ការភ័យខ្លាច​នៃ​គម្រោងការងារ​អូស្រ្តាលី​ នឹងធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​តំបន់ប៉ាស៊ី​ហ្វិក​ខាង​ត្បូង

  • Phil Mercer

ជនភៀសខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ជំរំមួយ​ក្នុង​ទីក្រុង​តិចសាស​ កាលពី​ថ្ងៃទី​ ០៩ កក្កដា ឆ្នាំ២០១៩។

មាន​ការភ័យ​ខ្លាច​គម្រោង​ការងារ​អូស្រ្តាលី​ដែល​ផ្តល់​ទិដ្ឋាការ​បណ្តោះ​អាសន្ន​ដល់​ជន​ចំណាក​ស្រុក​មក​ពី​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​កម្មករ​ប្រ​កប​ដោយ​ផលិតភាព​ខ្លះ​របស់​ប្រទេសដែនកោះនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក។​ កម្ម​វិធី​នេះ ​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​ទៅ ​ហើយ​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វះកម្លាំង​ពល​កម្ម​ដ៏​រ៉ាំរ៉ៃ​នៅផ្នែក​នានា​នៃ​ប្រទេស​អូស្រ្តាលី។

គម្រោង​ការងារ​ប៉ាស៊ីហ្វិក ​អនុញ្ញាតឲ្យ​ជន​ចំណាក​ស្រុកមក​ពី​ប្រទេស​១០​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ធ្វើ​ការ​ក្នុង​ប្រទេស​អូស្រ្តាលី​ក្នុង​ការ​ងារមាន​ជំនាញ​ទាប​និង​ជំនាញ​មធ្យមរយៈ​ពេល​៣ឆ្នាំ។ គម្រោង​ការងារ​នេះ ​ត្រូវគេសង្ឃឹម​ថា ការផ្ញើរ​ប្រាក់​មកពី​កម្ម​ករ​ចំណាក​ស្រុក ​នឹង​ជួយ​ប្រទេស​កាត់​បន្ថយ​ភាពក្រីក្រ​និងជួយ​លើកស្ទួយ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង ខណៈ​នោះ​ដែរ ​កសិករអូស្រ្តាលី​ដែល​ពិបាក​ស្វែងរកកម្មករ ឥឡូវនេះអាចទទួលបានកម្លាំង​ពលកម្មនេះដែរ។

ជន​ចំណាក​ស្រុក​បណ្តោះ​អាសន្ន​មក​ពី​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង ទទួល​អត្រា​ប្រាក់​ឈ្នួល​របស់​អូស្រ្តាលី​ដែល​ជា​ប្រាក់ឈ្នួល​ច្រើន​ជាង​នៅ​ប្រទេស​របស់​ពួកគេ។

ក៏ប៉ុន្តែ ​ពួក​អ្នក​រឹះគន់ ​និយាយ​ថា គម្រោង​នេះ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​ដែល​ចូលរួម​ដូចជា​ប្រទេស Samoa ប្រទេស Fiji និង​ប្រទេស Papua New Guinea ដែល​នឹង​បាត់​បង់​កម្មករ​ឈ្លាសវៃ​និង​ប្រកប​ដោយ​ផលិតភាព​បំផុត។

លោកLionel Kaluat ជាអតីតប្រធាន​គណៈកម្មការ​ការងារ​របស់​កោះVanuatu។

លោក​និយាយ​ថា៖ «មនុស្ស​ភាគ​ច្រើនបំផុត​ដែលចូលរួម​កម្ម​វិធី​នោះឥឡូវនេះ ​ជា​មនុស្ស​ដែលមាន​ការងារ​និង​មាន​ជំនាញ​រួច​ហើយ។ ​ដូច្នេះ​វាជាការ​ដាស់​តឿនមួយ​សម្រាប់​រដ្ឋាភិ​បាលVanuatu»។

​ក៏ប៉ុន្តែ ​អូស្រ្តាលី ​ទទូច​ថា ​ខ្លួន​ កំពុង​ពិនិត្យ​មើល​យ៉ាងប្រុងប្រយ័ត​ពីផលប៉ះពាល់​នៃ​កម្ម​វិធី​នេះ​ដើម្បី​កម្រិត​ការប៉ះពាល់​យ៉ាងខ្លាំង​ណា​មួយ​លើ​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង។

លោកស្រី Kathy Klugman ​មក​ពី​ក្រសួង​កិច្ច​ការបរទេសនិង​ពាណិជ្ជកម្ម​អូស្រ្តាលី។លោកស្រី បាន​ថ្លែង​ថា៖ «យើង​កំពុង​ដោះស្រាយ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ជាមួយ​រដ្ឋាភិបាល​នៅ​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​ទីភ្នាក់ងារ​ពាក់​ព័ន្ធ​របស់​រដ្ឋា ភិបាល​នៅ​ទូទាំងតំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិកដើម្បី​ធ្វើ​ឲ្យ​មានជា​អតិបរមានូវ​អត្ថ​ប្រ យោជន៍​របស់​ផែនការ​នោះនិង​កាត់​បន្ថយឬ​លុបបំបាត់ការ​ព្រួយ​កង្វល់​អំពីការ​បាត់​បង់​កម្មករ​ជំនាញ​នេះ»។​

នៅ​ដើម​ខែ​នេះ រដ្ឋាភិបាល​ក្រុង​កង់ប៊ែរ៉ា ​បាន​បង្កើន​ពេលវេលា​ឲ្យអ្នកទេសចរណ៍​បរ ទេស​មក​ពី​ប្រទេសប្រហែល​២០ ​រួមមាន​ចក្រភព​អង់គ្លេស ​កាណា​ដា​និង​ជប៉ុន ​ធ្វើ​ការ ងារ​ក្នុង​ប្រទេស​អូស្រ្តាលី​រយៈ​ពេលរហូត​ដល់​៣ឆ្នាំ ​ប្រសិន​បើ​ពួកគេ​ ​ធ្វើ​ការ​ងារនៅ​កសិដ្ឋានក្នុង​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​ការខ្វះកម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង​នេះ។

ទោះ​ជាយ៉ាងណាក៏ដោយ ​មាន​ការ​ភ័យ​ខ្លាច​ថា ​ពួក​ទេសចរណ៍ នឹង​ដណ្តើម​ការ​ងារពី​អ្នក​ដែល​មាន​លទ្ធភាពសម្រាប់​ផែនការ​ការងារ​នៅ​តំបន់​មហា​សមុទ្រប៉ាស៊ី​ហ្វិក។របាយការណ៍ ប្រាប់​ឲ្យ​ដឹងថា ទិដ្ឋាការដែលត្រូវរក្សា​ទុក​ដោយ​ឡែក​សម្រាប់ផែនការ​នោះ ត្រូវបាន​ចេញ​ឲ្យ១០ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ដំបូង។

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន