ការ​ភ័យ​ខ្លាច​កើន​ឡើង​ចំពោះ​សុវត្ថិភាព​​អ្នក​រាប់​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​ប្រជែង​គ្នា​ខ្លាំង

មន្ត្រីប៉ូលិសប្រចាំក្រុង North Las Vegas ឃ្លាំមើលការតវ៉ារបស់ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ដែលបានស្រែកថា «បញ្ឈប់ការលួចបន្លំ» ខណៈមន្ត្រីបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោត នៅមជ្ឈមណ្ឌលបោះឆ្នោតនៅទីក្រុង North Las Vega រដ្ឋ Nevada កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ការតានតឹង​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​មិន​ទាន់​ដឹង​លទ្ធផល​ដាច់ស្រាច់នៅ​ឡើយ កំពុង​បណ្តាល​ឲ្យ​រដ្ឋ​ខ្លះ​និង​មន្ត្រីមូលដ្ឋាន​ បង្កើន​សន្តិសុខ​ការពារ​អ្នក​ដែល​ទទួល​បន្ទុក​ក្នុង​ការរាប់​សន្លឹកឆ្នោត​ ដែល​រាប់​មិនទាន់​អស់។

ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី Donald Trump និង​លោក Joe Biden គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បាន​បង្កើន​ការយកចិត្ត​ទុកដាក់​របស់​ខ្លួន​លើ​រដ្ឋមួយ​ចំនួន ដូចជា​រដ្ឋ Arizona, Nevada និង​រដ្ឋ Pennsylvania ដែល​ការប្រៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង មិន​អាច​ប្រកាស​លទ្ធផល​បាន​នៅ​ឡើយ។

ហើយ​ការតានតឹង បាន​រីក​កាន់តែ​ធំឡើង​ នៅពេល​ដែល​ការចោទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ បាន​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ខាង​ក្រៅ​បណ្តា​អគារ​ ដែល​គេកំពុង​តែ​រាប់​សន្លឹកឆ្នោតជាបន្ត​នោះ។

លោក Joe Gloria ជា​អ្នក​កាន់​បញ្ជី​បោះឆ្នោត​នៅ​ក្នុង​ស្រុក Clark នៃ​រដ្ឋ Nevada បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍​ថា៖ «ខ្ញុំមាន​ការ​ព្រួយ​កង្វល់​អំពី​សុវត្ថិភាព​របស់​បុគ្គលិក​ខ្ញុំ​ណាស់»។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​មនុស្ស​ប្រហែល​ ៧៥ ​នាក់​ ដែល​អ្នក​ខ្លះ​ពាក់​អាវយឺត​មាន​រូប​លោក Trump បាន​ស្រែក​ថា «ឈប់​លួច​សន្លឹក​ឆ្នោត» ហើយ​បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ការិយាល័យ​បោះឆ្នោត កាលពី​យប់​ថ្ងៃពុធ។

មិន​មាន​សេចក្តី​រាយការណ៍​ពី​អំពើ​ហិង្សា​ទេ ប៉ុន្តែ​ក្រោយ​ពី​មាន​ការភ័យ​ខ្លាច​ខ្លះ​បាន​កើត​មាន​ឡើង​នៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក​នោះ លោក​ Gloria ថ្លែងថា ការិយាល័យ​លោក មិន​អាច​ធ្វេស​ប្រហែស​ទេ។

លោកបាន​និយាយ​ទៀត​ថា៖ «យើងកំពុង​ដាក់​វិធានការ​នៅ​នឹង​កន្លែង ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង មាន​សន្តិសុខ​ ដែល​នេះ​ជាការ​សំខាន់។ យើង​មាន​មន្ត្រី​ពង្រឹង​ច្បាប់​ដែល​កំពុង​ការពារ​យើង»។

នៅ​ក្នុង​រដ្ឋ Arizona ដែល​នៅ​ជិត​នោះ ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​ស្រុក Maricopa បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​កំណត់ទីកន្លែងមួួយសម្រាប់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង បញ្ចេញមតិរបស់ពួកគេដោយ​សេរី​ ដោយ​មាន​ការសម្រួល​ពី​មន្ត្រី​ប៉ូលិស។

បាតុកម្ម​កាលពីយប់​ថ្ងៃពុធ ក្នុង​ទីក្រុង Portland រដ្ឋ Oregon នាំឲ្យ​មាន​អំពើ​ហិង្សា​ដែល​នាំឲ្យ​ប៉ូលិស​ចាប់​ខ្លួន​មនុស្ស ១០ នាក់ និង​រឹប​អូស​អាវុធ​ជាច្រើនដើម និង​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់។

ក្រុមមន្ត្រី​ពង្រឹង​ច្បាប់ ដែល​មាន​រួម​ទាំង​ក្រុម​មន្ត្រី​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI ផង បាន​សម្តែង​នូវការ​បារម្ភ​មុន​ការបោះឆ្នោត ខ្លាចក្រែង​សត្រូវ​អាមេរិក ដូចជា​រុស្ស៊ី អ៊ីរ៉ង់​ និង​ចិន ​ជាដើម អាចយក​ពេល​វេលា​ក្រោយ​ថ្ងៃបោះឆ្នោត​ទី ៣ ​វិច្ឆិកា ដើម្បី​អុចអាល​ឲ្យមានភាពចលាចល ដែល​អាច​នាំ​ឲ្យ​មាន​អំពើ​ហិង្សា៕