ខណៈប្រទេសកម្ពុជានិងសកលលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិក្នុងសប្ដាហ៍នេះ ក្រុមអ្នកសារព័ត៌មានស្ត្រីក្នុងប្រទេសកម្ពុជាបានជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍ការងារនិងការប្រឈមរបស់ផងខ្លួន ក្នុងអាជីពជាអ្នកសារព័ត៌មាន។
ពួកគេបានអំពាវនាវឱ្យមានការជួយលើកទឹកចិត្ត និងការពារបន្ថែមទៀតដល់ស្ត្រីឱ្យបានចូលរួមក្នុងវិស័យដ៏មានឥទ្ធិពលនេះ។
នៅក្នុងវេទិកាពិភាក្សាមួយស្ដីពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃសុក្រកន្លងទៅ កញ្ញា Leonie Kijewski អតីតអ្នកសារព័ត៌មាន និងការីនិពន្ធរងនៅកាសែត Phnom Penh Post និងជាវាគ្មិនមួយរូបនៅក្នុងវេទិកា បានលើកឡើងថាការបៀតបៀនគឺមានទៅលើស្ត្រីជាទូទៅ មិនមែនតែក្នុងវិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទគឺការមិនមានដំណោះស្រាយសមស្របណាមួយចំពោះសកម្មភាពបៀតបៀនទាំងនោះ។
កញ្ញា Leonie បានថ្លែងជាភាសាអង់គ្លេសនិងប្រែសម្រួលក្នុងន័យដើមថា៖
«ដូច្នេះ ខ្ញុំគិតថា នេះជាអ្វីមួយដែលមិនមែនមានតែនៅក្នុងវិស័យសារព័ត៌មាននោះទេ។ ខ្ញុំគិតថា វាមាននៅគ្រប់កន្លែង។ ហើយមានការបៀតបៀនកើតមានជាច្រើននៅកន្លែងធ្វើការ នៅពេលដែលមិនមានយន្តការគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាការបៀតបៀននៅកន្លែងធ្វើការ»។
វាគ្មិនមួយរូបទៀត អ្នកស្រី Michelle Vachon អតីតការីនិពន្ធនៅកាសែត The Cambodia Daily ថ្លែងថា ស្ត្រីតែងតែប្រឈមនឹងការចាត់ទុកជាភេទទន់ខ្សោយនៅក្នុងវិស័យសារព័ត៌មាន ហើយស្ត្រីចាំបាច់ត្រូវតស៊ូ ប្រសិនបើចង់ជោគជ័យនៅក្នុងវិស័យនេះ។
អ្នកស្រី Michelle បាននិយាយថា៖
«មានការលំបាកជាច្រើនដែលស្ត្រីត្រូវតស៊ូប្រឈមមុខ។ ហើយជាអកុសល វិធីតែមួយសម្រាប់ស្ត្រីនៅក្នុងការរក្សាតំណែងរបស់ខ្លួនបានគឺថា យើងមិនត្រឹមតែត្រូវធ្វើឲ្យបានល្អនោះទេ ប៉ុន្តែយើងត្រូវធ្វើឲ្យបានល្អប្រសើរ [ជាងបុរស] ថែមទៀត»។
វេទិកាពិភាក្សាមួយស្ដីពីស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ត្រូវបានរៀបចំឡើងដោយក្លឹបអ្នកសារព័ត៌មានអន្តរជាតិប្រចាំកម្ពុជា(Overseas Press Club of Cambodia) និងមានការចូលរួមពីសំណាក់វាគ្មិនស្ត្រីដែលមានបទពិសោធន៍នៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជាចំនួន០៦រូប។ វេទិកាពិភាក្សានេះផ្ដោតចម្បងទៅលើបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ សម្រាប់ស្ត្រីជាអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ដែលមានចំនួនតិចតួចនៅឡើយ។
កញ្ញា អ៊ុង ចាន់សុភា អ្នកសារព័ត៌មាន និងផលិតករព័ត៌មានដែលធ្វើការក្នុងវិស័យនេះជាង១ទសវត្សរ៍លើកឡើងថា ស្ត្រីនៅតែប្រឈមនឹងឧបសគ្គក្នុងបរិបទភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅក្នុងវិស័យសារព័ត៌មាន។
កញ្ញា ចាន់ សុភា បាននិយាយជាភាសាអង់គ្លេស និងប្រែសម្រួលក្នុងន័យដើមថា៖
«ដើម្បីក្លាយជាស្ត្រីជាអ្នកដឹកនាំនៅក្នុងវិស័យនេះ វាពិតជាលំបាកខ្លាំងណាស់ ហើយជាពិសេសនៅពេលអ្នកនៅវ័យក្មេងនៅឡើយ។ ដូច្នេះ វាត្រូវការពេលវេលាច្រើន ដើម្បីបង្ហាញថាយើងមានសមត្ថភាពជាអ្នកដឹកនាំបាន»។
វេទិកាពិភាក្សាស្ដីពីស្ត្រីនៅក្នុងវិស័យសារព័ត៌មានធ្វើឡើងមួយថ្ងៃ មុនទិវានារីអន្តរជាតិ ០៨ មីនា។ ទិវានារីអន្តរជាតិឆ្នាំនេះ គឺជាការប្រារព្ធខួបទី១០៨នៃជោគជ័យរបស់ស្ត្រីទាំងផ្នែកសង្គម សេដ្ឋកិច្ចវប្បធម៌ និងនយោបាយនៅទូទាំងពិភពលោក ហើយស្របពេលជាមួយគ្នានេះដែរ ការប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំ ក៏ជាការអំពាវនាវឲ្យមានសមភាពយេនឌ័រផងដែរ។
អង្គការសហប្រជាជាតិបានទទួលស្គាល់ទិវានារីអន្តរជាតិនេះជាផ្លូវការលើកដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៧៥។ នៅក្នុងឆ្នាំ ២០១១ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានឈានមួយជំហានបន្ថែមពីនេះទៀត ដោយបានប្រកាសទទួលស្គាល់ខែមីនាថាជាខែប្រវត្តិសាស្ត្ររបស់ស្ត្រី។
ចំពោះដំណោះស្រាយសម្រាប់ស្ត្រីអ្នកសារព័ត៌មានដែលជួបប្រទះបញ្ហាការបៀតបៀន វាគ្មិនចូលរួមមួយរូបទៀត អ្នកស្រី យ៉ុន ស៊ីនៀត អតីតអ្នកសារព័ត៌មាននៅកាសែត Phnom Penh Post បាននិយាយថា ការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង និងត្រឹមត្រូវនៅតែជាកត្តាសំខាន់ដើម្បីការពារស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
អ្នកស្រីបាននិយាយជាភាសាអង់គ្លេសដែលមានន័យដើមថា៖
«ក្រៅពីនិយាយរឿងនេះក៏មានច្បាប់ផងដែរ។ ការបៀតបៀនគឺមិនត្រូវអនុញ្ញាតជាដាច់ខាត។ យើងត្រូវអនុវត្តច្បាប់ឲ្យបានម៉ត់ចត់»។
អ្នកស្រី Michelle Vachon អតីតការីនិពន្ធនៅកាសែត The Cambodia Daily បានផ្ដល់ជាដំបូន្មានថា អ្នកសារព័ត៌មានត្រូវតែមានការប្រយ័ត្នប្រយែង ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។
អ្នកស្រី Michelle បាននិយាយថា៖
«ការប្រយ័ត្នប្រយែងគឺត្រូវតែមានសម្រាប់ទាំងបុរស និងស្ត្រីនៅក្នុងវិស័យនេះ។ អ្នកត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយខ្លួនឯងប្រសិនបើស្ថានការណ៍មានភាពតឹងតែង ឬមានការប្រែប្រួលណាមួយ»។
ចំពោះកញ្ញា Leonie Kijewski អតីតការីនិពន្ធរងនៃកាសែត Phnom Penh Post ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកមានបទពិសោធន៍ ឬការមានអ្នកពិគ្រោះយោបល់ផ្ទាល់ខ្លួន គឺជាការល្អមួយនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលស្ត្រីជាអ្នកសារព័ត៌មានប្រឈមមុខ។
កញ្ញា Leonie បាននិយាយថា៖
«ចូរស្វែងរកអ្នកពិគ្រោះយោបល់ដោយសារតែពួកគេមានបទពិសោធន៍ច្រើន។ ហើយសង្ឃឹមថា ពួកគេនឹងអាចផ្ដល់ជាការណែនាំល្អៗដល់អ្នកបាន»។
ស្របពេលដែលពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ Reporters Without Borders បានលើកឡើងថា ស្ត្រីជាអ្នកសារព័ត៌មានចំនួន ២៧នាក់ នៅលើពិភពលោកកំពុងត្រូវបានជាប់ឃុំនាពេលបច្ចុប្បន្ន។ មួយចំនួននៃស្ត្រីទាំងនោះកំពុងជាប់ឃុំក្នុងស្ថានភាពអមនុស្សធម៌ថែមទៀតផង ខណៈដែលមួយចំនួនទៀតជាជនរងគ្រោះនៃការធ្វើទារុណកម្ម និងការបៀតបៀនផ្លូវភេទ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានទាមទារឲ្យមានការដោះលែងស្ត្រីទាំងនោះជាបន្ទាន់ និងឥតលក្ខខណ្ឌ។
យោងទៅតាមសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ ២០១៨ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៤២ ដោយធ្លាក់ពីចំណាត់ថ្នាក់លេខ ១៣២ ក្នុងឆ្នាំ ២០១៧ ក្នុងចំណោមប្រទេសសរុប ១៨០ បន្ទាប់ពីគេឃើញមានការបិទបណ្ដាញផ្សព្វផ្សាយសារព័ត៌មានឯករាជ្យមួយចំនួន ដែលមិនជិតស្និទ្ធនឹងរដ្ឋាភិបាល៕