FBI កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​នៅក្នុង​ការ​ប៉ុនប៉ង​ធ្វើឃាត​លោក Trump

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រង​របួស​ ក្រោយ​រង​ការ​ប៉ុនប៉ងធ្វើឃាត នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ (FBI)​ បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា​ ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ ប៉ុន្តែ​មិនទាន់​បាន​កំណត់​ហេតុផល​ចំពោះការប៉ុនប៉ង​ធ្វើឃាត​កាលពី​ថ្ងៃសៅរ៍​លើ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Donald Trump​ ទេ។ នេះ​គឺ​ជា​សំណុំរឿង​ដ៏​ធំបំផុត​មួយ​នៃ​អំពើ​ហិង្សា​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍មក​នេះ។

ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​បាន​និយាយ​ថា បុរស​ឈ្មោះ​ Thomas Matthew Crooks ​អាយុ​ ២០​ ឆ្នាំ​ ជា​អ្នក​រស់នៅ​ក្រុង​ Bethel Park ​រដ្ឋ Pennsylvania ​គឺជា​ «​អ្នក​ដែល​ពាក់ព័ន្ធ»​ ក្នុង​ការបាញ់​ប្រហារ​ដែល​បាន​កើតឡើង​ក្នុង​អំឡុងពេល​ឃោសនា​នយោបាយ​នៅ​ជាយ​ក្រុង Pittsburgh ​ដែល​នៅ​ក្បែរ​នោះ។

ជនឈ្មោះ ​Crooks បានចុះ​ឈ្មោះ​ជា​អ្នក​សាធារណរដ្ឋ​ ប៉ុន្តែ​ក៏បាន​បរិច្ចាគ​វិភាគទានកាលពី​ពេលថ្មីៗ​ចំនួន ​១៥ ​ដុល្លារ ​ដល់​ក្រុមសេរី​និយម​ផងដែរ។​ នេះ​បើយោង​តាម​បញ្ជី​អ្នកបោះឆ្នោត​សាធារណៈ​ដែល​ដកស្រង់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន។

យ៉ាងហោចណាស់​មាន​អ្នក​ចូលរួម​ម្នាក់​បាន​ស្លាប់​ និង​ពីរនាក់​ផ្សេង​ទៀត​បាន​រងរបួសធ្ងន់​នៅក្នុង​ការបាញ់​ប្រហារ​នេះ​ ដែល​បាន​កើតឡើង​នៅក្នុង​ទីធ្លា​ខាងក្រៅ​ដ៏ធំ​ដែល​មិនមាន​អ្វី​បិទបាំង​នៅក្នុង​តំបន់​ជនបទ​មួយ។

ប្រហែល​ប្រាំមួយ​នាទី ​បន្ទាប់ពី​លោក Trump ​ឡើង​ឆាក​ ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់​បាន​បន្លឺ​ឡើង​ ដែល​ជំរុញ​ឱ្យ​អតីត​ប្រធានាធិបតី​ យកដៃ​ស្ទាប​ត្រចៀក​ខាងស្តាំ​របស់​លោក​ ហើយ​បន្ទាប់មក​ដួល​ទៅលើ​ឆាក មុនពេល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងអង្គរក្ស​នៃ​ទីភ្នាក់ងារ​សេវា​សម្ងាត់។

នៅក្នុង​ការបង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ លោក Trump ​បាន​និយាយ​ថា ​លោក​ «មិន​អី​ទេ» បន្ទាប់ពី​ត្រូវ​បាន​បាញ់​ដោយ​គ្រាប់កាំភ្លើង​ដែល​បាន​ទម្លុះ​ផ្នែក​ខាងលើ​នៃ​ត្រចៀក​ខាង​ស្តាំ​របស់លោក។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃសៅរ៍។

មន្ត្រីប៉ូលិស​ឡោមព័ទ្ធ​ទីកន្លែង​រស់នៅ​របស់​ជនសង្ស័យឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ ដែលបានប៉ុនប៉ងធ្វើឃាត​លោក Trump នៅទីក្រុង Bethel Park រដ្ឋ Pennsylvania នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃអាទិត្យ លោក Trump បាននិយាយ​នៅក្នុងសារមួយទៀតថា «សូមអរគុណ​អ្នកទាំងអស់គ្នា ដែលបានគិតដល់ខ្ញុំ និង បន់ស្រន់ជូនខ្ញុំ កាលពីម្សិលមិញ ព្រោះមានតែព្រះជាម្ចាស់​តែម្នាក់គត់ ដែលបានរារាំង​រឿងដែលយើងគិតមិនដល់ មិនឱ្យកើតឡើង។ យើងនឹងមិន «ភិតភ័យទេ‍» ប៉ុន្តែផ្ទុយទៅវិញ យើង​នឹងនៅតែមានជំនឿលើព្រះជាម្ចាស់ និង មិនចុះញ៉ម នៅ​ចំពោះមុខ​អំពើអាក្រក់។

លោក Trump បាននិយាយថា​ លោកទន្ទឹងរង់ចាំ​ការថ្លែងទៅកាន់ប្រទេសជាតិ នៅថ្ងៃព្រហស្បតិ៍ នៅឯ​សន្និបាត​ជាតិ​របស់គណបក្ស​សាធារណរដ្ឋ ដែលនឹងធ្វើនៅទីក្រុង Milwaukee រដ្ឋ Wisconsin នៅពេលដែលលោក​ទទួលការតែងតាំង​ជាផ្លូវការ ជាបេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​សាធារណរដ្ឋ ជាលើកទី៣​ជាប់ៗគ្នា។

យោង​តាម​ការរៀបរាប់​របស់​សាក្សី​ និង​វីដេអូ​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ជន​បាញ់​ប្រហារ​ត្រូវ​បាន​គេ​ឃើញ​កាន់​កាំភ្លើង​ ហើយ​វារ​ឡើង​លើ​ដំបូល​អគារ​ក្បែរ​នោះ​មួយ​សន្ទុះ​ មុនពេល​ការបាញ់​ប្រហារ​ចាប់ផ្តើម។ អ្នក​ឈរ​មើល​ជា​ច្រើន​នាក់បាន​ស្រែកប្រាប់​ឲ្យ​ប៉ូលិសដឹង​។ ​ក្រោយ​មក​ប៉ូលិស​បាន​បាញ់​សម្លាប់​ជន​សង្ស័យ​នោះ។

ឧប្បត្តិហេតុ​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​កម្រិត​នៃ​ការ​ការពារ​របស់​ក្រុម​អង្គរក្ស​នៃ​សេវា​សម្ងាត់​ដែល​ផ្តល់​ដល់​លោក Trump។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋសភាបាន​និយាយ​ថា ​ពួកគេ​នឹង​ចាប់ផ្តើម​ «ការស៊ើប​អង្កេត​ពេញលេញ»​ លើ​ឧប្បត្តិហេតុ​នេះ ​ហើយ​បាន​ស្នើឱ្យ​នាយក​សេវា​សម្ងាត់​អ្នកស្រី​ Kimberly Cheatle ​ចូលរួម​សវនាការ​លើ​បញ្ហា​នេះ។

នៅក្នុង​លិខិត​មួយ​ដែល​បាន​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃសៅរ៍​នៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម X​ គណៈកម្មាធិការ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖​ «ពលរដ្ឋ​អាមេរិកាំង​ទាមទារ​ចម្លើយ​អំពី​ការប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី​ Trump»។

លោក Alex Gray ​អតីត​មន្ត្រី​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump ​បាន​និយាយ​ថា​ ការបាញ់​ប្រហារ​បង្ហាញ​ថា ​ការការពារ​របស់​សេវាកម្ម​សម្ងាត់​របស់​លោក Trump ​គឺ​ «តិចតួច​បើ​ប្រៀបធៀប​ទៅនឹង​ការគំរាម​កំហែង​ដែល​លោក​កំពុង​ប្រឈមមុខ»។

លោក Gray ​បាន​និយាយ​ថា៖ «ពួកគេ​ត្រូវតែ​បង្កើន​ឡើង​ភ្លាមៗ​នូវ​កងអង្គរក្ស​ការពារ​លោក​ទៅដល់កម្រិត​ពេញលេញ​បំផុត​ដែល​អាច​ធ្វើទៅ​បាន​ដូចគ្នា​នឹង​ប្រធានាធិបតី​ដែរ​ គឺ​មិនមែន​ដូច​ជា​អតីត​ប្រធានាធិបតី​ទេ​ ប៉ុន្តែដូចជា​ប្រធានាធិបតី​បច្ចុប្បន្ន»។

កាលពីល្ងាចថ្ងៃសៅរ៍​ លោក Kevin Rojek ​ភ្នាក់ងារ​ពិសេស​នៃ​ទីភ្នាក់ងារ​ FBI​ ទទួល​បន្ទុក​ការិយាល័យ​នៅ​ក្រុង​ Pittsburgh ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ «វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល»​ ដែល​ខ្មាន់​កាំភ្លើង​បាន​បាញ់​បួន​ទៅ​ប្រាំ​គ្រាប់ ​មុនពេល​ជនសង្ស័យត្រូវ​បាន​គេ​បាញ់​សម្លាប់។

លោក​ Trump ​ដែល​ក្រោយមក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋ New Jersey​ បាន​និយាយ​តិចតួច​អំពី​ការប៉ុនប៉ង​ធ្វើឃាត​ ក្រៅពី​ថា​វា​ «មិន​គួរ​ឱ្យ​ជឿ​ទេ​ដែល​ទង្វើ​បែប​នេះ​អាច​កើតឡើង​នៅក្នុង​ប្រទេស​របស់​យើង»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​ប្រតិកម្មលើ​ការ​ប៉ុនប៉ងធ្វើឃាតលើ​អតីតប្រធានាធិបតី​អាមេរិកលោក Donald Trump នៅ​ទីក្រុង Rehoboth Beach រដ្ឋ Delaware កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

កាលពី​ល្ងាច​ថ្ងៃសៅរ៍​ សេតវិមាន​បាន​និយាយ​ថា ​លោក Biden ​បាន​សន្ទនា​នឹងលោក Trump​ ទោះបីជាមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ការសន្ទនា​នេះ​ភ្លាមៗ​ក៏ដោយ។ រដ្ឋបាល​របស់​លោក​ Biden ​ក៏​បាន​និយាយ​ថា ​លោក​ត្រឡប់​ទៅ​សេតវិមាន​វិញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​ ដោយ​មិន​បន្ត​ស្នាក់​នៅ​គេហដ្ឋានរបស់​លោក​ក្នុង​រដ្ឋ​ Delaware ​តាម​ការគ្រោងទុក​ទេ។

ភ្លាមៗបន្ទាប់ពី​ហេតុ​ការណ៍​នេះ ​លោក Biden ​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ ដោយ​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ «អាក្រក់​ណាស់»។

លោក​បាន​ថ្លែង​ថា៖ «អាមេរិក​គ្មាន​កន្លែង​សម្រាប់​អំពើ​ហិង្សា​បែប​នេះ​ទេ។ អាក្រក់​ណាស់។ អាក្រក់​ណាស់។ នេះ​ជា​មូលហេតុ​មួយ​ដែល​យើង​ត្រូវតែ​បង្រួបបង្រួម​ប្រទេស​នេះ។ យើង​មិនអាច​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើតឡើង​បាន​ទេ។ យើង​មិន​អាចធ្វើ​អ៊ីចឹង​ទេ។ យើង​មិនអាច​អត់ឱន​រឿង​នេះ​បាន​ទេ»។

ក្រុម​យុទ្ធនាការ​លោក​ Biden ​ក៏បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ពួកគេ​កំពុង​ «ផ្អាក​ការទំនាក់​ទំនង​ខាងក្រៅ​ទាំងអស់​ និង​ធ្វើការ​ដើម្បី​ដក​ការផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​របស់​យើង​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា​ ការប៉ុនប៉ង​ធ្វើឃាត​នេះ​អាច​ធ្វើ​ឲ្យ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​កំពុង​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំងក្លា ​បង្កើន​វោហាសាស្ត្រ​នយោបាយ​ដ៏​ក្តៅ​គគុក​ និង​ធ្វើឱ្យ​សង្គម​អាមេរិកាំង​កាន់តែ​បែកបាក់​ថែម​ទៀត។

លោក Jacob Ware​ អ្នកស្រាវជ្រាវ​នៅ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស បាន​និយាយថា៖ «នេះ​គឺជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​យ៉ាងខ្លាំងនៅ​អាមេរិក​ ដែល​ជា​ថ្ងៃ​ខ្មៅ​ងងឹត​យ៉ាងខ្លាំងនៅក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។ ​ ​លោក​បាន​និយាយ​បន្ថែម​ថា​៖​ «វា​ប្រហែល​ជា​អំពើ​ហិង្សា​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​បាន​ឃើញ​ចាប់​តាំង​ពី​ការវាយ​ប្រហារភេរវកម្ម​ថ្ងៃ​ទី ៩ ​ខែ​កញ្ញា​មក»។

លោក​បាន​ប្រាប់​ VOA ​ថា​៖ «យើង​កំពុង​និយាយ​អំពី​ការគំរាម​កំហែង​ធ្វើឃាត​ដ៏គួរ​ឱ្យជឿជាក់​មួយ​លើ​អតីត​មេដឹកនាំ​នៃ​ពិភពលោក​សេរី​ ដែល​កំពុង​ធ្វើយុទ្ធនាការ​យ៉ាង​សកម្ម​សម្រាប់​តំណែង​ប្រធានាធិបតី​ ... ​វាពិត​ជា​គួរឱ្យ​ខ្លាច​ និង​គួរឱ្យ​ភ័យ​ព្រួយ​ក្នុង​ការគិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើងបន្ទាប់​ទៀតនៅក្នុង​រឿង​នេះ»។

លោក​សាស្ត្រាចារ្យ​ Casey Burgat​ នៃ​សាកលវិទ្យាល័យ​ George Washington ​បាន​និយាយ​ថា៖ «ថ្ងៃនេះ​ពិភពលោក​បាន​ផ្លាស់ប្តូរ។ ការប៉ុនប៉ង​ធ្វើឃាត​លោក​អតីត​ប្រធានាធិបតី Trump​ នឹង​មិនត្រឹមតែ​មាន​ផលវិបាក​យ៉ាង​ជ្រាលជ្រៅ​លើ​ការបោះឆ្នោត​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​លើ​ស្ថានភាព​នយោបាយ​អាមេរិក​ដ៏​ទូលំ​ទូលាយ​ផងដែរ»។

លោក​បាន​បន្ថែម​ថា៖ «ឧបទ្ទវហេតុ​នេះ​នឹង​ធ្វើឱ្យ​ការបែងចែក​បក្សពួក​កាន់តែ​ជ្រៅ​ឡើង​ ខណៈពេល​ដែល​ក៏​ជំរុញ​ឱ្យ​មាន​កិច្ចសន្ទនា​សំខាន់​លើ​លក្ខណៈ​នៃ​សុន្ទរកថា​នយោបាយ​ និង​អំពើ​ហិង្សា​នៅក្នុង​នយោបាយ​អាមេរិក​សម័យ​ទំនើប»។

លោក​សាស្ត្រាចារ្យ​ Casey Burgat​ ថ្លែង​ទៀតថា៖ «វា​នឹង​មាន​ការចង្អុល​ដាក់​គ្នា​តាម​បន្ទាត់​នយោបាយ​បក្ស​អំពី​របៀប​ និង​មូលហេតុ​ដែល​រឿងនេះ​កើតឡើង​ ប៉ុន្តែ​នៅ​ទូទាំង​វិសាលគម​នយោបាយ​ យើង​នឹង​ឮ​ពីការបដិសេធ​ជារួម​នូវ​អំពើ​ហិង្សា​នយោបាយ​ទាំងអស់។ ខ្ញុំសង្ឃឹម​ថាការបដិសេធ​ចោល​អំពើ​ហិង្សា​នយោបាយ​នឹង​ឈ្នះ»៕​

ប្រែសម្រួល​ដោយ​លោក ម៉ែន គឹមសេង