។​

យោងតាម​ការ​ទស្សទាយ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់ថា​ខុមហ្វ្រែល ​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​នឹង​ទទួលបាន​ជោគជ័យ​ច្រើន​ជាង​គេនៅ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​រាជ​ធានី​ខេត្ត​ ស្រុក​ខណ្ឌ​អាណត្តិទី​២​ឆ្នាំ​២០១៤​នេះ ​ដោយ​សារ​គណបក្ស​នេះ​មានចំនួនអង្គ​បោះឆ្នោតដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ច្រើន​លើស​លប់។

រីឯ​គណបក្ស​សង្គ្រោះជាតិ​វិញ​នឹង​ទទួល​បាន​អាសនៈ​នៅ​លំដាប់​ថ្នាក់​លេខ​២ ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​នៅ​លំដាប់​ថ្នាក់​លេខ​៣។ ដោយឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​និង​គណបក្ស​សាធារណរដ្ឋ​វិញ​ទំនង​ជានឹង​ទទួល​បាន​អាសនៈ​តិច​តួច​បំផុត៕